ពិធីសម្ពោធមហោស្រពភាពយន្តអន្តរជាតិកម្ពុជាហៅកាត់ថា “CIFF” លើក ទី១០បានចាប់ផ្តើមយ៉ាងជោគជ័យ កាលពីល្ងាចថ្ងៃទី១៣ មីនា នៅឯសាលមហោស្រពចតុមុខក្នុងរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានចូលរួមដោយផលិតករភាពយន្ត និងអ្នកមានបទពិសោធន៍ក្នុងវិស័យនេះ ពីបណ្តាប្រទេសជាច្រើន ជាពិសេសគឺវត្តមានឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផងដែរ។ នេះក៏ជាឱកាសដ៏ល្អ សម្រាប់អ្នកជំនាញខាងភាពយន្ត ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ហើយអាចប្រកួតប្រជែងលើឆាកអន្តរជាតិផងដែរ។
ផលិតករ អ្នកដឹកនាំភាពយន្ដ និងអ្នកផលិតភាពយន្ដវ័យក្មេង ម្នាក់ៗសុទ្ធតែអះអាងថា ពិធីបើកមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី ១០ នេះ គឺពិតជាកម្លាំងបណ្ដាលចិត្តមួយសម្រាប់ពួកគេ និងជាការស្វែងយល់ពីទីផ្សារភាពយន្ដនៅក្នុងចិត្តអ្នកទស្សនា។ ក្នុងបរិយាកាសនៃការជួបជុំដ៏អ៊ូអរនេះ បានធ្វើឱ្យតារាភាពយន្តល្បីៗនៅក្នុងប្រទេសកម្ពុជា រួមទាំងផលិតករ និងភ្ញៀវកិត្តិយសចូលរួម បង្ហាញក្តីសោមនស្សរីករាយ ជាមួយនឹងឱកាសដ៏ល្អនៃការទស្សនាការចាក់បញ្ចាំងខ្សែភាពយន្តពិសេសៗជាច្រើនចំណងជើងដែលខុសប្លែកពីឆ្នាំមុនៗ។
សូមជម្រាបផងដែរថា ក្រៅពីជំនួបអ្នកស្រឡាញ់ភាពយន្ដ និងផលិតករហើយ អ្វីដែលពិសេសបំផុតនៅក្នុងឆ្នាំនេះ ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈល្ខោនខោល ពីក្រុមយុវជនល្ខោនខោលកម្ពុជា និងការលេងតន្រ្តីព្យាណូពិសេសពីសិល្បករបរទេស២រូប ដើម្បីជាការរម្លឹកដល់ស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្តេចព្រះរាជបុត្រី ព្រះរៀមបុប្ផាទេវី ដែលទ្រង់បានខិតខំប្រឹងប្រែងដើម្បីជាតិអំពីសិល្បៈរបាំព្រះរាជទ្រព្យ ក្នុងវេលាទ្រង់នៅមានព្រះជន្ម។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ កំពុងបើកទ្វាភាពយន្ដចាំអ្នកទស្សនាមកផ្ដល់កម្លាំងចិត្តជាបន្ដ ដែលមានទីតាំងបញ្ចាំងនៅតាមរោងភាពយន្តធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជា រោងភាពយន្ត LEGEND, រោងភាពយន្ត MAJOR CINEPLEX, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, សណ្ឋាគារ ROSEWOOD និង THE CIFF VILLAGE នៅផ្សារទំនើប EXCHANGE SQUARE ពីថ្ងៃបើករហូតដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០៕