ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការជំរុញគម្រោងលើកកម្ពស់ការអនុវត្តកសិកម្មល្អ (GAP) ឱ្យមានប្រសិទ្ធភាព និងជំរុញការអនុម័តស្ដង់ដាកសិកម្មសរីរាង្គជាតិឱ្យបានឆាប់រហ័ស គឺជាគន្លឹះសំខាន់ក្នុងការលើកស្ទួយវិស័យកសិកម្មដែលកំពុងជួបបញ្ហាប្រឈម។
ការលើកឡើងនេះ ត្រូវបានធ្វើឡើង នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2019 និងលើកទិសដៅការងារឆ្នាំ2020 របស់អគ្គនាយកដ្ឋានកសិកម្ម ក្រោមការចូលរួម ពីថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត និងមន្ត្រីអគ្គនាយកដ្ឋាន ប្រមាណ 500នាក់ ដែលធ្វើឡើងកាលពីចុងខែកុម្ភៈ កន្លងទៅ។
នាឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានទទួលស្គាល់ថា វិស័យកសិកម្មកម្ពុជា មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ហើយបញ្ហាទាំងនោះត្រូវមានការដោះស្រាយជាប្រព័ន្ធ។ លើសពីនេះ ឯកឧត្តម នៅតែចាត់ទុកវិស័យកសិកម្ម ជាវិស័យស្នូលក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការពារសន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ ជីវភាពកសិករ និងការពារបរិស្ថាន។ ដូច្នេះក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធបង្កើតកិច្ចប្រជុំនេះឡើង ដើម្បីពិភាក្សារួមគ្នា និងផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការអនុវត្តកសិកម្មល្អ (GAP) ពិសេសឈានទៅជំរុញកសិកម្មសរីរាង្គកម្ពុជាកាន់តែប្រសើរឡើង។
ឯកឧត្តមក៏បានអះអាងឱ្យដឹងដែរ អំពីលទ្ធផលនៃវិស័យកសិកម្មថា តាមការវាយតម្លៃរបស់អង្គភាពជំនាញបានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ2019 វិស័យកសិកម្ម សម្រេចទទួលបានអត្រាកំណើន ផ.ស.ស. ពិតនៃវិស័យកសិកម្ម ចំនួន4%។ អនុវិស័យដំណាំកសិកម្ម សម្រេចបានក្នុងរង្វង់ 13,7% ប្រហាក់ប្រហែលនឹងឆ្នាំ2018 តែការនាំចេញមានទំហំកើនឡើង។
ឯកឧត្តមបញ្ជាក់ថា៖ “បើទោះបី កំណើនផលិតកម្មដំណាំខ្លះ មានការធ្លាក់ចុះបន្តិចក្ដី តែដំណាំកសិកម្មយុទ្ធសាស្ត្រមួយចំនួន ក៏ដូចជាការនាំចេញ គឺនៅរក្សាកំណើនខ្ពស់ដដែល ដូចជាដំណាំដំឡូងមី បន្លែ ដំណាំចេកអំបូងលឿង ស្វាយកែវរមៀត និងគ្រាប់ស្វាយចន្ទីជាដើម។ ជាមួយនេះ គុណភាពអង្ករកម្ពុជា ដែលនៅតែមានឧត្តមភាពប្រកួតប្រកួតប្រជែង និងទទួលបាននូវការលើកតម្កើងកេរិ៍្តឈ្មោះនៅលើឆាកអន្តរជាតិក្នុងរយៈពេល 4ឆ្នាំជាប់ៗគ្នា ជាពិសេស អង្ករក្រអូបប្រណីតពូជស្រូវផ្ការំដួលរបស់កម្ពុជា ត្រូវបានទទួលស្គាល់ថា មានគុណភាពល្អ និងមានរសជាតិឆ្ងាញ់នៅលើសកលលោក”។
ជាមួយគ្នានោះដែរ កម្ពុជាបានចរចាបើកទីផ្សារ និងពង្រីកទំហំនៃការនាំចេញផលិតផលដំណាំសំខាន់ៗដែលកំពុងដំណើរការចរចាពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារប្រទេសចិន ការចុះបញ្ជីសហគ្រាស និងការបញ្ចប់ពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ និងផ្លែមៀនប៉ៃលិនសម្រាប់ទីផ្សារប្រទេសថៃ ផងដែរ។ នេះជាការលើកឡើងបន្ថែម ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម។
ក្នុងនោះដែរ ទន្ទឹមនឹងការទទួលបានលទ្ធផលខាងលើនេះ ក្នុងគោលដៅបន្តជំរុញការអនុវត្តកសិកម្មល្អ និងស្តង់ដាកសិកម្មសិរីរាង្គ ឱ្យកាន់តែមានការរីកចម្រើន ឯកឧត្តមបានជំរុញ និងបានបន្ថែមទៀតនូវអនុសាសន៍មួយចំនួន សម្រាប់ជាមូលដ្ឋានយកទៅអនុវត្តបន្ត ដើម្បីជំរុញឱ្យបង្កើនការអនុវត្តកសិកម្មល្អ និងស្តង់ដាកសិកម្មសរីរាង្គកម្ពុជារួមមាន៖
ទី1. ត្រូវបន្តរៀបចំ និងពង្រឹងការអនុវត្តប្រកបដោយមនសិការវិជ្ជាជីវៈនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដែលបម្រើឱ្យការងារគ្រប់គ្រងផលិតកម្មដំណាំ ការត្រួតពិនិត្យគុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ការអនុវត្តកសិកម្មល្អ និងស្តង់ដាកសិកម្មសរីរាង្គជាដើម។
ទី.2 ត្រូវបន្តជំរុញការសិក្សាស្រាវជ្រាវបច្ចេកទេសផលិតកម្មដំណាំ បន្សុទ្ធ និងពង្រីកពូជដំណាំដែលមានគុណភាពល្អ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងមានតម្លៃបន្ថែមខ្ពស់។
ទី.3 បន្តការបណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ដោយផ្តោតលើស្តង់ដាកសិកម្មសុវត្ថិភាពឱ្យបានទូលំទូលាយ។ ជំរុញការធ្វើពិពិធកម្មដំណាំសាកវប្បកម្ម ដំណាំបន្លែដែលមានតម្រូវការទីផ្សារខ្ពស់ ប្រកបដោយគុណភាព និងសុវត្ថិភាពដែលអាចជំនួសការនាំចូល និងបម្រើការនាំចេញ តាមរយៈការពង្រីកទីផ្សារប្រមូលផ្តុំ បោះដុំ និងចែកចាយនៅតាមសហគមន៍កសិកម្ម។ ជាពិសេសត្រូវចៀសវាងការប្រើប្រាស់សារធាតុគីមី ក្នុងផលិតកម្មដំណាំកសិកម្មដែលនាំឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ តាមស្មារតីនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ទី.4 ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំ និងអាជីវកម្មរបស់សហគមន៍កសិកម្មឱ្យមានលក្ខណៈជាអាជីពក្នុងធុរកិច្ចកសិកម្ម និងសហការជាមួយវិស័យឯកជនដើម្បីអភិវឌ្ឍខ្សែចង្វាក់តម្លៃលើមុខដំណាំសំខាន់ៗតាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា និងកិច្ចសហការជាមួយអន្តរស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ។
ទី.5 ត្រូវពង្រឹង និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍ជាតិកសិកម្ម ក្នុងការវិភាគ និងវាយតម្លៃគុណភាពធាតុចូលកសិកម្ម (ពូជ ជី ថ្នាំកសិកម្ម) គុណភាពដី និងកម្រិតសំណល់ថ្នាំកសិកម្មក្នុងផលិតផលកសិកម្ម ដី និងទឹក ដោយត្រូវសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។
ទី6. ត្រូវពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តាមរយៈការតាមដានវាយតម្លៃ ការព្យាករ និងការអន្តរាគមន៍កម្ចាត់សមាសភាពចង្រៃលើដំណាំ ការត្រួតពិនិត្យ និងចុះបញ្ជីកសិដ្ឋាន ការអនុវត្តកសិកម្មល្អ ពង្រឹងយន្តការទប់ស្កាត់ការឆ្លងរាលដាលនូវសមាសភាពចង្រៃ និងរឹតបន្តឹងការនាំចូលកសិផលមិនមានគុណភាព និងគ្មានសុវត្ថិភាពដែលនាំឱ្យប៉ះពាល់ដល់ផលិតកម្មដំណាំក្នុងស្រុកសុខុមាលភាពសាធារណៈ និងសម្រាប់ការនាំចេញ។
ទី7. បន្តពង្រឹងប្រសិទ្ធភាពសេវាពិសោធន៍វិភាគក្នុងមន្ទីរពិសោធន៍ ដោយត្រូវបំពាក់ឧបករណ៍វិភាគសំណល់ថ្នាំកសិកម្ម និងសេវាត្រួតពិនិត្យភូតគាមអនាម័យ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ ដោយជំរុញសេវាត្រួតពិនិត្យភូតគាមអនាម័យឱ្យកាន់តែកៀកនឹងអ្នកប្រើប្រាស់ មានភាពងាយស្រួលព្រមទាំងដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាភូតគាមអនាម័យប្រចាំតំបន់ ដូចជាការដាក់ពាក្យស្នើសុំការត្រួតពិនិត្យតាមប្រព័ន្ធកុំព្យូទ័រ និងអភិវឌ្ឍប្រព័ន្ធ e-Phyto ជាដើម។
តាមរយៈអនុសាសន៍ខាងលើនេះ ក្រសួងកសិកម្មរំពឹងថា នឹងឈានទៅធានាដល់ការលើកកម្ពស់សុវត្ថិភាពបន្លែផ្លែឈើសរីរាង្គ ដើម្បីផ្គត់ផ្គង់ទៅក្នុងទីផ្សារនៅប្រទេសកម្ពុជា៕