ពិធីការិនី ឃឹម ចរិយា កំពុងតែមានឈ្មោះបោះសំឡេងក្នុងវិថីសិល្បៈ ជាពិសេសថ្មីៗនេះនាងបានចូលរួមសម្ដែងជាមួយតារាសម្ដែងជើងចាស់លោក ខៃ ប្រសិទ្ធ ទៀតផង តែនាងបានបញ្ជាក់ថា ទម្រាំតែបានដូចបច្ចុប្បន្ន នាងខំប្រឹងប្រែងជិត១០ឆ្នាំឯណោះ។
កញ្ញា ឃឹម ចរិយា ត្រូវបានគេទទួលស្គាល់ថា មានឈ្មោះបោះសំឡេងខ្លាំងនៅចុងឆ្នាំ2016 ពិសេសក្រោយពីនាងបានចូលប្រឡូកក្នុងការងារជាពិធីការិនីក្នុងស្ថានីយទូរទស្សន៍ PNN ដែលធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពជាខ្លាំង។
អតីតកញ្ញាឯករងសាប៊ូលុច្សឆ្នាំ2007 កញ្ញា ឃឹម ចរិយា បានប្រាប់ថា មូលហេតុនាងចូលសិល្បៈយូរឆ្នាំហើយមិនសូវល្បីនោះ មិនមែនមកពីនាងគ្មានសមត្ថភាពនោះទេ ពោលគឺក្រុមគ្រួសាររបស់នាងពុំសូវពេញចិត្ដនឹងការងារសិល្បៈ និងពុំបានផ្ដល់កម្លាំងចិត្ដដល់នាងឡើយ។ នាងបន្ដថា ឪពុកម្ដាយនាងតែងតែបារម្ភពេលនាងត្រូវចេញទៅថតនៅទីឆ្ងាយៗម្ដងៗ ជាពិសេសពេលត្រឡប់មកផ្ទះវិញនៅពេលយប់ព្រលប់ ដូច្នេះទើបនាងបណ្ដោយខ្លួនទៅតាមដំណើរ ល្បីមិនល្បីមិនមែនជាបញ្ហា។
ពិធីការិនីរូបស្រស់ម្នាក់នេះបញ្ជាក់ថា៖ «ខ្ញុំបានចូលសិល្បៈជិត10ឆ្នាំហើយ នៅតែមិនទាន់មានឈ្មោះនឹងគេ ទើបខ្ញុំសម្រេចចិត្ដចូលឱ្យពេញទំហឹងតែម្ដង។ តែទោះយ៉ាងណាក៏ខ្ញុំបានជម្រាបហេតុផលទៅឪពុកម្ដាយវិញថា កូនធំហើយ កូនអាចមើលថែទាំខ្លួនឯងបានហើយ សូមម៉ាក់ និងប៉ាកុំបារម្ភអី ទើបគាត់លែងសូវគិតបារម្ភលើបញ្ហានេះដូចមុន»។
ជាការពិតណាស់ ក្រោយពីនាងសម្រេចចិត្ដហើយ គឺពិតជាត្រឹមត្រូវ ពោលគឺរយៈពេល2ឆ្នាំចុងក្រោយនេះ កេរ្ដិ៍ឈ្មោះ និងការងារដែលនាងទទួលបានពិតជាធ្វើឱ្យនាងបានសមដូចបំណងប្រាថ្នាមែន ព្រោះបច្ចុប្បន្ននាងកំពុងតែមមាញឹកជាមួយការងារពិធីការិនីទាំងនៅ PNN និងថតខ្សែភាពយន្តភាគរឿង ”ពេលណាកូនមានម្ដាយ” ដែលត្រៀមដាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ CTV8HD ទៀតផង។
ជុំវិញបញ្ហាផ្ទាល់ខ្លួនវិញ ត្រូវបាននាងថ្លែងក្នុងលក្ខណៈលេងសើចថា កុំឃើញអាយុប៉ុណ្ណឹង តែក៏មានអ្នកស្រឡាញ់ច្រើនដែរណា៎។ សព្វថ្ងៃនាងកំពុងតែសម្លឹងមើលចិត្តបុរសម្នាក់ ម្យ៉ាងនាងក៏មិនទាន់ប្រាកដថា នឹងជ្រើសយកបុរសណាធ្វើជាគូជីវិតដែរ ដូច្នេះនាងត្រូវការពេលវេលាគិតគូរចំពោះរឿងនេះឱ្យល្អិតល្អន់បន្តិចសិន៕