កងទ័ពអវកាសសហរដ្ឋអាមេរិក ចាប់ផ្ដើមបំពាក់ប្រព័ន្ធរំខាន និងប្រឆាំងទៅនឹងទំនាក់ទំនងនៃផ្កាយរណបរបស់សត្រូវ ដែលនេះជាលើកដំបូងហើយដែលកងទ័ពអវកាសកាន់កាប់អាវុធវាយលុកដ៏ទំនើប។
ពិធីប្រគល់ និងបំពាក់ប្រព័ន្ធប្រឆាំងនឹងប្រព័ន្ធទំនាក់ទំនង ដែលហៅកាត់ថា CCS (Counter Communication System) ត្រូវបានធ្វើឡើងកាលពីថ្ងៃទី12មីនាកន្លងទៅ នៅក្នុងបន្ទាយទ័ពអាកាស Peterson របស់សហរដ្ឋអាមេរិក។ “CCS គឺជាអាវុធវាយប្រហារតែមួយគត់ នៅក្នុងកងទ័ពអវកាសសហរដ្ឋអាមេរិក។ នេះគឺជាកំណែបន្ថែមដ៏សំខាន់ ជាមួយនឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ព” នេះជាសម្ដីរបស់ Steve Brogan ប្រធានការិយាល័យប្រព័ន្ធប្រយុទ្ធនៃអង្គភាពគ្រប់គ្រងគម្រោងពិសេសរបស់កងកម្លាំងអវកាសសហរដ្ឋអាមេរិក ដែលបានថ្លែងនៅក្នុងពិធីខាងលើ។
CCS បានបង្ហាញខ្លួនជាលើកដំបូងក្នុងទ័ពអាកាសអាមេរិកាំង ចាប់ពីឆ្នាំ2004។ កំណែថ្មីរបស់វា គឺ CCS Block 10.2 មានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារ ទៅតាមការចង់បានរបស់សហរដ្ឋអាមេរិក ហើយបន្ទាប់មក វាក៏ត្រូវបាននាំយកមកប្រើប្រាស់ក្នុងជួរកងទ័ពអវកាស។
មុខងារសំខាន់របស់ប្រព័ន្ធអាវុធខាងលើនេះ មិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ ក៏ប៉ុន្តែ អាវុធនេះ ប្រហែលជាអាចបង្កការរំខាន ឬរាំងខ្ទប់សញ្ញា និងព័ត៌មានដែលបញ្ជូនចេញពីផ្កាយរណបរបស់សត្រូវ។ កំណែមួយចំនួនរបស់ CCS រួមមានប្រព័ន្ធថាសអង់តែន និងឧបរកណ៍ជំនួយបច្ចេកទេស។
កងកម្លាំងអវកាស គឺជាកងប្រដាប់អាវុធទី6របស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ2019 ទៅតាមបញ្ជារបស់ប្រធានាធិបតី Donald Trump។ CCS មានភារកិច្ចការពារផ្កាយរណប ទប់ស្កាត់ និងប្រឆាំងចំពោះការគំរាមកំហែងក្នុងអវកាស និងអះអាងអំពីអំណាចរបស់សហរដ្ឋអាមេរិក នៅក្នុងគន្លងគោចរនៃពិភពផែនដី។
កងកម្លាំងប្រដាប់អាវុធថ្មីនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក និងមានបុគ្គលិកចំនួន 16,000នាក់។ បញ្ជាការដ្ឋានកងទ័ពអវកាស ទទួលខុសត្រូវលើសកម្មភាពប្រយុទ្ធក្នុងទីអវកាស ដែលត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ2019។
រុស្ស៊ីក៏ជាប្រទេសតែមួយគត់ក្រៅពីសហរដ្ឋអាមេរិក ធ្លាប់មានកងទ័ពអវកាសដោយឡែក។ កងទ័ពអវកាសរស្ស៊ី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ1992 ក្រោយមកក៏ត្រូវបានរម្សាយ និងដាក់បញ្ចូលទៅក្នុងជួរកងទ័ពប្រភេទផ្សេងជាច្រើនលើក ហើយក៏បានក្លាយជាកងទ័ពមួយប្រភេទដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអាកាសអវកាសរបស់សហព័ន្ធរុស្ស៊ី៕
ប្រភព៖ សារព័ត៌មានបរទេស