ពេញមួយរយៈពេលនៃការពពោះ ស្ត្រីមានគភ៌តែងតែមានអាការរបស់អ្នកមានផ្ទៃពោះកើតឡើងជានិច្ច មិនថាតែអាការចាញ់កូន អាការឈឺពោះធ្ងន់កន្តុកទៅក្រោម ឈឺខ្នង ឬឈឺបត់ជើងតូចញឹកញាប់ជាដើម។ អាការទាំងនោះអាចសាងក្តីកង្វល់ចិត្តដល់ស្ត្រីមានគភ៌ឱ្យមានអារម្មណ៍មួម៉ៅជាញឹកញាប់ តែនៅពេលថ្ងៃប្រសូតមកដល់ ស្ត្រីមានគភ៌អាចនឹងមានអារម្មណ៍នឹកកង្វល់ឡើងទ្វេដងទៅទៀតជាមួយនឹងការត្រៀមខ្លួន ដើម្បីទប់ទល់នៅពេលប្រសូត។ ថ្ងៃនេះ ឡារ៉ែន មានពាក្យណែនាំខ្លះៗដើម្បីជួយឱ្យស្ត្រីមានគភ៌កាត់បន្ថយសភាវវិតក្កកង្វល់បានដូចតទៅ។
ទប់ទល់នឹងការឈឺចាប់
សម្រាប់ស្ត្រីមានគភ៌កូនតូចលើកដំបូង ក្រោយពីឆ្លងផុតអាការអ្នកមានផ្ទៃពោះផ្សេងៗរួចមក នៅពេលជិតដល់ថ្ងៃប្រសូត ស្ត្រីមានគភ៌ច្បាស់ជាមានក្តីកង្វល់ជាមួយនឹងរឿងការឈឺចាប់ពេលប្រសូតជារឿងធម្មតា ហេតុនេះ ឡារ៉ែន សូមណែនាំថា ចូរប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីទប់ទល់នឹងការឈឺចាប់ទាំងនោះ។ ទាំងអស់នោះគឺដើម្បីឱ្យរូបអ្នកបានទទួលនូវពាក្យណែនាំដែលល្អបំផុតក្នុងការត្រៀមខ្លួន ត្រៀមចិត្តក្នុងថ្ងៃប្រសូតបានយ៉ាងពេញទំហឹង។ ជាមួយគ្នានេះដែរ ស្ត្រីមានគភ៌ដែលជិតប្រសូតគួរគិតតែរឿងដែលវិជ្ជមានល្អៗ ដោយអាចនឹងគិតថា ទោះជាឈឺចាប់ប៉ុនណាតែនៅពេលដែលអ្នកបានឃើញមុខកូនសម្លាញ់ដែលទើបប្រសូតចេញមក អ្នកនឹងមានស្នាមញញឹមដ៏ស្រស់ស្រាយភ្លាមមិនខាន ព្រោះជីវិតរបស់អ្នកកំពុងតែបានទទួលនូវកាដូដ៏មានតម្លៃបំផុតមួយហើយ។ ចំណុចនេះច្បាស់ជាធ្វើឱ្យខ្លួនអ្នកមានអារម្មណ៍ល្អប្រសើរឡើង ធូរស្រាល បាត់អស់ក្តីកង្វល់លើរឿងឈឺចាប់នៅពេលប្រសូត និងញញឹមឡើងតែម្នាក់ឯងមិនខាន។
ជ្រើសរើសយកវិធីប្រសូតដែលល្អបំផុត
ការប្រសូតបុត្រតាមបែបធម្មជាតិ ឬប្រសូតដោយខ្លួនឯង គឺជាវិធីប្រសូតដែលល្អបំផុត ហើយរាងកាយថែមទាំងអាចរឹងប៉ឹងមាំមួនឡើងវិញបានឆាប់រហ័សទៀតផង តែសម្រាប់រាងកាយរបស់ស្ត្រីម្នាក់ៗក៏អាចនឹងមានភាពត្រៀមជាស្រេចក្នុងការប្រសូតខុសប្លែកពីគ្នាដែរ។ ស្ត្រីណាដែលរាងកាយមានសភាវខុសប្រក្រតី គ្រូពេទ្យអាចនឹងប្រើវិធីការវះប្រសូត តែបើស្ត្រីមានគភ៌ណាមានសុខភាពរាងកាយរឹងប៉ឹងល្អទាំងកាយ និងចិត្ត ក៏ស័ក្តិសមនឹងការប្រសូតដោយវិធីធម្មជាតិខ្លាំងបំផុត។ តែយ៉ាងណាក៏ដោយ ស្ត្រីមានគភ៌កូនដំបូង សូមកុំភ្លេចប្រឹក្សាជាមួយគ្រូពេទ្យរឿងវិធីការប្រសូតដែលស័ក្តិសមនឹងខ្លួនឯងផង។
ពេលតាំងគភ៌ចូរឧស្សាហ៍ជួបគ្រូពេទ្យតាមការណាត់គ្រប់ពេល
ក្នុងអំឡុងពេលនៃការតាំងគភ៌ គ្រូពេទ្យតែងតែណាត់ជួប ដើម្បីពិនិត្យរាងកាយ និងគភ៌យ៉ាងជាប់លាប់ ព្រោះបើសិនជាមានអ្វីខុសប្រក្រតី គ្រូពេទ្យនឹងបានទប់ទប់ព្យាបាលយ៉ាងទាន់ពេលវេលា ហើយការឧស្សាហ៍ទៅជួបគ្រូពេទ្យតាមការណាត់គ្រប់ពេលថែមទាំងមានលទ្ធផលល្អក្នុងការជួយកាត់បន្ថយស្ថានការណ៍ប្រថុយប្រថាន ដែលអាចកើតមានក្នុងពេលប្រសូតបានច្រើនទៀតផង។
ដោយសារការបានផ្តល់កំណើតកូនតូចជាទីស្រឡាញ់នេះអាចរាប់បានថា ជាការទទួលបានកាដូដ៏សែនមានតម្លៃមួយដែលព្រះជាម្ចាស់ប្រទានមកឱ្យ និងសម្រាប់អ្នកម្តាយថ្មោងថ្មីថែមទាំងរឹតតែមានអារម្មណ៍ថា នេះគឺជាវត្ថុដ៏មានតម្លៃសម្រាប់ជីវិតខ្លាំងបំផុតផងនោះ ដូច្នេះការធ្វើចិត្តឱ្យសប្បាយៗ បន្ធូរអារម្មណ៍ មិនធុញថប់តានតឹង និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមានជានិច្ច គួបផ្សំនឹងការបើមានកង្វល់រឿងការឈឺចាប់ហើយប្រឹក្សាជាមួយគ្រូពេទ្យ គឺជារឿងមួយដែលស្ត្រីមានគភ៌គ្រប់រូបត្រូវធ្វើ ដើម្បីឱ្យរូបអ្នកបានសប្បាយចិត្ត និងទទួលបានការមើលថែទាំពីគ្រូពេទ្យខណៈពេលប្រសូតយ៉ាងល្អទៀតផង។
ក្រៅពីនេះ កម្លាំងចិត្តពីមនុស្សជុំវិញខ្លួនក៏ជារឿងសំខាន់បំផុតដែរ ស្វាមី និងអ្នកឯទៀតក្នុងគ្រួសារគួរតែផ្តល់កម្លាំងចិត្តដល់ស្ត្រីមានគភ៌ក្នុងថ្ងៃប្រសូតឱ្យបានច្រើនបំផុត នៅពេលស្ត្រីមានគភ៌សប្បាយចិត្តខ្លាំងឡើង វាច្បាស់ជាកាត់បន្ថយសភាវភ័យខ្លាចក្នុងថ្ងៃប្រសូតបានច្រើនតាមនោះដែរមិនខាន៕