
អ្នកណានិយាយថា ធ្វើដំណើរកម្សាន្ដទៅប្រទេសឥណ្ឌា ជារឿងពិបាក មិនគួរឱ្យចាប់អារម្មណ៍នោះ? នៅពេលនេះ ឡារ៉ែន សូមឱ្យអ្នកត្រៀមខ្លួនរៀបចំវ៉ាលី កាបូបស្ពាយស្អាតៗរបស់អ្នក ហើយធ្វើដំណើរកម្សាន្ដ និងស្គាល់អំពីតំបន់ទេសចរណ៍ស្អាតៗនៅប្រទេសឥណ្ឌា ដែលជាប្រទេសនៃកំណើតសាសនា។ ជាមួយនឹងកន្លែងទេសចរណ៍ទាំង12តំបន់នៅប្រទេសឥណ្ឌា ងាយស្រួលទៅ និងថតរូបស្អាតៗ ស្ពាយកាបូបតូចៗ ចាយថវិកាអស់តិច ហើយរីករាយប្លែកនៅក្នុងអារម្មណ៍។ តើអ្នកត្រៀមខ្លួនហើយឬនៅ? ដឹងទេថា យើងនឹងទៅកាន់ទៅកន្លែងណាខ្លះ? តោះចេញដំណើរ!!
ជាបឋម ឡារ៉ែន សូមពន្យល់ជាមុនថា 12ទីតាំងនេះគឺពិតជាស្រស់ស្អាត ទីកន្លែងដែលនាំមកនូវភាពរីករាយ និងគួរឱ្យចាប់អារម្មណ៍បំផុត។ ជាទីតាំងស្ថាបត្យកម្មអស្ចារ្យបំផុតលំដាប់ពិភពលោក ហើយប្រហែលជាមានភ្ញៀវទេសចរខ្លះបានស្គាល់ហើយតាមរយៈរូបភាព។ របៀបរស់នៅរបស់ប្រជាជនហាក់បីដូចជាប្លែកភ្នែកបន្ដិច តែមើលទៅសប្បាយរីករាយណាស់។ តម្លៃទំនិញ និងវត្ថុអនុស្សាវរីយ៍ក៏សមល្មមទទួលយកបានសម្រាប់ភ្ញៀវទេសចរ។ តោះកុំឱ្យខាតពេលយូរ មកស្គាល់ពីទីតាំងដែលយើងនឹងទៅទាំងអស់គ្នា។
1. ព្រះបរមរាជវាំង Hawa mahal
យើងនឹងចាប់ផ្តើមពីកន្លែងនេះដំបូងគេ គឺនៅមុខព្រះបរមរាជវាំង Hawa mahal មានខ្យល់ត្រជាក់ល្ហឹមៗ ហើយគយគន់ក្បូរក្បាច់រចនានៃវិមានអាកាសនេះ ជាវិមានដែលត្រូវបានបង្កើតឡើងវិញពីរូបរាងនៃមកុដរបស់ព្រះវិស្ណុ។ កាន់តែពិសេសទៀតនោះ ស្ថិតនៅកណ្តាលទីក្រុងJaipur យើងអាចអង្គុយទទួលទានកាហ្វេ និងអាហារប្លែកៗជាច្រើនមុខ ដែលចម្អិនដោយប្រជាជនឥណ្ឌានៅទីក្រុងនោះ និងអាចថតរូបចំពីមុខព្រះបរមរាជវាំងតែម្ដង។ ខ្ញុំចូលចិត្តនំរ៉ូទី..ហិហិ… !

2. រាជដំណាក់ ឬ City Palace
បន្ទាប់ពីថតរូបស្អាតនៅវិមានអាកាសហើយ យើងបន្ដដើរជាមួយគ្នាទៅកាន់រាជដំណាក់នៅកណ្ដាលរាជធានី ដែលគេច្រើនហៅថា City Palace។ យើងអាចនិយាយបានថា គ្រាន់តែឃើញជញ្ជាំងព័ទ្ធជុំវិញ ព្រះបរមរាជដំណាក់ យើងគិតថា អ្នកអាចថតរូបបាន10ប៉ុស្ដិ៍ប្លែកៗផ្សេងគ្នា។ លើសពីនេះទៅទៀតនៅទីនេះក៏មានលក្ខណៈប្លែកដាច់ពីគេផងដែរ។
3. ទ្វារ Patrika
ទីតាំងទ្វារនេះ គឺស្ថិតនៅរង្វង់មូល Jawahar គ្មាននរណាម្នាក់ចង់រំលងទីតាំងថតរូបមួយនេះ នោះទេ។ គ្រាន់តែថតរូបនៅចន្លោះទ្វារ ក៏រូបភាពផ្ដិតចេញមកស្អាតដែរ ចុះទម្រាំងតែអ្នកថតរូបអាជីពទៀត តើស្អាតដល់កម្រិតណា? អាចនិយាយបានថា ប្លង់ហ៊្សូម គឺលំដាប់ជាប់ចិត្តតែម្ដង។
4. ហាង Café Palladio
ជឿជាក់ថា ដំណើរកម្សាន្ដ2-3កន្លែងមកនេះបានធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់អស់កម្លាំងបន្តិចហើយ អ៊ីចឹងគឺសមល្មមដល់ ពេលរកអីញ៉ាំបន្តិចហើយមែនទេ! ហាង Café Palladio ជាហាងកាហ្វេដែលមានឈ្មោះល្បីប្រចាំទីក្រុងតែម្ដង វាក៏មានបញ្ជីរាយមុខម្ហូបអាស៊ីសម្រាប់អ្នកជ្រើសរើស ឬបែបឥណ្ឌា និងបែបអ៊ីតាលីក៏មានជាច្រើនដែរ។ សម្រាប់អ្នកស្រឡាញ់សិល្បៈគំនូរ ទីនេះគឺស័ក្ដសមបំផុតសម្រាប់រូបអ្នក។
5. ស្ថាបត្យកម្ម Amer Fort
កន្លែងបន្ទាប់ដែលយើងចង់ណែនាំគឺ ស្ថាបត្យកម្មប៉មប្រាសាទ Amer យើងអាចនិយាយបានថា ប្រសាទនេះពិតជាប្រាសាទដ៏អស្ចារ្យណាស់នៅក្នុងប្រទេសឥណ្ឌា។ នៅប៉មខាងមុខមានបឹងមួយឈ្មោះថា Maota អាចឱ្យភ្ញៀវទេសចរថតរូបឆ្លុះក្នុងទឹកបឹងដ៏ថ្លាឈ្វង់ដូចកញ្ចក់បានទៀតផង។ ហើយជាពិសេសប្រសិនបើអ្នកមានជំនឿចង់បានលាភសំណាង នោះគេនឹងធ្វើការព្រលែងសត្វព្រាបឱ្យហោះ ដើម្បីរំដោះកម្មពារផងដែរ។
6. Panna Meena Ka Kund Stepwells
វាគឺជាអាងស្តុកទឹកបុរាណមួយកន្លែង ដែលមានជណ្តើរជាច្រើនកាំចុះទៅស្រះទឹកខាងក្រោម។ ប្រសិនបើភ្ញៀវទេសចរចង់ថតរូបកម្សាន្ដនៅជណ្ដើរខាងក្រោមនោះ អ្នកត្រូវបង់លុយឱ្យមន្ត្រីអភិរក្សចំនួន100 រូពី ជាតម្លៃសម្រាប់មនុស្សម្នាក់។
7. ប្រាសាទ Srijagat Siromaniji
នៅក្បែរអាងទឹកបុរាណនោះគឺមានប្រាសាទមួយឈ្មោះថា Srijagat Siromaniji ជាប្រាសាទមានវ័យចំណាស់បំផុត។ ឡារ៉ែន ចង់ណែនាំឱ្យអ្នកឡើងទៅថតរូបនៅក្នុងប្រាសាទនោះ ព្រោះវាមានក្បាច់រចនាយ៉ាងវិចិត្របំផុត ដែលបង្ហាញពីភាពអស្ចារ្យនៃស្ថាបត្យកម្មបុរាណរបស់ប្រទេសឥណ្ឌា។
8. កំផែងយាមមហានគរ Nahargarh
កំផែងនេះមានទីតាំងស្ថិតនៅលើភ្នំ Aravalli បើភ្ញៀវទេសចរឡើងទៅដល់ គឺអាចគយគន់ទេសភាពនៃក្រុងទាំងមូលតែម្ដង។ បើឡើងនៅពេលថ្ងៃ វារៀងក្ដៅបន្ដិច ដូច្នេះអ្នកអាចឡើងកំផែងនេះនៅពេលរសៀល ថ្ងៃរៀបលិច គឺពិតជាពេលវេលាសមរម្យបំផុត។
9. ព្រះរាជដំណាក់កណ្ដាលទឹក Jal Mahal
យើងអាចនិយាយបានថា វាពិតជាចម្លែក និងមានតម្លៃខ្លាំងណាស់ ព្រោះថាតាមផ្លូវចុះពីកំផែង Nahargarh យើងនឹងមើលឃើញព្រះរាជដំណាក់កណ្ដាលទឹក Jal Mahal ដែលគេសង់នៅកណ្ដាលទន្លេតែម្ដង។ ទិដ្ឋភាពនៃវិមាននៅកណ្តាលទឹកនេះ ធ្វើឱ្យយើងនឹកគិតថា ប្រាសាទនេះអាចនឹងលិចទឹក នៅពេលទឹកឡើងខ្លាំង។ តែជាក់ស្ដែង នីវូទឹកគឺកាន់តែធ្វើឱ្យគ្រឹះរបស់ប្រាសាទមានភាពជាប់មាំបានរាប់ពាន់ឆ្នាំទៅវិញទេ។
10. Old Town
មកទីក្រុងនេះមិនគួររំលងក្នុងការដើរទស្សនាទីក្រុងវ័យចំណាស់ ថតរូបស្អាត និងដំណើរស្វែងរកអគារបុរាណពណ៌ខៀវនោះទេ។ សូមបង្ហើបប្រាប់បន្ដិចថា មិនត្រឹមតែជាអគារមានសោភ័ណ្ឌភាពស្អាតនោះទេ ទីក្រុងចាស់នេះថែមទាំងមានអាកាសធាតុមនោរម្យទៀតផង ត្រឹម10-18 អង្សារតែប៉ុណ្ណោះ អាចនិយាយបានថា ញើសគ្មានផ្លូវហូរចេញពីខ្លួនយើងបាននោះទេ គឺត្រជាក់ស្រួលតែម្ដង។
11. Toorji Ka Jhalra
ប្រសិនបើអ្នកជាអ្នកគាំទ្ររឿង Ben10 ច្បាស់ជាស្គាល់ទីតាំងកន្លែងនេះជាក់ជាមិនខាន។ ទីនេះត្រូវបានក្លាយជាទីតាំងពេញនិយមក្នុងការថតខ្សែភាពយន្ដខ្នាតធំ និងភាពយន្ដបែបដំណើរផ្សងព្រេង ព្រោះថា ស្ថានីយទេសចរណ៍មួយនេះមានចំនុចពិសេសត្រង់ថា ជណ្ដើររាប់ម៉ឺនកាំដែលអ្នកបានឃើញដូចក្នុងរូបនោះ មិនត្រូវបានអនុញ្ញាតិឱ្យគិតកំរៃពីភ្ញៀវទេសចរឡើយ និងអាចហែលទឹកលេងកម្សាន្ដនៅអាងខាងក្រោមបានថែមទៀតផង។
12. វិហារ TAJ MAHAL
នៅពេលដែលអ្នកដើរចូលទៅក្នុងវិហារ TAJ MAHAL ដំបូង ប្រម៉ាណនៅវេលាម៉ោង06 និង 30នាទីព្រឹក នោះអ្នកនឹងបានឃើញរូបភាពដ៏ស្រស់ស្អាតនៃវិហារនេះបានផុសឡើង ប្រកបដោយបរិយាកាសត្រជាក់ក្នុងកម្រិត 7អង្សា គួរឱ្យដក់ចិត្តជាខ្លាំង។ នៅពេលដែលអ្នកបានឃើញវិហារ TAJ MAHAL ហ៊ុមព័ទ្ធដោយផ្សែងអ័ព្ទ នោះអ្នកនឹងឈរនៅស្ងៀមទ្រឹងសម្លឹងមើលទៅកាន់វិហារ ហើយគិតក្នុងចិត្តថា នេះជាឋានសួគ៌បមែនទែ!៕


