លទ្ធផលនៃការតាមដានពិនិត្យមើលស្ត្រីមានគភ៌ជាង 850,000នាក់ បានឱ្យដឹងថា ស្ត្រីមានគភ៌ដែលមានអាការចាញ់កូន មិនថាតែចាញ់ខ្លាំង ឬចាញ់តិចនោះទេ ច្រើនតែប្រសូតត្រូវចំកំណត់ពេល ហើយទារកដែលប្រសូតចេញមក ក៏មានសុខភាពរាងកាយរឹងមាំល្អដែរ តែសម្រាប់ស្ត្រីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះ គិតជាភាគរយ 9.5% ច្រើនតែប្រសូតមុនពេលកំណត់ និងទារកខ្លះអាចនឹងស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងគភ៌ផងក៏មាន។
អាការចាញ់កូនកើតឡើងបានចំពោះអ្នកមានគភ៌គ្រប់រូប កើតឡើងដោយសារតែការដែលអ័រម៉ូនក្នុងរាងកាយប្រែប្រួលយ៉ាងឆាប់រហ័ស រហូតធ្វើឱ្យរាងកាយត្រូវបញ្ជូនសញ្ញាអ្វីម្យ៉ាងចេញមក ដូចជា ក្អួត អស់កម្លាំងល្វើយ ចង់តែគេងសម្រាករហូត ឆាប់ទទួលដឹងក្លិនលឿនជាងសព្វដង មានកង្វល់ និងមិនសប្បាយក្នុងខ្លួន ជាដើមតែអាការចាញ់កូនទាំងនេះនឹងកើតធ្ងន់ធ្ងរចំពោះតែក្នុងត្រីមាសដំបូងប៉ុណ្ណោះ លុះឈានចូលដល់អំឡុងត្រីមាសទី2 អាការចាញ់កូនទាំងនេះនឹងបាត់អស់ទៅវិញ ឬមានអាការស្រួលខ្លួនឡើងវិញជាងមុន។ បើស្ត្រីមានគភ៌មានអាការចាញ់កូន មិនថាច្រើន ឬក៏តិចយ៉ាងណានោះទេ គួរតែប្រាប់ទៅគ្រូពេទ្យឱ្យបានដឹងគ្រប់ពេលដែលទៅពិនិត្យរាងកាយ ដើម្បីគ្រូពេទ្យនឹងបានវាយតម្លៃសុខភាពទារកក្នុងគភ៌របស់អ្នកម្តាយបាន។
បើស្ត្រីមានគភ៌ម្នាក់ណាមានអាការចាញ់កូនខ្លាំង អាចញ៉ាំអាហារខាងក្រោមនេះ ដើម្បីសម្រាលអាការបាន ដូចជា :
1-ទឹកខ្ញីក្តៅៗ ឬត្រជាក់ ដែលមានរសជាតិផ្អែមតិចៗ។
2-បែងអាហារដែលចង់ទទួលទានចេញជាពេលអាហារតូចៗ ដើម្បីទទួលទានក្នុងពេលថ្ងៃ។
3-រៀបចំនំឃុកគី ឬនំគ្រែកឃើរ៍ ដុំតូចៗទុកយកមកញ៉ាំក្នុងពេលថ្ងៃ។
4-ញ៉ាំទឹកឱ្យបានច្រើនៗ និងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់។
សម្រាប់អាការចាញ់កូន អាចនិយាយបានថា ជារឿងប្រក្រតីសម្រាប់អ្នកមានគភ៌ ចូរគិតថាចាញ់កូនខ្លាំង កូនរឹងប៉ឹងខ្លាំង ព្រោះបានបញ្ចេញអ័រម៉ូនការមានជីវិតចេញមកច្រើន តែសម្រាប់ស្ត្រីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះក៏មិនចាំបាច់កង្វល់ដែរ បើពិនិត្យរាងកាយគ្រប់យ៉ាងប្រក្រតីនោះ ក៏បញ្ជាក់ថា អ្នកជាម្តាយដែលសំណាងល្អមែនទែន ដែលមិនចាំបាច់នឿយហត់ជាមួយអាការចាញ់កូន៕