យោងតាមការប្រកាសផ្លូវការបានឱ្យដឹងថា ក្រុមហ៊ុន Facebook បានបង្ហោះសេចក្តីជូនដំណឹងមួយ ក្នុងគោលបំណងទប់ស្កាត់ពាណិជ្ជកម្មលក់ម៉ាស់ការពារ ក្នុងអំឡុងយុទ្ធនាការទប់ស្កាត់វីរុស COVID-19 ដែលកំពុងផ្ទុះខ្លាំងឡើង។
Facebook បានប្រកាសថា នឹងធ្វើការហាមឃាត់ជាបណ្ដោះអាសន្នលើការ Boost លក់ម៉ាស់អនាម័យ និងការលក់ម៉ាស់មុខនៅលើ Market Place (ទីតាំងលក់ទំនិញអនឡាញ) របស់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ក្រោយពីមានការកេងប្រវ័ញ្ចជុំវិញ បញ្ហាវីរុសCOVID-19។
ក្រៅពីហាមឃាត់លើការផ្សាយពាណិជ្ជកម្មលក់ម៉ាស់អនាម័យ និងការលក់ម៉ាស់សម្អាតផ្ទៃមុខលើ Martket Place ហើយនោះ Facebook ក៏បានហាមឃាត់លើការផ្សព្វផ្សាយដំណឹងមិនពិត អំពីការព្យាបាល ឬវិធីសាស្ត្រការពារមិនពិតនានាសម្រាប់ វីរុស COVID-19 ផងដែរ។
វិធានការទាំងនេះ ក៏នឹងត្រូវអនុវត្តលើ Instagram ផងដែរ។ Adam Mosseri ជាប្រធានផ្នែក Instagram បាននិយាយថា ៖ “គ្រឿងផ្គត់ផ្គង់មានតិច តម្លៃកើនឡើង ហើយយើងប្រឆាំងនឹងមនុស្សដែលកេងប្រវ័ញ្ចក្នុងស្ថានភាពអាសន្នបែបនេះ”
ក្រៅពី Facebook ហាងលក់ទំនិញអនឡាញដទៃទៀត រួមមាន eBay និង Amazon ក៏បានកែសម្រួលច្បាប់របស់ខ្លួន ជុំវិញផលិតផលដែលទាក់ទងនឹងវីរុស COVID-19។
Amazon បានដកចេញនូវឈ្មួញមួយចំនួន ដែលបានដំឡើងថ្លៃនូវម៉ាស់ និងទឹកលាងដៃផងដែរ។
eBay បានហាមឃាត់រាល់ការលក់ ម៉ាស់អនាម័យ ទឹកលាងដៃ និងកន្សែងជូតសម្អាតសម្លាប់មេរោគ ដើម្បីទប់ស្កាត់ការឡើងថ្លៃ៕