ក្លិបតោខៀវ Chelsea បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Alvaro Morata ពីក្លិប Real Madrid ក្នុងកិច្ចសន្យារយៈពេល5ឆ្នាំ។ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ គឺជាកីឡាករចំណូលថ្មីទី3របស់ Chelsea នៅរដូវក្តៅនេះ ក្រោយពីការផ្ទេររបស់ខ្សែការពារ Antonio Rudiger មកពីក្លិប Roma និងខ្សែបម្រើ Tiemoue Bakayoko មកពីក្លិប Monaco ហើយ Morata ត្រូវបានគេជឿជាក់ថា មានតម្លៃខ្លួន58លានផោន (ស្មើនឹង 75លានដុល្លារអាមេរិក)។ Morata វ័យ24ឆ្នាំ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមកទីនេះ។ វាជាការរំជួលចិត្តដ៏មិនគួរឲ្យជឿ ក្នុងការក្លាយជាសមាជិករបស់ក្លិបដ៏ធំមួយនេះ។
ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅកាន់ការធ្វើការងារដ៏លំបាក និងស៊ុតបាល់បញ្ចូលទីឲ្យបានច្រើនតាមដែលខ្ញុំអាច និងឈ្នះពានឲ្យបានច្រើនតាមដែលអាចធ្វើបាន។ Morata ត្រូវបានរំពឹងទុកថា នឹងត្រូវចូលជំនួសកន្លែងមិត្តរួមជាតិរបស់គេគឺ Diego Costa ដែលត្រូវបានប្រាប់ដោយលោកគ្រូបង្វឹក Antonio Conte ថា អនាគត រូបគេមិនមានវត្តមាននៅក្លិប Chelsea ឡើយ។ Costa ត្រូវបានរំពឹងទុកថា នឹងទៅចូលរួមជាមួយនឹងក្លិប Atletico Madrid វិញ ក្រោយពីបានផ្ទេរទៅកាន់ក្លិប Chelsea កាលពីខែកក្កដា ឆ្នាំ2014 ក្នុងតម្លៃខ្លួន32លានផោន។
លោក Michael Emenalo ប្រធានក្លិប Chelsea បាននិយាយថា Morata អាចបង្កើតឲ្យមានឥទ្ធិពលដ៏ធំទាំងក្នុងការប្រកួតលីកក្នុងស្រុក និងក្របខ័ណ្ឌ Champions League។ លោក Emenalo បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ក្នុងការបំពេញការចុះហត្ថលេខា Alvaro និងសូមស្វាគមន៍រូបគេមកកាន់ក្លិបនេះ។ យើងជឿជាក់ថា រូបគេនឹងបង្កើតភាពអស្ចារ្យសម្រាប់ Chelsea»៕
ប្រភពពី៖ The Guardian