ផែនការបញ្ជូនរ៉ូបូតឡើងទៅស្វែងរកសភាវរស់នៅលើពិភពព្រះអង្គារ របស់រុស្ស៊ី និងទីភ្នាក់ងារអវកាសអឺរ៉ុប(ESA) ត្រូវបានពន្យារពេលចំនួន2ឆ្នាំ ដោយសារបញ្ហាបច្ចេកទេស និងផលប៉ះពាល់របស់រោគរាតត្បាត COVID-19។
ទីភ្នាក់ងារអវកាសរុស្ស៊ី(Roscosmos) និងទីភ្នាក់ងារអវកាសអឺរ៉ុប(ESA) បានសម្រេចចិត្តពន្យាពេលក្នុងការបាញ់បង្ហោះយានអវកាសរបស់ពួកគេទៅខែសីហា ឬខែកញ្ញា ឆ្នាំ2022 ពោលគឺយឺតជាង2ឆ្នាំ ធៀបនឹងផែនការដែលបានគ្រោងទុក។ ក្រុមអ្នកគ្រប់គ្រងគម្រោងបានឱ្យដឹងថា ពួកគេត្រូវធ្វើការពិសោធជាច្រើនទៀត ដើម្បីធានាឱ្យបានថា រាល់ផ្នែកនៃយានអវកាស ដំណើរការល្អបំផុតក្នុងបេសកកម្មទៅកាន់ឋានព្រះអង្គារ។
“នោះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែវាចាំបាច់ណាស់” Dmitry Rogozin អ្នកដឹកនាំទីភ្នាក់ងារអវកាស Roscosmos របស់សហព័ន្ធរុស្ស៊ី ថ្លែងអំពីការពន្យាពេលលើការបាញ់បង្ហោះយានអវកាសទៅកាន់ពិភពព្រះអង្គារ។ តាមផែនការដំបូង យានអវកាសគ្មានមនុស្សបើកបរ ExoMars ដែលនឹងមានភារកិច្ចនាំរ៉ូបូតឡើងទៅកាន់ពិភពព្រះអង្គារដើម្បីស្វែងរកសភាវរស់នេះ នឹងត្រូវបាញ់បង្ហោះនៅចុងឆ្នាំ បន្ទាប់ពីបានពន្យាពេលជាច្រើនលើក ប៉ុន្តែពេលនេះ វានៅតែត្រូវបានពន្យាពេលម្ដងទៀត។
អគ្គនាយកនៃទីភ្នាក់ងារអវកាស ESA លោក Jan Worner សង្កត់ធ្ងន់ថា “ទាំង2ភាគី សុទ្ធតែចង់ឱ្យបេសកកម្មនេះទទួលបានជោគជ័យ 100%។ សកម្មភាពសាកល្បងនានានឹងជួយធានាសុវត្ថិភាពសម្រាប់ការបាញ់បង្ហោះ ហើយតាមរយៈនេះ យើងនឹងទទួលបានលទ្ធផលល្អបំផុតផ្នែកវិទ្យាសាស្ត្រ”។ នេះបើតាមសារព័ត៌មាន AFP។
ទន្ទឹមនឹងមូលហេតុបច្ចេកទេស ការពន្យារពេលខាងលើក៏បានកើតឡើងដោយសារផលប៉ះពាល់ពីរោគរាតត្បាត COVIVD-19 ផងដែរ។ Rogozin បានឱ្យដឹងថា បទបញ្ជារឹតបន្តឹងការធ្វើដំណើររវាងបណ្ដាប្រទេស បានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ត្រជួបបញ្ហាក្នុងការសហការគ្នា ដើម្បីអនុវត្តគម្រោងការនេះ។
កម្មវិធីអវកាសរួម ExoMars ត្រូវបានគេមើលឃើញថាជានិមិត្តរូបសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី និងអឺរ៉ុប នៅក្នុងស្ថានភាពតានតឹងជាមួយអ៊ុយក្រែន និងស៊ីរី។ ទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី នឹងផ្ដល់កន្លែងបាញ់បង្ហោះ កន្លែងចុះចត និងម៉ូឌុលដើម ចំណែកទីភ្នាក់ងារអវកាសអឺរ៉ុប ESA នឹងទទួលខុសត្រូវក្នុងការអភិវឌ្ឍ និងគ្រប់គ្រងដំណើរការរ៉ូបូត Rosalind Franklin។
រ៉ូបូតខាងលើនឹងត្រូវបានបញ្ជាពីមជ្ឈមណ្ឌលអវកាសមួយ នៅក្នុងតំបន់ Torino ភាគខាងជើងប្រទេសអ៊ីតាលី ដែលជាកន្លែងកំពុងរងគ្រោះខ្លាំងដោយសាររោគ COVID-19 នៅអឺរ៉ុប។ Rosalind Franklin គឺជាឧបករណ៍ដំបូងគេដែលមានសមត្ថភាពស្វែងរកសភាវរស់នៅក្រោមដី ជម្រៅ 2ម៉ែត្រ៕
ប្រភព៖ សារព័ត៌មានបរទេស