បើអ្នកនាងកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសណាម្នាក់នោះ ខាងក្រោមនេះ គឺជាវិធី 2-3យ៉ាង ដែលអាចធ្វើឱ្យបុរសម្នាក់នោះដឹងខ្លួនថា ពេលនេះអ្នកនាងកំពុងលួចស្រឡាញ់គេហើយ ដូច្នេះសូមតាមដានដូចតទៅ៖
1. សម្តែងអាកប្បកិរិយាបែបត្រង់ទៅត្រង់មកតែម្តង
វិធីដែលងាយបំផុតនោះគឺ ចូរដកដង្ហើមចូលឱ្យវែងៗ ហើយបើកបង្ហាញបេះដូងឱ្យគេបានដឹងត្រង់ៗតែម្តង ដោយគ្រាន់តែរកមើលពេលវេលាណាមួយ ដែលអ្នកនាង និងគេម្នាក់នោះនៅតែ 2នាក់ស្ងាត់ៗ ហើយប្រាប់អំពីអារម្មណ៍ដ៏ពិតប្រាកដរបស់អ្នកនាងដែលមានចំពោះគេ និងសួរគេថា តើគេមានអារម្មណ៍ដូចគ្នាដែរឬអត់?
ការធ្វើបែបនេះ អាចនឹងធ្វើឱ្យរូបអ្នកនាង ត្រូវបុរសម្នាក់នោះបដិសេធភ្លាមៗ ក៏អាចថាបានដែរ តែនេះជាវិធីមួយដ៏ឆាប់រហ័សបំផុត ដែលអ្នកនាងអាចធ្វើឱ្យខ្លួនឯងបាត់ធុញថប់តានតឹងនៅក្នុងចិត្ត ព្រោះបានទម្លាយអ្វីដែលនៅក្នុងចិត្ត(យូរមកហើយនោះ)ឱ្យគេបានដឹងហើយ តែវិធីនេះត្រូវការភាពជឿជាក់លើខ្លួនឯងខ្លាំងបំផុត ដូច្នេះបើអ្នកនាងមិនមែនជាប្រភេទមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងក្លាពេញពោរហូហៀរទេនោះ ជួនកាលវិធីផ្សេងពីនេះ ដូចជាមិនបង្ហាញមុខឱ្យគេស្គាល់ច្បាស់ៗដល់ថ្នាក់នោះ អាចនឹងប្រសើរជាង ក៏ថាបានដែរ។
2. បង្កើនការរាយមន្តស្នេហ៍
វិធីដែលល្អបំផុតក្នុងការធ្វើឱ្យដឹងពីភាពអាចទៅរួច ឬមិនរួច នៃការប្រែក្លាយពីមិត្តភាពទៅជាស្នេហានោះ គឺបង្កើនការរាយមន្តស្នេហ៍បន្តិចម្តងៗទៅលើអ្នកកម្លោះ ដែលអ្នកនាងប៉ងប្រាថ្នាម្នាក់នោះឱ្យកាន់តែច្រើនឡើង ដូចជា បន្ថែមស្នាមញញឹមដាក់គេឱ្យកាន់តែច្រើនឡើង លបសម្លឹងកែវភ្នែកគេឱ្យបានញឹកញាប់ឡើង ឬធ្វើជាដើរទៅប៉ះខ្លួនគេនៅពេលដែលគេនៅជិតអ្នកនាងជាដើម។ ទាំងអស់នេះ គឺដើម្បីឱ្យគេបានដឹងថា អ្នកនាងបាន និងកំពុងចាប់អារម្មណ៍លើរូបគេពិសេសជាងអ្នកដទៃហើយហ្នឹងឯង។
3. គ្មានវិធីណាមួយដែលធានាថា នឹងជោគជ័យ
ទាំងអស់ឡើយហើយទោះយ៉ាងណា ក៏អ្នកនាងនៅតែចាំបាច់ ត្រូវតែប្រាប់គេពីអារម្មណ៍របស់ខ្លួនឯងចំពោះគេចេញមកដដែល នេះក្នុងករណីបើគេនៅតែមិនដឹងពីអត្ថន័យ និងទង្វើដែលអ្នកនាងបានធ្វើដូចបានរៀបរាប់ខាងលើរួចហើយនោះ។ តែដែលសំខាន់ជាងអ្វីទាំងអស់នោះគឺ ការសង្កេតមើលការឆ្លើយតបរបស់គេ បើគេឆ្លើយតបចំពោះពាក្យសរសើររបស់អ្នកនាងដោយក្តីធុញទ្រាន់ ឬរំខាននោះ គឺមានន័យថា គេអាចមិនគិត ដូចអ្នកនាងគិតនោះទេ(មិនចាប់អារម្មណ៍អ្នកនាងទេ) តែបើគេតបស្នងមកវិញ ចំពោះអ្វីដែលអ្នកនាងបានធ្វើទៅលើគេ ដោយស្នាមញញឹមយ៉ាងស្មោះ និងរំភើបបំផុតនោះ ហ្នឹងគឺជាសញ្ញាដ៏ល្អមួយ ដែលបង្ហាញថា គេក៏លួចស្រឡាញ់អ្នកនាងដែរ៕
ឡារ៉ែន ជូនពរឱ្យអ្នកនាងសមបំណង…៕