ភាពយន្ដខ្នាតធំដែលមានចំណងជើងថា « Reset » គឺជាការបើកទំព័ររឿងវិទ្យាសាស្ត្រថ្មីមួយរវាងក្រុមហ៊ុនផលិតកុនចិន សហការជាមួយក្រុមហ៊ុនកូរ៉េ ដែលដឹកនាំការផលិត និងដឹកនាំរឿងដោយលោក Jackie Chan ហៅ ឈិន ឡុង និងអ្នកដឹកនាំរឿងកូរ៉េ លោក Chang ព្រមទាំងមានវត្តមានតារាសម្ដែងស្រីល្បីឈ្មោះគឺនាង Mini Yang និងតារាឯកប្រុស Wallace Huo។
Reset ជាខ្សែភាពយន្ដដែលនិយាយអំពីស្រីមេម៉ាយកូនមួយម្នាក់ ដែលមានការងារជាជំនួយការស្រាវជ្រាវបច្ចេកវិទ្យាម្យ៉ាង ដែលជួយឱ្យមនុស្សវិលត្រឡប់ទៅរកអតីតកាលវិញបាន។ ថ្ងៃមួយកូនប្រុសរបស់នាង Dou Dou ត្រូវបានបុរសអាថ៌កំបាំងម្នាក់ (Wallace Huo) ចាប់ជំរិត ហើយបង្ខំឱ្យនាងប្រគល់គម្រោងការស្រាវជ្រាវឱ្យទៅគេ។ នាងបានផ្សងនឹងគ្រោះថ្នាក់ធ្វើដំណើរត្រឡប់ទៅអតីតកាលវិញរយៈពេល 1 ម៉ោង និង 50 នាទីមុនរឿងហេតុកើតឡើង ហើយសង្ឃឹមថា នឹងជួយកូននាងទាន់ពេលវេលា។
ផលិតករខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រលោក Jackie Chan បានរៀបរាប់ថា ការបង្វិលពេលវេលារបស់រឿង Reset គឺជាការបើកទំព័រថ្មីមួយរវាងក្រុមហ៊ុនផលិតកុនចិន និងកូរ៉េ ចាប់ដៃគ្នាសហការ។ មិនតែប៉ុណ្ណោះលោក Chang ផលិតករកូរ៉េ ក៏បាននិយាយដែរថា រឿងនេះនឹងមានសម្ទុះលឿនដូចជាការផ្លាស់ប្ដូរកាយវិការដ៏រហ័សរបស់ Jackie Chan ហើយក៏រំពឹងទុកថា និងកើបលុយមិនក្រោម 25 លានដុល្លារដូចកាលពីឆ្នាំ 2013 ផងដែរ៕