ស្ថិតនៅក្នុងស្ថានភាពដែលកំពុងរងឥទ្ធិពលអាក្រក់ និងគួរឱ្យព្រួយបារម្ភចំពោះវិស័យទេសចរណ៍កម្ពុជា ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក និងជាពិសេសនាពេលបច្ចុប្បន្នដែលកំពុងតែប្រឈមនឹងភាពភ័យខ្លាចនៃការរាតត្បាតរបស់វីរុស Covid-19 នោះ តាមការព្យាករសាជាថ្មីរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងឆ្នាំ2020 នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា អាចនឹងមានការធ្លាក់ចុះរហូតដល់ប្រមាណ 1លាននាក់។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ដោយសារតែវិបត្តិជំងឺ Covid-19 បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀតដែលមានប្រភពពីកត្តាខាងក្រៅ បានបណ្ដាលឱ្យកម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិមិនបានដូចការព្យាករជាក់ស្ដែងនៅឆ្នាំ2020 នេះ។ ការព្យាករសាជាថ្មីរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិនឹងមានការធ្លាក់ចុះប្រមាណ 1លាននាក់ ខណៈប្រទេសថៃក៏បានព្យាករដែរថាប្រទេសគេនឹងជួបបញ្ហាធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិប្រមាណ 6លាននាក់។
ឯកឧត្តម ថោង ខុន បានបន្តថា៖“ប្រសិនបើភាគីពាក់ព័ន្ធមិនជួយគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ដើម្បីដោះស្រាយឧបសគ្គនៅចំពោះមុខនេះទេ ភ្ញៀវទេសចរនៅកម្ពុជានឹងធ្លាក់ចុះប្រមាណ40% ប៉ុន្តែបើភាគីពាក់ព័ន្ធចូលរួមសាមគ្គីគ្នាជម្នះឧបសគ្គនេះបាន ភ្ញៀវទេសចរប្រហែលជាធ្លាក់ចុះត្រឹម 10-15%ប៉ុណ្ណោះ”។
តាមការអះអាងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទោះបីជាកម្ពុជាជួបវិបត្តិទាំងនេះក៏ដោយ ប៉ុន្តែនៅឆ្នាំ2025 ភ្ញៀវទេសចរនៅកម្ពុជានឹងកើនឡើងប្រមាណ 25% មកវិញ។ នេះបើតាមការព្យាករ។
ដោយឡែកវិស័យទេសចរណ៍ទូទាំងសកលលោក បានព្យាករថា នឹងខាតបង់ថវិកាជាង 22 ពាន់លានដុល្លារ។ ប្រធានអង្គការនៃក្រុមប្រឹក្សាដំណើរកម្សាន្ត និងទេសចរណ៍ពិភពលោក (WTTC) បានមានប្រសាសន៍ថា៖“ការរីករាលដាលនៃជំងឺឆ្លង COVID-19 អាចនឹងធ្វើឱ្យវិស័យទេសចរណ៍ទូទាំងសកលលោក ខាតបង់ថវិកាជាង 22ពាន់លានដុល្លារ ហើយការខូចខាតនេះ ក៏មានការចូលរួមចំណែកពីការធ្លាក់ចុះនៃចំនួនអ្នកទេសចរចិនផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA Channel NewsAsia កាលពីថ្ងៃសុក្រ ទី28 ខែកុម្ភៈ ឆ្នាំ2020។
ប្រធានអង្គការ WTTC លោកស្រី ក្លូរៀ ហ្គេវ៉ារ៉ា (Gloria Guevara) បានធ្វើការកត់សម្គាល់ខាងលើប្រាប់សារព័ត៌មានអេស្ប៉ាញ អែល ម៉ាន់ឌូ (El Mundo) ដោយបានគូសបញ្ជាក់យ៉ាងដូច្នេះថា “វាដូចជាលឿនពេកដើម្បីដឹងពីទំហំខាតបង់ថា…ការរីករាលដាលនៃជំងឺ COVID-19 អាចនឹងធ្វើឱ្យវិស័យទេសចរណ៍សកលលោកខាតបង់ថវិកាជាង 22ពាន់លានដុល្លារ។
ប៉ុន្តែ WTTC បានធ្វើការគណនាជាបឋមនេះ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច អុកស៍ហ្វ៉ដ(Oxford Economics)”។ គួរបញ្ជាក់តាមលោកស្រី Gloria ទៀតថា ការគណនានេះ គឺផ្អែកលើបទពិសោធនៃវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងមុនៗដូចជាជំងឺ SARS ឬ H1N1 ព្រមទាំងផ្ដោតលើការធ្លាក់ចុះនៃភ្ញៀវទេសចរចិន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីនេះ។
អ្វីដែលជាភាពជាក់ស្តែងនោះ គឺការផ្អាកជើងហោះហើរ និងការណែនាំរបស់រដ្ឋាភិបាល របស់ប្រទេសនានាទូទាំងពិភពលោក ឱ្យប្រជាជនរបស់ពួកគេ មានការប្រុងប្រយ័ត្ន និងកុំធ្វើដំណើរទៅកាន់បណ្តាប្រទេសដែលមានការផ្ទុះជំងឺ COVID-19 ខ្លាំងក្លានោះ ទាំងអស់នេះគឺសុទ្ធតែជាចំណាត់ការដែលបង្កផលប៉ះពាល់ធ្ងន់់ធ្ងរ ទៅដល់វិស័យទេសចរណ៍។
ជាបទពិសោធ ក្នុងគ្រាដែលពិភពលោកជួបវិបត្តិជំងឺ SARS នៅចុងឆ្នាំ2002 ដល់ឆ្នាំ2003ចំនួនភ្ញៀវទេសចរដែលមកទស្សនានៅកម្ពុជា មានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែនៅខណៈនោះក្រសួងទេសចរណ៍បានជំរុញឱ្យមានចលនាទេសចរក្នុងស្រុក ដើម្បីជួយទប់ទល់ការចំណាយរបស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។ ជាក់ស្ដែង ដោយអនុវត្តតាមវិធានការនេះហើយ កម្ពុជាបានទទួលនូវកំណើនភ្ញៀវទេសចរក្នុងស្រុក ដល់ទៅ 9% ហើយបញ្ហានានាត្រូវបានដោះស្រាយគួរជាទីគាប់ប្រសើរ។
ជាអកុសល នៅចុងឆ្នាំ2019 រហូតដល់ដើមឆ្នាំ2020 នេះ ពិភពលោកបានជួបប្រទះវិបត្តិជំងឺ Covid-19 ថ្មីនេះទៀត ដែលបណ្ដាលឱ្យវិស័យទេសចរណ៍លើពិភពលោកជួបបញ្ហាឱនភាព ក្នុងនោះកម្ពុជាក៏គេចមិនផុតពីបញ្ហានេះដែរ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍បានដាក់ចេញវិធានការ ជំរុញឱ្យមានចលនាទេសចរក្នុងស្រុកឱ្យកាន់តែខ្លាំងក្លា។
ជាមួយនឹងការរំពឹងទុកថា ភ្ញៀវទេសចរណ៍ក្នុងស្រុកនឹងមានការកើនឡើងដែរនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងប្រទេស ជាពិសេសនៅខេត្តសៀមរាប ត្រូវត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងស្រុកឱ្យបានត្រឹមត្រូវ និងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីបកស្រាយពន្យល់ប្រាប់ពួកគាត់នូវអ្វីដែលមាននៅតាមគោលដៅទេសចរណ៍នីមួយៗ ខណៈពួកគាត់ក៏ចង់ដឹងពីព័ត៌មាន ឬអាថ៌កំបាំងផ្សេងទៀតដែលបង្កប់លើជញ្ជាំងប្រាសាទ ប្រាង្គប្រាសាទ តំបន់បេតិកភណ្ឌវប្បធម៌ អច្ឆរិយភាពរបស់ស្នាដៃដូនតាខ្មែរជាដើមដែរ។
ជាមួយគ្នានេះដែរ នាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ កម្ពុជា បានអះអាងចំពោះភ្ញៀវទេសចរអន្តរជាតិថា “កម្ពុជាមានសុខសន្តិភាព សុវត្ថិភាព គ្មានការឆ្លងជំងឺ Covid-19 និងមានឱកាសច្រើនសម្រាប់ការវិនិយោគ” ដែលការផ្សព្វផ្សាយនេះធ្វើឡើងដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ក្រោមប្រធានបទ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។ នេះបើតាមក្រុមការងារក្រសួងទេសចរណ៍ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិនៅសហរដ្ឋអាមេរិក។
ក្រុមការងារដែលដឹកនាំដោយលោក សូ វិសុទ្ធី (So Visothy) អនុរដ្ឋលេខាធិការ និងលោក ថោងរដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួម និងផ្សព្វផ្សាយ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន (ATF2021) តាមរយៈការតាំងបង្ហាញស្តង់កម្ពុជា នៃការចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ (Travel and Adventure Show) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី29 ខែកុម្ភៈ ដល់ថ្ងៃទី1 ខែមីនា ឆ្នាំ2020 កន្លងទៅនៅទីក្រុងអាត្លង់តា រដ្ឋចចជា សហរដ្ឋអាមេរិក។
ការផ្សព្វផ្សាយនេះ ជាការបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាន (ATF2021) នាពេលខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីអាមេរិកមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
នាឱកាសនោះ គណៈប្រតិភូនៃក្រសួងទេសចរណ៍បានអះអាងចំពោះភ្ញៀវទេសចរ និងដៃគូអន្តរជាតិយ៉ាងដូច្នេះថា៖ “កម្ពុជា បច្ចុប្បន្នមានសុខសន្តិភាព មានសុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅចំពោះភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់គ្នា ជាពិសេសគ្មានការឆ្លងជំងឺ Covid-19 និងផ្ដល់ឱកាសពិសេសៗយ៉ាងច្រើនសម្រាប់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចគ្រប់ៗគ្នា”។
លោក ថោង រដ្ឋសក្តិ បានឱ្យដឹងថា ព្រឹត្តិការណ៍ Travel & Adventure Show ជាពិព័រណ៍ទេសចរណ៍ធំជាងគេបង្អស់របស់សហរដ្ឋអាមេរិក ដែលប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំនៅទីក្រុង ចំនួន10 ផ្សេងគ្នា ដែលឆ្នាំនេះជាលើកទី1 ហើយសម្រាប់ទីក្រុងអាត្លង់តា ដោយមានអ្នកចូលរួមតាំងពិព័រណ៍ប្រមាណជាង 500ស្ថាប័ន មកពីប្រមាណ 60ប្រទេស ក្នុងនោះពន្លាក្រសួងទេសចរណ៍កម្ពុជា ដែលបានរៀបចំតុបតែងយ៉ាងស្អាត និងមានភាពទាក់ទាញ ដោយទទួលបានភ្ញៀវចូលទស្សនា និងសាកសួរព័ត៌មានយ៉ាងផុលផុស។
លោកបានបន្តថា ក្នុងព្រឹត្តិការណ៍នោះក្រុមការងារក៏បានជួបប្រជុំជាមួយនឹងលោក John Spooner និងលោក Jonathan Goazlic ដែលជាអ្នករៀចចំកម្មវិធី ដើម្បីពិភាក្សាពីការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអាមេរិកទាំងមូល ជាពិសេសនៅតាមបណ្ដារដ្ឋ និងទីក្រុងធំៗ ដូចជា San Francisco, San Diego រដ្ឋ California, ទីក្រុង Philadelphia រដ្ឋ Pennsylvania, ទីក្រុង Denver រដ្ឋ Colorado, ទីក្រុង Tampa Bay និង Miami រដ្ឋ Florida, ទីក្រុង Chicago រដ្ឋ Illinois ដែលជាទីផ្សារធំៗរបស់សហរដ្ឋអាមេរិក។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងាររបស់ក្រសួងទេសចរណ៍កម្ពុជា ក៏បានចុះពិនិត្យក្នុងរបៀបជា Study Tour & Research នៅ Studio 7 របស់បណ្តាញស្ថានីយទូរទស្សន៍អន្តរជាតិ CNN ក្នុងទីក្រុងអាត្លង់តា ដើម្បីបន្តកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍កម្ពុជាក្នុងភាព ជាដៃគូយូអង្វែងផងដែរ។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ឆ្នាំ2019 កម្ពុជាទទួលបានភ្ញៀវទេសចរអាមេរិក ប្រមាណ 25ម៉ឺននាក់ ឈរនៅក្នុងលំដាប់ទី6 នៃទីផ្សារទេសចរកំពូលទាំង 10របស់កម្ពុជា៕