អំពើហិង្សាជារឿងរសើបមួយក្នុងសង្គមកម្ពុជា ហើយតាមការស្រាវជ្រាវបានរកឃើញថា អំពើហិង្សាក្នុងគ្រួសារភាគច្រើនតែងតែកើតមានលើស្ត្រី។
នៅក្នុងពិធីចុះហត្ថលេខាលើប្រកាសរួមស្តីពីក្របប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានពីអំពើហិង្សាស្ត្រី លោកជំទាវ អ៊ឹង គន្ថាផាវី បានលើកឡើងថា ដើម្បីទប់ស្កាត់អំពើហិង្សា គឺត្រូវការឱ្យមានការចូលរួមពីគ្រប់សមាសភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទៀតផងដើម្បីអប់រំដល់សង្គម។ លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «អ្នកដែលប្រព្រឹត្តអំពើហិង្សាសាហាវ ច្រើនតែជាអ្នកដែលមិនទទួលបានការអប់រំខ្ពស់»។
បន្ថែមពីលើនេះផងដែរ លោកជំទាវបានបញ្ជាក់ថា ការរាយការណ៍ព័ត៌មានកន្លងរបស់អ្នករាយការណ៍ព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការប្រើអំពើហិង្សាចំពោះស្ត្រីនៅមានភាពអវិជ្ជមានទាក់ទងទៅនឹងអំពើហិង្សាលើស្ត្រី ជាពិសេសកង្វះការចូលរួមអប់រំសីលធម៌ក្នុងសង្គម។ លោកជំទាវបានស្នើសុំឱ្យមានការរួមគ្នាលុបបំបាត់វប្បធម៌ហិង្សា និងបង្កើតសីលធម៌ល្អទុកឱ្យអ្នកជំនាន់ក្រោយរក្សាបន្តពីយើងទាំងអស់គ្នា៕