Skip to content

SpaceX ជិត​ដល់​ពេល​បាញ់បង្ហោះ​យាន​អវកាស​ដឹក​មនុស្ស​ដំបូង​របស់​ខ្លួន​ ទៅ​កាន់​ទី​អវកាស

នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ SpaceX អ្នក​ស្រី Gwynne Shotwell​ កាល​ពី​ថ្ងៃទី​10មីនា បាន​ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំមួយ​ ស្ដីអំពី​ផ្កាយ​រណប​ឆ្នាំ​2020 នៅ​ក្នុង​រដ្ឋធានី​ Washington D.C. ថា ក្រុម​ហ៊ុន​ SpaceX នឹង​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ទីអវកាស​នា​ខែ​ឧសភា​ខាង​មុខ​។

កាល​ពី​ខែ​មករាអគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុនអវកាស SpaceX លោក Elon Musk ក៏បាន​ថ្លែង​ដែរ​ថា បេសក​កម្ម​ដែល​មាន​មនុស្ស​បើក​បរ​ដំបូង​ដែល​មាន​ឈ្មោះ​ថា Demo-2 អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ត្រី​មាស​ទី​2 ឆ្នាំ​នេះ​។ ក្នុង​បេសក​កម្ម​នេះ យាន​អវកាស Crew Dragon នឹង​នាំ​អវកាស​យានិក​របស់ NASA 2រូប​ គឺ​ Bob Behnken និង​ Doug Hurley ឆៀង​​ចូល​ធ្វើ​ទស្សនកិច្ច​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)​ ផងដែរ​។

SpaceX ត្រូវ​ការ​តែ​កត្តា​1ទៀត​ប៉ុណ្ណោះ ដើម្បី​ឈាន​ដល់​ដំណាក់​កាល​បាញ់​បង្ហោះ​យាន​អវកាស​ដឹក​មនុស្ស​ជា​លើក​ដំបូង​របស់​ខ្លួន​។ “យើង​ជិត​បាន​ឆ្លងកាត់​ដំណាក់​កាល​នៃ​ការ​ទទួល​ស្គាល់​” នេះ​គឺជា​សម្ដី​របស់អ្នក​ស្រី​ Gwynne Shotwell​។ បើ​សិន​ជាដំណាក់​កាល​នៃ​ការ​ទទួល​ស្គាល់​ បាន​​ជោគ​ជ័យ SpaceX នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​អាមេរិកាំង​​ដំបូង​គេ​ដែល​នាំ​អវកាស​ចរ​ ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​ ISS​ ក្រោយ​រយៈ​ពេល​ជិត​1ទសវត្សរ៍​កន្លង​មក​នេះ​។ ចាប់​ពី​ឆ្នាំ​2011 ទីភ្នាក់​ងារ​អវកាស​ NASA តែង​តែ​ប្រើ​ប្រាស់​យាន​អវកាស​របស់ប្រទេស​​រុស្ស៊ី​ ដើម្បី​បំពេញ​ភារ​កិច្ច​នៅ​ទី​អវកាស​របស់​ខ្លួន​។

Shotwell បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​ជំនាញកំពុង​តែ​ពិចារណា​ទៅ​លើ​រយៈ​ពេលនៃ​បេសក​កម្ម​។ អវកាស​ចរ2រូប គឺ Behnken និង​ Hurley កំពុង​ហ្វឹក​ហាត់​បន្ថែម​ ព្រោះ​ថា បើ​តាម​ NASA ពួក​គេ​អាចនឹង​ត្រូវ​នៅ​ក្នុង​ស្ថានីយ​អវកាស​ក្នុង​រយៈ​ពេល​យូរ​ជាង​ផែន​ការ​ដំបូង​។

SpaceX ក៏​មានគម្រោង​ប្រើប្រាស់​ឡើង​វិញ​នូវ​យាន​អវកាស Crew Dragon ផងដែរ។ អ្នក​ជំនាញដែល​គ្រប់​គ្រង​កម្ម​វិធី​ Commercial Crew របស់​ NASA ធ្លាប់​និយាយ​ថា ក្រុម​ហ៊ុន​នេះនឹង​ប្រើ​ប្រាស់​យាន​ថ្មី​ រៀង​រាល់​ពេល​ត្រូវ​បញ្ជូន​អវកាស​ចរ​របស់ NASA ឡើង​ទៅ​កាន់​ទី​អវកាស​។ Shotwell ថ្លែង​ថា “Crew Dragon អាច​ហោះ​ហើរ​បាន​ច្រើន​ដង។ ខ្ញុំ​ប្រាកដ​ណាស់​ថា NASA នឹង​យល់​ព្រម​ប្រើ​ប្រាស់​យាន​នេះ​មិន​ខាន”។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ CNBC។

Doug Hurley (ស្ដាំ) និង Bob Behnken (ឆ្វេង) នៅ​ក្នុង​ពេល​ហ្វឹក​ហាត់​ មុន​ពេល​ធ្វើ​ហោះ​ទៅ​កាន់​ទី​អវកាស

ក្រុម​ហ៊ុន​ SpaceX ប្រើ​យាន​ Cargo Dragon ដែល​ជា​កំណែ​មួយ​ត្រូវ​បាន​ផលិត​ឡើង​មុន​ពេល​ យាន​ Crew Dragon បាន​បង្ហាញ​ខ្លួន​ ក្នុង​ការ​​ដឹក​ទំនិញ​របស់​ NASA ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ។ ក្រុម​ហ៊ុន SpaceX ធ្លាប់​បាន​ប្រើ​ប្រាស់​ឡើង​វិញដោយ​ជោគ​ជ័យ​ នូវ​យាន​អវកាស Cargo Dragon ចំនួន​3លើក​មក​ហើយ​។ SpaceX ក៏​មាន​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ការ​ប្រើ​ប្រាស់​ឡើង​វិញ​នូវ​សម្បក​កាំជ្រួចដែល​ប្រើ​សម្រាប់​បាញ់​បង្ហោះ​យាន​អវកាស​​ផងដែរ​។

អតិថិ​ជន​មួយ​ចំនួន​ក៏​បាន​ចុះ​ឈ្មោះ​ ហោះ​ទៅ​កាន់​ទី​អវកាស​ តាម​រយៈ​យាន​ Crew Dragon របស់​ SpaceX​។ កាល​ពី​ខែ​មុន ក្រុមហ៊ុន​នេះ បាន​ប្រកាស​ថា ខ្លួន​មាន​កិច្ច​សន្យា​ចំនួន​2 នៅ​ក្នុង​ដៃ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​នេះ នាំ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ ISS៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Leave a Reply

Your email address will not be published. Required fields are marked *