Skip to content

Manchester City ចុះហត្ថលេខា​ជាមួយ Danilo មកពីក្លិប Real

ក្លិបយក្ស​អង់គ្លេស Manchester City បាន​បំពេញ​ការចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែការពារ Danilo របស់​ក្លិប​អេ​ស្ប៉ាញ Real Madarid ក្នុង​តម្លៃ​ខ្លួន​មួយ​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា មាន​ចំនួន​26.5​លានផោន (ស្មើ​នឹង​34.4​​លាន​​ដុល្លារ​អាមេរិក)​​។

ខ្សែ​ការ​ពារ​អន្តរ​ជាតិប្រេស៊ីល​វ័យ​26​ឆ្នាំ​រូបនេះ បាន​ចុះហត្ថលេខា​រយៈ​ពេល​5​ឆ្នាំ ហើយ​នឹង​ត្រូវ​ចូល​រួម​ជាមួយនឹង​ក្លិប Man City ក្នុង​ដំណើរ​ប្រកួតមុន​បើក​រដូវកាល​របស់​ពួក​គេនៅលើ​ទឹក​ដី​សហ​រដ្ឋ​អាមេ​រិក​។ Danilo អាច​លេង​បានក្នុង​តំបន់​ការ​ពារ​ស្លាប​ទាំង​​សង​ខាង ក៏ដូច​ជា​តំបន់​បម្រើការ​ពារ និង​ជា​កីឡាករ​ចំណូលថ្មី​ទី​4​របស់​ក្លិប Man City នៅ​រដូវក្តៅ​នេះ​។ Danilo បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​រីករាយណាស់​ក្នុងការ​បានចូល​រួម​ជាមួយនឹងក្លិប Manchester City​។ មាន​នូវការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្លិប​ផ្សេងទៀតដែរ  ប៉ុន្តែវា​តែង​តែ​ជា​មហិច្ឆ​តា​របស់​ខ្ញុំ​ក្នុង​ការលេង​ឲ្យ​លោក Pep Guardiola​។ ការ​ផ្ទេរ​របស់ Danilo នឹង​ត្រូវ​រង់​ចាំ​រហូត​ទាល់​​តែ​​រូប​គេ​ទទួល​បាន​សៀវ​ភៅ​ការ​ងារ​ឲ្យ​ធ្វើការ​ជាមុន​សិន ដែលមាន​ន័យ​ថា​ រូប​គេ​ប្រហែល​ជាមិន​អាច​បង្ហាញ​ខ្លួន​ជាលើក​ទី​1​របស់គេ​​បាន​ឡើយ នៅពេល​ដែល Man City ត្រូវ​ប្រកួត​ជាមួយនឹង​អតីតក្លិប​របស់​គេ​គឺ Real Madrid នៅ​ថ្ងៃ​ពុធ ខាងមុខនេះ ក្នុង​ទីក្រុង Los Angeles​។ អតីតកីឡាករ​របស់ក្លិប Santos រូបនេះបាន​ចូល​រួម​ជាមួយ​នឹង Real Madridដោយចេញពីក្លិប Porto កាលពីឆ្នាំ​2015 ប៉ុន្តែ បាន​ចូល​លេងក្នុង​ក្រប​ខ័ណ្ឌ La Liga ត្រឹម​តែ​17​ប្រកួត​ប៉ុណ្ណោះ កាល​ពី​រដូវ​កាលមុន​។

ក្នុង​រយៈ​ពេល​2​ឆ្នាំ​របស់​គេ​នៅ​ឯកីឡដ្ឋាន Bernabeu រូប​គេ​បាន​ឈ្នះ​ពាន La Liga  ពានChampions Leagues 2លើក ពាន​ Uefa Super Cup និង​ពាន Fifa Club World Cup​​។ លោក Guardiola តែង​តែ​មាន​គោលបំណង​ចង់​បាន​ខ្សែ​ការ​ពារ ក្រោយ​ពី​បាន​អនុ​ញ្ញាត​ឲ្យកីឡាករ Gael Clichy, Pablo Zabaleta និង Bacary Sagna ចាក​ចេញកាលពី​​ចុង​រដូវកាលមុន​៕

ប្រភព​ពី៖ BBC

Leave a Reply

Your email address will not be published. Required fields are marked *