មង្គលការតារាសម្ដែងរូបស្រស់សោភាអ្នកនាង ម៉ាក សែនសូនីតា ឬ ហៅថា តូតា ត្រូវបានបញ្ចប់ហើយនារាត្រីថ្ងៃទី ១៦ នេះនៅសណ្ឋាគារសុខា លំដាប់ផ្កាយ៥ ត្រើយខាងកើត ក្រោមវត្តមានភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈចូលរួមយ៉ាងច្រើនកុះករដល់ថ្នាក់ធ្វើឱ្យកូនក្រមុំ និងកូនកំលោះញញឹមបិទមាត់មិនជិតនោះទេ។
ថ្ងៃចូលរោងការបញ្ចប់ភាពនៅលីវនេះដែរអ្នកនាង តូតា បានគ្រងរ៉ូបពណ៌សមួយឈុតយ៉ាងស្រស់ស្អាតជាមួយស្នាញញឹមដ៏ស្រស់ប្រឹមប្រិយ៍ដឹកដៃស្វាមីដើរទៅសំដៅលើឆាកដើម្បីថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួម។ វត្តមាន តូតា និងស្វាមីដឹកដៃគ្នាឡើងទៅលើឆាកនេះដែរ បានធ្វើឱ្យអ្នកចូលរួមក្នុងពិធីស្រែកហ៊ោយ៉ាងខ្លាំងជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់ថា ស្រស់ស្អាតស័ក្ដិសមគ្នាខ្លាំងណាស់គូស្វាមីភរិយាមួយគូនេះ មិនខុសពីព្រះនាង និងរាជបុត្រក្នុងរឿងនិទាននោះទេ៕