រឿងរ៉ាវដែលបានកើតឡើង និងកំពុងមានការចាប់អារម្មណ៍ខ្លាំងបំផុតនាពេលនេះ គឺការធ្វើអត្តឃាតរបស់ Chester Bennington នៅក្នុងវ័យ 41ឆ្នាំ ជាតារាចម្រៀងល្បីឈ្មោះដែលមានការសង្ស័យមួយចំនួននៃការស្លាប់របស់លោកព័ន្ធជាមួយគ្រឿងញៀន និងមានជំងឺប្រព័ន្ធប្រសាទផងដែរ។
ហេតុការណ៍ដែលកើតឡើងនេះ មានតែអ្នកគាំទ្របានចូលរួមក្នុងការរំលែកទុក្ខចំពោះតារាចម្រៀងខាងលើនេះ ប៉ុន្ដែខុសគេតែ DJ ល្បីឈ្មោះនៅប្រទេសថៃម្នាក់ដែលមានឈ្មោះថា Plakung 001បានរិះគន់ការធ្វើអត្តឃាតរបស់តារាចម្រៀងក្នុងក្រុម Linkin Parkនេះថា “តាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ និយាយត្រង់ៗ បងប្រុស ( Chester Bennington) មិនគួរធ្វើបែបនេះទេ ទោះជាដោយប្រការណាមួយក៏ដោយ សូមប្រាប់ត្រង់ៗទៅចុះថា ខ្ញុំមិនគោរពចំពោះការសម្រេចចិត្តរបស់បងទេ សូម្បីតែបន្ដិចក៏គ្មានដែរ”។
ការបញ្ចេញមតិបែបនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រក្រុមចម្រៀង Linkin Park នៅក្នុងប្រទេសថៃ មានការផ្ទុះកំហឹងចំពោះ DJ Plakung ដែលមានមតិរិះគន់បែបនេះ ព្រមទាំងទទូចទាមទារឱ្យតារាចម្រៀងរ៉ុក និងជាDJ ល្បីល្បាញរូបនេះធ្វើការសុំទោសចំពោះវិញ្ញាណក្ខន្ធ Chester Bennington ជាសាធារណៈទៀតផង៕