Skip to content

គ្រាន់តែបញ្ចាំងសាកល្បង «ព្រលឹងល្បុក្កតោ»ទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីស្ថាប័នព័ត៌មានក្នុងស្រុក!

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅរោងភាពយន្ត Prime Cineplex សាខាSamai Square មានប្រារព្ធពិធីចាក់ បញ្ចាំងខ្សែភាពយន្តរឿង «ព្រលឹងល្បុក្កតោ» ដែលជាសាច់រឿងបែបវាយប្រហារ ក្បាច់គុណបុរាណ តែបង្កប់នូវស្នេហា និងមនោសញ្ចេតនាស៊ីជម្រៅ។ ក្នុងកម្មវិធីនោះដែរ មានការអញ្ជើញចូលរួមជាពិសេសពីអ្នកសារព័ត៌មានក្នុងស្រុករាប់សិប ស្ថាប័ន ផលិតករ អ្នកដឹកនាំរឿង តួសម្តែងសំខាន់ៗក្នុងរឿង ក៏ដូចជាភ្ញៀវកិត្តិយសមួយចំនួនទៀតផងដែរ។  

ក្នុងឱកាសនោះ លោកគ្រូតា ព្រឹទ្ធាចារ្យក្រមាមាស «សាន គឹមស៊ាន» អ្នកដឹកនាំរឿង «ព្រលឹងល្បុក្កតោ» បានមាន ប្រសាសន៍ថា៖ «សាច់រឿងទាំងមូលគឹឆ្លុះបញ្ចាំងពីរបៀបហ្វឹកហាត់គុណបុរាណ និងវិភាគពីចរិតមនុស្ស ដែលមិនអាច មើលតែសំបកក្រៅនោះទេ។ មួយវិញទៀត ខ្ញុំបាទរង់ចាំមតិយោបល់កែលម្អពីប្រិយមិត្តខាងព៏ត៌មាន និងទស្សនិកជន ដោយក្តីរីករាយ ព្រោះថានេះជាស្នាដៃដំបូងដែលខ្ញុំបាទផ្ទាល់បានដឹកនាំខ្លួនឯង ដោយសហការជាមួយការីថត និងកាត់ត ចំណាន គឺលោក សុង សូរភក្តី។»

សម្រាប់ឯកឧត្តម «តឹក ង៉ូយ» ដែលសាធារណជនមួយចំនួនហៅគាត់ថា «ស្តេចនំដូណាត់» និងជាផលិតករ ក៏ដូចជា អ្នកឧបត្ថម្ភខ្សែភាពយន្តគុននិយមនេះវិញ៖ «ទោះបីខ្ញុំមានជំនាញខាងខ្សែភាពយន្តតិចតួចយ៉ាងណាក្តី ខ្ញុំសូមកោតសសើរ ដល់លោកគ្រូគឺមស៊ាន ដែលពុះពារលើកតម្កើងក្បាច់គុនល្បុក្កតោរបស់ខ្មែរ។ នេះហើយជាដួងព្រលឹងមួយរបស់ជាតិ យើង ដែលខ្មែរយើងគ្រប់គ្នាគួរយកលំនាំតាម»។

រីឯលោកយឹម លីនហោស​ ប្រធានផ្នែកប្រតិបត្តរោងភាពយន្ត Prime Cineplex​វិញ បានបញ្ជាក់ថា៖ «ជាការពិត ណាស់ រោងភាពយន្តយើងខ្ញុំប្រកាន់គោលជំហរគាំទ្រស្នាដៃខ្មែរ ជាពិសេសគឺរឿង «ព្រលឹងល្បុក្កតោ» នេះឯង។»

ដូច្នេះសូមទស្សនិកជនទាំងអស់កំុភ្លេច ទៅទស្សនារឿង «ព្រលឹងល្បុក្តតោ» នៅគ្រប់រោងភាពយន្តទំនើបក្នុងស្រុក ដើម្បី លើកតម្លៃវប្បធម៌ក្បាច់គុនខ្មែរ និងគាំទ្រអ្នកហាត់គុននេះឱ្យមានអាជីពភ្លឺស្វាង មិនថាជាកីឡា ឬការសម្តែងភាពយន្តទេ។ ខ្សែភាពយន្តនេះ នឹងចាក់ បញ្ចាំងផ្លូវការជូនទស្សនិកជន ចាប់ពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០នេះតទៅ។

សង្ខេបរឿង

នៅភូមិដាច់ស្រយាល១កន្លែង ប្រជារាស្ត្រតែងត្រូវក្រុមចោរ «តោកំណាច» យាយី​ និងកាប់សម្លាប់ ប្លន់យកទ្រព្យ សម្បត្តិ។ ក្រោយពីលោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញទ្រព្យសម្បត្តិត្រូវបាត់បង់អស់ ភូមិក៏ត្រូវដុតចោលទៀត ប្រពន្ធគាត់ក៏ត្រូវសម្លាប់ ដោយបន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយមកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពីលោកគ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើន ឆ្នាំកន្លងផុតមក ពេលកូនគាត់ពេញវ័យ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ លើកនេះអ្នកភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំងម្នាក់នោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *