ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីម្សិលមិញ បានចេញច្បាប់ហាមក្រុមហ៊ុនអ៊ីនធើណិតក្នុងប្រទេសនេះ មិនឱ្យយកប្រាក់ជំនួយរបស់រដ្ឋាភិបាល ទៅទិញឧបករណ៍បច្ចេកវិទ្យាពីក្រុមហ៊ុនចិន Huawei។
ទន្ទឹមនឹង Huawei ច្បាប់នេះក៏ហាមក្រុមហ៊ុនទូរគមនាគមន៍នៅសហរដ្ឋអាមេរិក ទិញឧបករណ៍ពីបណ្ដាក្រុមហ៊ុនផ្សេងដែលត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកថាជា “ការគំរាមកំហែងដល់សន្តិសុខជាតិ”។
ច្បាប់នេះក៏បានស្នើឱ្យគណៈកម្មការទូរគមនាគមន៍សហរដ្ឋ FCC (Federal Communications Commission) បង្កើតកម្មវិធីជំនួយដល់បណ្ដាក្រុមហ៊ុនអ៊ីនធើណិតតូចៗផងដែរ។ ក្រុមហ៊ុនតូចទាំងនោះ នឹងទទួលបានប្រាក់ជំនួយពីរដ្ឋាភិបាល បើសិនពួកគេយល់ព្រមបោះបង់ឧបករណ៍ ឬសេវាកម្មរបស់ចិន ដែលត្រូវបានហាមដោយអាមេរិក ចេញពីប្រព័ន្ធទូរគមនាគមន៍។
កាលពីថ្ងៃទី27មីនា សភាជាន់ខ្ពស់សហរដ្ឋអាមេរិក បានបោះឆ្នោតយល់ព្រមទម្លាក់កញ្ចប់ថវិកាជំនួយ ចំនួន1ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ណាដែលមិនប្រើប្រាស់ឧបករណ៍ដែលផលិតឡើងដោយក្រុមហ៊ុន ចិន Huawei និង ZTE។ កញ្ចប់ជំនួយនេះ នឹងប្រើប្រាស់ដើម្បីជួយដល់ក្រុមហ៊ុនអ៊ីនធើណិតតូចៗ ដែលកំពុងធ្វើសកម្មភាពនៅតាមតំបន់ជនបទ នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP។
សមាគមទូរគមនាគមន៍មិនប្រើខ្សែនៅជនបទរបស់សហរដ្ឋអាមេរិក RWA (Rural Wireless Association) បានសរសើរអំពីកាយវិការនេះរបស់សភាជាន់ខ្ពស់ ប៉ុន្តែ សមាគមនេះយល់ថា 1ពាន់លានដុល្លារ គឺវា “មិនសមស្រប” នោះទេ។ នេះបើតាមសារព័ត៌មាន Reuters។
បច្ចុប្បន្ន ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅសហរដ្ឋអាមេរិក បានបំពាក់ឧបករណ៍ផ្សេងៗដែលផលិតដោយក្រុមហ៊ុនចិន Huawei និង ZTE ដោយសារតែវាមានតម្លៃទាប។ ប៉ុន្តែ ឧបករណ៍ទាំងនោះ ភាគច្រើន ត្រូវបានបំពាក់តាំងពីប៉ុន្មានឆ្នាំមុនមកហើយ។
សេតវិមាន ធ្លាប់បានលើកឡើង និងសង្ស័យថា Huawei បានប្រើប្រាស់បណ្ដាញទូរគមនាគមន៍ដើម្បីបើកដៃឱ្យរដ្ឋាភិបាលចិន ធ្វើសកម្មភាពចារកិច្ច។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏មានការព្រួយបារម្ភ ខ្លាចក្រុមហ៊ុនចិននឹង “បង្កការគំរាមកំហែងដល់សន្តិសុខជាតិ” បើសិនជាទទួលបានការអនុញ្ញាតឱ្យដំឡើងប្រព័ន្ធ 5G នៅលើទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្រុមហ៊ុន Huawei តែងតែបដិសេធរាល់ការចោទប្រកាន់នេះ៕
ប្រភព៖ សារព័ត៌មានបរទេស