សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី27 ខែកុម្ភៈ បានជំរុញឱ្យឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនធាន ពិនិត្យមើលលទ្ធភាពនៃការនាំចេញវត្ថុធាតុដើមតាមផ្លូវអាកាស និងសមុទ្រមកព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារការបាត់បង់ការងាររបស់កម្មករនិយោជិត ដែលបណ្តាលមកពីការផ្អាកប្រតិបត្តិការរបស់រោងចក្រកាត់ដេរ ហើយជាថ្មីទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍កាលពីដើមខែមីនា ឆ្នាំ2020 នេះដែរថា ពេលនេះផលប៉ះពាល់នៃសេដ្ឋកិច្ច បានចាប់ផ្ដើមរំជួល និងអង្រួននៅលើសកលលោកហើយ។
យោងតាមក្រសួងការងារ កម្មករប្រមាណ 7,000នាក់ នឹងប្រឈមនឹងការឈប់សម្រាក ប្រសិនបើការបញ្ជូនវត្ថុធាតុដើមមកកម្ពុជា មិនមានលទ្ធផល ហើយប្រសិនបើកង្វះខាតនេះនៅតែបន្តកើតមាន កម្មករប្រមាណ 90,000នាក់នឹងត្រូវបញ្ឈប់នៅចុងខែមីនា។
សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា៖“ទីផ្សារនៅគ្រប់ទ្វីបទាំងអស់ គឺគ្មានទីផ្សារណាមួយស្ទុះឡើងនោះទេ គឺដាំក្បាលចុះទាំងអស់។ ចង្វាក់ផលិតកម្មនៅប្រទេសមួយចំនួនត្រូវបានបិទទាំងអស់តែម្ដង ព្រោះវត្ថុធាតុដើម គឺត្រូវបាននាំចេញពីប្រទេសចិន។ បើនិយាយពីវិស័យកាត់ដេរនៅក្នុងប្រទេសយើង ការផ្គត់ផ្គង់វត្ថុធាតុដើម គឺ 60% នាំមកពីប្រទេសចិន អ៊ីចឹងហើយ បានជាយើងស្នើសុំឱ្យមិត្តចិនជួយក្នុងការបញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដើម្បីចៀសវាងការព្យួរការងារកម្មករនៅក្នុងដំណាក់កាលនេះ”។
កាលពីចុងខែកុម្ភៈ ឆ្នាំ2020 កន្លងទៅនេះ មានរោងចក្រចំនួន 10បានស្នើសុំបិទទ្វារជាបណ្តោះអាសន្ន ដោយសារតែកង្វះខាតវត្ថុធាតុដើម សម្រាប់ចង្វាក់ផលិតកម្ម ខណៈដែលមានរោងចក្រប្រមាណ 200ទៀត បានស្នើសុំផ្អាកបណ្តោះអាសន្ន នៅក្នុងខែមីនា ឆ្នាំ2020 នេះ និងបណ្តាលឱ្យកម្មករសរុបប្រមាណ 16ម៉ឺននាក់ត្រូវប្រឈមនឹងការព្យួរការងារ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖“នៅខេត្តព្រះសីហនុ មានរោងចក្រចំនួន2 បានស្នើសុំផ្អាកចង្វាក់ផលិតកម្មបណ្តោះអាសន្ន ដែលមានចំនួនកម្មករសរុបទាំងប្រមាណ 350នាក់ ត្រូវព្យួរការងារជាបណ្ដោះអាសន្ន និងទទួលប្រាក់បៀវត្សរ៍50%”។
សម្ដេចបានបន្តទៀតថា៖ “យើងមិនចង់ឱ្យមានការព្យួរទេ បានជាយើងសំណូមពរទៅមិត្តចិន ហើយកាលពីពេលកន្លងទៅ រដ្ឋាភិបាលចិនក៏បានបញ្ជូនមន្ត្រីជំនាញមកសិក្សា និងគិតគូរទៅលើ បញ្ហានៃការបញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា ដែលនេះ គឺជាការឆ្លើយតបភ្លាមៗជាមួយនឹងបញ្ហា របស់កម្ពុជា”។
មន្ត្រីសភាពាណិជ្ជកម្មចិនដែលមានឋានៈខ្ពស់ ត្រូវបានគេស្រង់សម្តីថា ប្រទេសចិនអាចផ្តល់អាទិភាពដល់ប្រទេសកម្ពុជា សម្រាប់ការផ្គត់ផ្គង់វត្ថុធាតុដើមជាបន្ទាន់របស់ខ្លួន ដើម្បីអនុញ្ញាតឱ្យរោងចក្រនៅទីនេះបន្តប្រតិបត្តិការ។
ការងាររាប់ពាន់ បានប្រថុយប្រថាននឹងការព្យួរ ហើយរោងចក្របានប្រកាសផ្អាកដំណើរការដោយសារតែកង្វះខាតវត្ថុធាតុដើម ហើយមន្ត្រី បានប៉ាន់ស្មានថា កម្មករកាត់ដេរកម្ពុជាជាច្រើនម៉ឺននាក់អាចប្រឈមនឹងការបាត់បង់ការងារ ប្រសិនបើស្ថានភាពផ្គត់ផ្គង់មិនប្រសើរឡើងយ៉ាងឆាប់រហ័សក្នុងខែនេះទេនោះ។
មន្ត្រីដដែលបានប្រាប់ក្នុងលក្ខខណ្ឌថា ប្រទេសចិនកំពុងបង្កើនផលិតកម្មនៅគ្រប់វិស័យទាំង 24ម៉ោង និងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមដែលកម្ពុជាត្រូវការ ដើម្បីចៀសវាងការបាត់បង់ការងារពីការផ្អាករោងចក្រ និងកត្តាផ្សេងទៀត ដែលអាចប៉ះពាល់ដល់កម្មករ និងជីវភាពនៃការងាររបស់ពួកគេ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានឱ្យដឹងកាលពីខែមុនដែរថា វត្ថុធាតុដើមជាង 60% ដែលត្រូវបានប្រើនៅក្នុងរោងចក្រកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា ត្រូវបាននាំចូលពីប្រទេសចិនដោយមានអ្នកផ្គត់ផ្គង់ជាច្រើនបានផ្អាកការផលិត និងធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មរោងចក្រនៅក្នុងប្រទេស។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃ GMAC បានថ្លែងថា ការផ្អាកផលិតកម្មជាបណ្តោះអាសន្ន មិនទាន់បានចាប់ផ្តើមនៅឡើយទេ ប៉ុន្តែលោកបានឃើញ មានការផ្អាកខ្លះនឹងចាប់ផ្តើមពីពាក់កណ្តាលខែមីនា រហូតដល់ខែមេសា។
មន្ត្រីរូបនោះបញ្ជាក់ថា៖“ដើម្បីការពារបញ្ហានេះ ប្រទេសចិនប្រហែលជាអាចជួយសង្គ្រោះប្រទេសកម្ពុជាបាន ដោយផ្តល់អាទិភាពដល់ប្រទេសតូចមួយនេះខ្លាំងជាងប្រទេសដទៃទៀត លើកលែងតែតម្រូវការផ្ទាល់ខ្លួន”។
ប៉ុន្តែភាពប្រឈមទៅនឹងកង្វះវត្ថុធាតុដើមផ្គត់ផ្គង់ដោយសារប្រទេសចិន បានធ្វើឱ្យបណ្តារោងចក្រដែលកំពុងដំណើរការនៅកម្ពុជាជាច្រើន នឹងត្រូវបង្ខំចិត្តបិទទ្វារ ផ្អាកផលិតកម្មជាបណ្តោះអាសន្ននាពេលខាងមុខ បានត្រូវឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ អះអាងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ថា មានសញ្ញាល្អឡើងវិញជាបណ្ដើរៗហើយ នៅក្នុងតម្រូវការនៃការផ្គត់ផ្គង់វត្ថុធាតុដើមនេះ។
ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានមានប្រសាសន៍ថា៖“សញ្ញាល្អនៃការផ្គត់ផ្គង់វត្ថុធាតុដើម ដែលអគ្គនាយកដ្ឋានគយ មិនប្រមូលចំណូល សម្រាប់វិស័យកាត់ដេរ ពន្ធអាករជាបន្ទុករដ្ឋទាំងអស់នោះ ត្រូវបានកត់សម្គាល់ឃើញថា កំពុងងើបឡើងវិញ”។
ឯកឧត្តមបានបន្តថា៖“ទន្ទឹមនោះ ទំនិញដែលនាំចូលមកជាលក្ខណៈពាណិជ្ជកម្ម ដើម្បីយកមកលក់នៅក្នុងទីផ្សារក្នុងស្រុក ក៏ចាប់ផ្ដើមងើបឡើងវិញបន្ដិចផងដែរ។ អ៊ីចឹង នេះជាសញ្ញាល្អ ដែលយើងនឹងតាមដានបន្តទៀត”។
ឯកឧត្តម គុណ ញឹម បានមានប្រសាសន៍បន្ថែមថា៖“ជាការជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យរោងចក្រ អគ្គនាយកដ្ឋានគយនៅកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុ នៅពេលនេះ ធ្វើការមិនកំណត់ពេលវេលានោះទេ ពោលប្រសិនបើទំនិញមកដល់ម៉ោង12 ឬម៉ោង1 រំលងអាធ្រាត្រ ក៏ត្រូវតែបំពេញបែបបទបញ្ជូនចេញដែរ មិនអាចពន្យារពេលបានទេ ដើម្បីសម្រួលដល់រោងចក្រដែលកំពុងមានកង្វះខាតវត្ថុធាតុដើម។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់កាសែតឡារ៉ែនពាណិជ្ជថា៖“ដោយសារតែទំនាក់ទំនងល្អរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាយើងជាមួយប្រទេសចិន ទើបធ្វើឱ្យ ប្រទេសចិនបានបញ្ជូនប្រតិភូ មកសិក្សាពីផលប៉ះពាល់រឿងវត្ថុធាតុដើមនេះរួចហើយ និងក៏បានបញ្ជូនវត្ថុធាតុដើមទាំងនោះមកកម្ពុជា ដោយទំនិញក៏បានចាប់ផ្តើមចូលមកដែរ”។
លោកឧកញ៉ា បានបញ្ជាក់ថា៖“នាយកដ្ឋានគយ និងរដ្ឋាករ ក៏បានបញ្ជាក់នៅក្នុងសន្និសីទថ្ងៃ ទី5 ខែមីនា ឆ្នាំ2020 កន្លងទៅថា បើតាមវិធានការរបស់រាជរដ្ឋាភិបាល គឺត្រូវព្រលែង ធ្វើម៉េចឱ្យទំនិញចូលបានលឿនបំផុត។ ទំនិញជាវត្ថុធាតុដើមផ្នែកវិស័យកាត់ដេរ ត្រួវឱ្យចូល កុំឱ្យរាំងស្ទះតែម្តង”។
លោកឧកញ៉ា បានបន្តថា៖“បើតាមខាងនាយកដ្ឋានគយ គាត់ថា បើទំនិញបញ្ជូនមកច្រើនគាត់អាចបង្កើតច្រកពិសេស ថែមទៀតដើម្បីការងារនេះ”។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា៖“នេះជាសញ្ញាល្អហើយ សម្រាប់វិស័យឧស្សាហកម្មកាត់ដេររបស់យើង ដូច្នេះការព្យួររោងចក្រ អាចប្រហែលជាមិនមានចំនួនច្រើនទេ ប្រសិនបើវត្ថុធាតុដើមបានមកដល់ជាបន្តបន្ទាប់នោះ។ ការបញ្ជូនមកជាបណ្តើរៗនូវវត្ថុធាតុដើមរោងចក្រ យើងសង្ឃឹមថា ការព្យួរការងាររោងចក្រហ្នឹង អាចមានរយៈពេលខ្លី ឬក៏តិចបំផុត។ វាអាចខ្វះវត្ថុធាតុដើមលើមុខទំនិញខ្លះ មិនខ្វះទាំងស្រុង ដូចមុនទេ”។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ទៀតថា៖“ដូច្នេះដំណោះស្រាយ នៃការផ្គត់ផ្គង់វត្ថុធាតុដើមមិនមានបញ្ហាធំទៀតទេ វាអាចកាត់បន្ថយផលប៉ះពាល់បានច្រើន មិនមានហានិភ័យធំដុំទេ។ យើងក៏សង្ឃឹមថា យើងនឹងមានវត្ថុធាតុដើម វាជាឱកាសសម្រាប់ឱ្យអ្នកបញ្ជាទិញនៅទីផ្សារខាងក្រៅ អាចទុកចិត្តជាមួយកម្ពុជា ព្រោះវត្ថុធាតុដើម បញ្ជូនមកពីចិន បានផ្តល់ទាន់ពេលវេលាមិនខកខាន។
ដូចនេះបើវត្ថុធាតុដើមមិនមានបញ្ហា យើងអាចផលិត ហើយបើយើងផលិតបាន យើងអាចលក់ទំនិញយើងបាន”៕