រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ផែនការនៃការដាក់ឱ្យដំណើរការប្រព័ន្ធ5G របស់ប្រទេសកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងគំនិតផ្តួចផ្ដើមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី4 ដែលកម្ពុជាមានបំណងបង្កើនការផ្លាស់ប្តូរ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងព្រឹត្តិការណ៍ដាក់សាកល្បងប្រព័ន្ធ5G របស់ក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា៖“ប្រទេសកម្ពុជា ជាទីផ្សារកំពុងរីក និងកំពុងស្ទុះងើប ដែលសម្រេចបានកំណើនដ៏រឹងមាំ និងប្រកបដោយស្ថិរភាពជាបន្តបន្ទាប់ក្នុងរយៈពេល 2ទសវត្សរ៍ចុងក្រោយ។ លោកបន្ថែមថា ប្រព័ន្ធ5G គឺជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ ដែលតភ្ជាប់នវានុវត្តន៍ និងធុរកិច្ច”។
ឯកឧត្តម ថ្លែងថា៖ “ជាមួយនឹងការរង់ចាំការដាក់ឱ្យដំណើរការប្រព័ន្ធ5G វាមានដំណាក់កាលជាច្រើនសម្រាប់កម្ពុជា ដើម្បីសេដ្ឋកិច្ចរបស់យើង ឧស្សាហកម្មរបស់យើង និងប្រជាជនរបស់យើង។ ប្រព័ន្ធ5G ត្រូវបានរំពឹងថា នឹងបង្កើនប្រាក់ចំណូលប្រតិបត្តិករ ប្រហែលប្រមាណ 36% ត្រឹមឆ្នាំ2026”។
សូមបញ្ជាក់ថា ក្រុមហ៊ុនទូរគមនាគមន៍ Cellcard បានរៀបចំដំណើរទស្សនកិច្ចរបស់រដ្ឋាភិបាលដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនសែលកាត ដោយមានភ្ញៀវពិសេស គឺឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួង ដើម្បីពិនិត្យមើលគេហទំព័រ និងគ្រឿងបរិក្ខារ5G របស់ខ្លួនដោយបង្ហាញពីល្បឿនអុីនធើណិត លឿនដែលអតិថិជន នឹងអាចទទួលបានបទពិសោធថ្មីនាពេលឆាប់ៗនេះ។
សមាជិកនៃគណៈប្រតិភូ បានពិនិត្យមើលការធ្វើតេស្តផ្សាយផ្ទាល់5G នៅលើបណ្តាញទូរស័ព្ទចល័តសែលកាត ដោយល្បឿនបានឈានដល់ 1.6ជីហ្គាបៃ ក្នុង 1វិនាទី។ ការធ្វើតេស្តនេះបានពង្រឹងការត្រៀមលក្ខណៈបច្ចេកទេសរបស់សែលកាត និងការប្តេជ្ញាចិត្តពេញលេញក្នុងការដាក់ចេញនូវបច្ចេកវិទ្យាថ្មីនៅឆ្នាំ2020។
បទបង្ហាញរបស់ប្រធានផ្នែកបច្ចេកវិទ្យា លោក ចនជុន ណាវីល បានបង្ហាញថា ការគ្របដណ្តប់5G នឹងត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសជា 5ដំណាក់កាល។
ដំណាក់កាលទី1- នឹងមានទីតាំងចំនួន 700កន្លែង ដើម្បីបំពេញការគ្របដណ្តប់ រួមមាន តំបន់ពាណិជ្ជកម្មសំខាន់ៗក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប។
ដំណាក់កាលទី2- នឹងរួមបញ្ចូលទាំងគេហទំព័រ5G ចំនួន 512 ដើម្បីបំពេញការគ្របដណ្តប់ រាជធានី និងបណ្តាខេត្ត-ក្រុងសំខាន់ៗបន្ថែមទៀត គឺខេត្តបាត់ដំបង កំពត កំពង់ចាម ប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ។
ដំណាក់កាលទី 3-នឹងរួមបញ្ចូលការគ្របដណ្តប់លើផ្លូវសំខាន់ៗដែលមានទាំងផ្លូវជាតិលេខ1 ដល់ផ្លូវជាតិលេខ7។
ដំណាក់កាលទី4- នឹងរួមបញ្ចូលទាំងតំបន់5G ចំនួន600 ដើម្បីផ្តល់សេវាគ្របដណ្តប់ តាមបណ្ដាខេត្តនៅជាយក្រុង និងតំបន់ជនបទ។
ដំណាក់កាលទី5- នឹងមានទីតាំងចំនួន600 ថែមទៀតដែលមាន5G ដើម្បីផ្តល់សមត្ថភាព បន្ថែមដល់ទីប្រជុំជន និងតំបន់ បន្ថែមពីលើតំបន់ជាយក្រុង និងជនបទ។
អត្ថប្រយោជន៍សំខាន់ៗរបស់ 5G នឹងរួមបញ្ចូល ល្បឿនអុីនធើណិតលឿនជាង 60ដង ទៅ 120ដង នៃសេវាកម្មអុីនធើណិត4G នាពេលបច្ចុប្បន្ន ព្រោះទិន្នន័យអាចទៅដល់គោលដៅក្នុងរយៈពេល 10មីល្លីវិនាទី។ លើសពីនេះទៅទៀត វានឹងមានការបញ្ជូនរូបភាព និងវីដេអូបានលឿន និងខ្សែភាពយន្តដែលមានគុណភាពខ្ពស់អាចទាញយកបាន ក្នុងរយៈពេលតិចជាង 2-3វិនាទី។ វគ្គសាកល្បង ថែមទាំងបានបង្ហាញផងដែរថា មានការបាត់បង់ទិន្នន័យសូន្យភាគរយ។ 5G ក៏នឹងអាចគាំទ្រ ដល់បណ្តាញតភ្ជាប់ចំនួន 1លានក្នុង 1គីឡូម៉ែត្រក្រឡា រួមទាំងអុីនធើណិត។
ឯកឧត្តម ត្រាំ អុីវតឹក មានប្រសាសន៍ថា៖“ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោង ដែលក្រុមហ៊ុនសែលកាតបានផ្តល់ក្នុងគម្រោង5G របស់ពួកគេក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល”។ 5G នឹងក្លាយជាជំហានឈានមុខគេ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ហើយយើងត្រូវតែត្រៀមខ្លួនទទួលយកបច្ចេកវិទ្យា និងធានាថា វានឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើនឧស្សាហកម្មក្នុងស្រុក និងការរស់នៅរបស់ប្រជាជន”។
ឯកឧត្តមបញ្ជាក់ថា៖ “សម្រាប់ប្រទេសកម្ពុជា ដើម្បីទទួលបានចំណែកនៅក្នុងតម្លៃ និងកំណើននោះ ប្រទេសរបស់យើង ត្រូវតែធ្វើសកម្មភាពយ៉ាងរហ័ស។ យើងចង់ឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅលេចធ្លោជាងគេបំផុតនៅក្នុងតំបន់សម្រាប់នវានុវត្តន៍”។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា៖“វាជាទំព័រថ្មីគួរឱ្យរំភើបសម្រាប់ក្រុមហ៊ុន សែលកាត និងសម្រាប់ប្រទេសកម្ពុជានៅពេលយើងដឹងថា ចក្ខុវិស័យរបស់រ៉ូយ៉ាល់គ្រុប សម្រាប់ប្រទេសកម្ពុជាដែលមានលក្ខណៈឌីជីថលពេញលេញ”។
អ្នកឧកញ៉ា បានឱ្យដឹងថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការបង្ហាញសមត្ថភាពល្បឿនអុីនធើណិតរបស់បច្ចេកវិទ្យាប្រព័ន្ធ5G។ ទាំងនេះបានបង្ហាញពីការយល់ដឹង និងការប្ដេជ្ញាចិត្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រការដាក់ឱ្យដំណើរការប្រព័ន្ធ5G នៅក្នុងប្រទេសកម្ពុជា និងគោលបំណងរបស់ពួកគេដើម្បីធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករលើបដិវត្តន៍ឧស្សាហកម្មជំនាន់ក្រោយនេះ។
អ្នកឧកញ៉ា បានបញ្ជាក់ថា៖“វាជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មី គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមហ៊ុន Cellcard និងចាំបាច់សម្រាប់ប្រទេសកម្ពុជា ខណៈយើងសម្រេចបានទស្សនវិស័យរបស់ក្រុមហ៊ុនរ៉ូយាល់គ្រុប សម្រាប់ការធ្វើឱ្យកម្ពុជាមានលក្ខណៈឌីជីថលពេញលេញ។ យើងបានសហការគ្នាយ៉ាងជិតស្និទ្ធបំផុតរវាងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបនៃក្រុមហ៊ុន ជាពិសេសផ្នែក ICT ដោយពួកយើងកំពុងធ្វើការងារលើអ្វីជាអនាគតសម្រាប់ការផ្ដល់សេវាអុីនធើណិត មាតិកាឌីជីថល និងសេវាទូទាត់ប្រាក់តាមឌីជីថលនៅក្នុងពិភពលោកនៃប្រព័ន្ធ5G”។
អ្នកឧកញ៉ា គិត ម៉េង បានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ MPTC ពីខែឧសភា ឆ្នាំមុនសម្រាប់ការសហការ និងការរៀបចំផែនការសម្រាប់ប្រព័ន្ធ5G នេះ ដែលនឹងធ្វើឱ្យកម្ពុជាមានលក្ខណៈឌីជីថលកាន់តែខ្លាំង។
បន្ថែមលើនេះទៀត នាយកប្រតិបត្តិលោក Ian Watson បានមានប្រសាសន៍ថា៖“យើង ទាំងអស់គ្នាមានគោលដៅរួមដើម្បីលើកស្ទួយប្រទេសកម្ពុជាឱ្យឈានទៅរកឋានៈខ្ពស់ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050 ហើយ 5G នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឌីជីថលរបស់ប្រទេស”។
ឯកឧត្តម ត្រាំ អុីវតឹក ក៏បានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ 2019 ប្រទេសកម្ពុជាត្រូវបានប៉ាន់ប្រមាណថា នឹងមានអ្នកប្រើប្រាស់អុីនធើណិតទូរស័ព្ទចល័ត 16.7លាន ជាមួយនឹង 215ពាន់ ជាអ្នកប្រើប្រាស់អុីនធើណិតលើតុ ខណៈការប្រើប្រាស់ប្រព័ន្ធ 4G នៅក្នុងប្រទេស កម្ពុជា មានជាង 30ជីហ្គាបៃក្នុង 1ខែ។
ការតភ្ជាប់ទូរស័ព្ទចល័តប្រព័ន្ធ5G នឹងកើនឡើងជាង 2.7លានទូទាំងពិភពលោក ដោយសារតែពួកគេ
ផ្លាស់ប្តូរពីមនុស្សទៅគ្រឿងយន្ត ជាមួយនឹងម៉ាស៊ីនទៅម៉ាស៊ីន សង្គមអុីនធើណិត និងទិន្នន័យធំ៕