កីឡាករ Marc Klok គឺជាខ្សែបម្រើបរទេសមួយរូប ដែលលេងនៅក្លិប Persija Jakarta លីកកំពូលឥណ្ឌូនេស៊ី បានទទួលសញ្ជាតិឥណ្ឌូនេស៊ី ដោយរូបគេនឹងត្រូវបានក្លាយជាកីឡាករជនបរទេសមួយរូបថ្មីទៀត ដែលបានចូលសញ្ជាតិឥណ្ឌូនេស៊ី។
កីឡាករមានវ័យ 26ឆ្នាំ ដែលលេងក្នុងតំណែងខ្សែបម្រើការពារខាងលើនេះ មានដើមកំណើតសញ្ជាតិដើម ហូឡង់ ខណៈរូបគេទើបតែឈានជើងមកស្គាល់ទឹកដីឥណ្ឌូនេស៊ីកាលពីឆ្នាំ2017 មកទល់ពេលបច្ចុប្បន្នប៉ុណ្ណោះ តែក៏បានស្នើសុំចូលសញ្ជាតិតែម្តង ហើយក៏បានសម្រេចដូចបំណងទៀតផង។ យោងតាមអ្នកនាំពាក្យរបស់ក្រសួងយុវជន និងកីឡា នៃប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថា សម្រាប់ Marc Klok ពេលនេះ គឺមានសិទ្ធិជាពលរដ្ឋឥណ្ឌូនេស៊ីពេញលេញ ចំណែកឯការកោះហៅចូលលេងឱ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅតែរង់ចាំការសម្រេចអនុញ្ញាតជាលើកចុងក្រោយពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) តែប៉ុណ្ណោះ។
វាហាក់ជារឿងគាប់ជួនមួយ ដែលកីឡាកររូបនេះបានទទួលសញ្ជាតិឥណ្ឌូនេស៊ី ខណៈដែលក្រុមជម្រើសជាតិមួយនេះ កំពុងធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយសារមិនទាន់ស្គាល់រសជាតិឈ្នះ ឬស្មើម្តងឡើយចាប់តាំងពីខែតុលា ឆ្នាំ2019 មកទល់នឹងពេលនេះ ដោយក្នុងនោះការប្រកួតវគ្គជម្រុះ World Cup មិនទាន់មានពិន្ទុរាប់នឹងគេនៅឡើយ៕