ខណៈដែលមនុស្សម្នាទូទាំងពិភពលោកកំពុងនាំគ្នាប្រមូលទិញក្រដាសអនាម័យ និងចំណីអាហារស្តុកទុក ក្រោមការភ័យខ្លាចមេរោគវីរុសCOVID-19 ដែលកំពុងឆ្លងរាលដាលខ្លាំងនេះ ជនជាតិអាមេរិកាំងមួយចំនួន បែរជានាំគ្នាទៅតម្រង់ជួរចាំទិញកាំភ្លើងទៅវិញ។
នៅលើបណ្ដាញសង្គមអនឡាញ មានរូបភាព និងឃ្លីបវីដេអូដែលបង្ហាញពីជនជាតិអាមេរិកបានទៅឈរតម្រង់ជួរបន្តកន្ទុយគ្នានៅខាងមុខហាងលក់កាំភ្លើង ដូចជាឃ្លីបដែលអ្នកស្រី អេមីលៀ អាដាមស៍ អ្នកយកព័ត៌មានរបស់ Nine News បាននាំយកមកធ្វីតខាងក្រោមនេះ ជារូបភាពដែលអតិថិជនកំពុងឈរបន្តគ្នាលើចិញ្ចើមថ្នល់ ដើម្បីរង់ចាំចូលហាងលក់កាំភ្លើងក្នុងទីក្រុងឡូសអ៊ែនជើលេស ប្រវែងជាង 10ម៉ែត្រពីមាត់ទ្វារចូលហាង។
អ្នកស្រី អេមីលៀ បានសរសេរថា អ្នកឈរតម្រង់ជួរទាំងនោះបានប្រាប់អ្នកស្រីថា ពួកគេភ័យខ្លាចចំពោះអ្វីដែលនឹងកើតឡើង បើសិនជាអាហារ និងវត្ថុចាំបាច់ផ្សេងៗមានការខ្វះខាត ឬលែងមានលក់ ទើបពួកគេត្រូវត្រៀមការពារក្រុមគ្រួសាររបស់ពួកគេជាមុន។
អ្នកប្រើធ្វីតធើរម្នាក់ទៀត បានស៊ែរឃ្លីបបង្ហាញពីទិដ្ឋភាពខាងក្នុងហាងមួយកន្លែង ដែលគេដឹងថា នៅក្នុងរដ្ឋកាលីហ្វ័រនៀដូចគ្នា ដែលមានអតិថិជនជាង 20នាក់កំពុងចោមរោមទិញគ្រាប់កាំភ្លើង។
ទូរទស្សន៍ CBSN បានរាយការណ៍ថា ចំនួនលក់កាំភ្លើងនៅតំបន់សាន ហ្គាប្រៀល វ៉ាលលេយ៍ ក្នុងរដ្ឋកាលីហ្វ័រនៀ បានកើនឡើងយ៉ាងខ្លាំង និងតាមរយៈការសម្ភាសជនជាតិអាមេរិកាំងសែស្រឡាយអាស៊ីជាច្រើននាក់ បានឱ្យដឹងថា ពួកគេកំពុងមានការភ័យខ្លាចថា ពួកគេអាចនឹងក្លាយជាមុខសញ្ញានៃការស្អប់ខ្ពើមខាងជាតិសាសន៍ ខណៈវីរុសកំពុងឆ្លងរាតត្បាតខ្លាំងបែបនេះ៕
ប្រភព៖ សារព័ត៌មានបរទេស