ភ្នំពេញ៖ គិតត្រឹមឆមាសទី1ឆ្នាំ2017 ចំនួនទ្រព្យសកម្មក្នុងវិស័យធនាគារមានកំណើនដល់150% នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ប្រាក់បញ្ញើមានកំណើនដល់85%នៃផ.ស.ស ហើយឥណទានទៅកាន់វិស័យឯកជនបានកើនឡើងដល់92% នៃផ.ស.ស។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍នៅក្នុងឱកាសបូកសរុបលទ្ធផលការងារប្រចាំឆមាសទី1 និងទិសដៅការងារសម្រាប់ឆមាសទី2 ឆ្នាំ2017 នៅព្រឹកថ្ងៃទី22 ខែកក្កដានេះថា បើយោងតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ការអភិវឌ្ឍវិស័យធនាគាររបស់កម្ពុជាក្នុងតំណាក់កាលបច្ចុប្បន្ននៅតែបន្តជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្នតាមតំណាក់កាលជាបន្តបន្ទាប់ ស្របតាមស្ថានភាពជាក់ស្តែង ព្រមទាំងពង្រឹងការត្រួតពិនិត្យវិស័យធនាគារ ជាពិសេសផ្អែកលើហានិភ័យ និងទស្សនៈអនាគតសំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ម្យ៉ាងទៀតប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវបានពង្រឹង និងធ្វើឱ្យប្រសើរឡើងដើម្បីរួមចំណែកក្នុងការកាត់បន្ថយហានិភ័យឥណទាន និងបង្កើនតម្លាភាព។ លើសពីនេះគម្រោងការពារអ្នកដាក់ប្រាក់បញ្ញើក៏កំពុងត្រូវបានអភិវឌ្ឍសម្រាប់ពង្រឹងជំនឿទុកចិត្តរបស់អ្នកដាក់ប្រាក់បញ្ញើក្នុងវិស័យធនាគារបន្ថែមទៀតដែរ។
ដើម្បីជួយសម្រួលបន្ទុករបស់ប្រជាពលរដ្ឋឱ្យទទួលបានឥណទានក្នុងតម្លៃសមរម្យសម្រាប់បង្កបង្កើនផល និងពង្រីកអាជីវកម្មផ្សេងៗទប់ស្កាត់បំណុលវណ្ឌក និងចៀសវាងព្រឹទ្ធិកម្មរបស់គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនតូច ធនាគារជាតិនៃកម្ពុជាបានសម្រេចដាក់ពិដានអត្រាការប្រាក់ 18% ចំពោះឥណទានដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទនៅកម្ពុជាក្រោយពីបានសិក្សាយ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយពីផលប៉ះពាល់។ ការដាក់ពិដាននេះក៏មានចេតនាជំរុញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានទាំងនោះបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មតាមរយៈការកាត់បន្ថយចំណាយ ឬការច្របាច់បញ្ចូលគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមឆមាសទី1នេះប្រជាជនពេញវ័យប្រមាណជា54% នៃប្រជាជនពេញវ័យសរុបកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលមានដូចជា សេវាដាក់ប្រាក់បញ្ញើឥណទាន ទូទាត់ និងភតិសន្យាហិរញ្ញវត្ថុ៕