ស្ត្រីជាផ្នែកមួយយ៉ាងសំខាន់ក្នុងពិភពលោក នាពេលបច្ចុប្បន្ន ហេតុនេះហើយទើបស្ត្រីត្រូវបានគេមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់នៅគ្រប់ផ្នែកទាំងអស់ចាប់តាំងពីការងារ
តូចតាច រហូតដល់ការងារដឹកនាំប្រទេស។ សំឡេងស្រ្តីជាផ្នែកមិនអាចខ្វះបានសម្រាប់ការរស់នៅក្នុងពិភពលោក ហើយមានតែស្ត្រីទេដែលយល់ច្បាស់ពីតម្រូវការ និង ស្ថានភាពជាក់ស្តែងដែលស្ត្រីត្រូវការក្នុងសង្គម។ ពាក់ព័ន្ធនឹងវិស័យតែងនិពន្ធវិញ ស្ត្រីក៏បានដើរតួនាទីសំខាន់ផងដែរ ក្នុងការបញ្ចេញមតិ និងការអប់រំ។
លោកស្រី ប៊ុនចាន់ សុក្រសិរី អ្នកនិពន្ធ និងជាសាស្ត្រាចារ្យនៃវិទ្យាស្ថានភាសាបរទេស (IFL) បានលើកឡើងថា ស្ត្រីជាធនធានមនុស្សមួយចំណែកធំរបស់សង្គមដូច្នេះការចូលរួមរបស់ស្ត្រី នៅក្នុងវិស័យតែងនិពន្ធ គឺជាភាពចាំបាច់ដើម្បីធ្វើជាតំណាងឱ្យស្ត្រី ជាអ្នកបន្លឺសំឡេងរបស់ស្ត្រីឱ្យសង្គមបានដឹងឮនូវសេចក្តីប្រាថ្នា ការលំបាក ការតស៊ូ និងការសម្រេចជោគជ័យរបស់ស្ត្រីទាំងឡាយដែលនាំទៅដល់ការយល់ដឹងពីសមត្ថភាព និងគុណតម្លៃនៃការរួបរួមកម្លាំងគ្នារវាងស្ត្រី និងបុរសក្នុងការដឹកនាំសង្គមឱ្យឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយភាពស្មើមុខស្មើមាត់ មេត្រីភាព និងសន្តិភាព។
បន្ថែមពីលើនេះ ស្ត្រីដែលជាអ្នកចូលចិត្តអានប្រលោមលោក ប្រហែលជាចង់ទទួលបាននូវអារម្មណ៍យល់ចិត្តតាមរយៈបទពិសោធ និងគំនិតដែលផ្តល់ឱ្យដោយអ្នកនិពន្ធជាស្ត្រីដូចគ្នា។ ចំណែកឯបុរសដែលចង់យល់ចិត្តគំនិតស្ត្រីក៏អាចរីករាយនឹងការអានស្នាដៃរបស់អ្នកនិពន្ធប្រលោមលោកជាស្ត្រីដែរ។
លោកស្រីបានបញ្ជាក់ថា កម្លាំងជំរុញឱ្យលោកស្រីចាប់ផ្តើមសរសេរប្រលោមលោក ឬធ្វើជាអ្នកនិពន្ធនេះ គឺកើតចេញពីមតិរបស់និស្សិតដែលបានរអ៊ូរទាំថា ពួកគេមិនអាចស្វែងរកប្រលោមលោកល្អៗរបស់ខ្មែរមកអាន ហេតុនេះហើយទើបគេអានប្រលោមលោកជាភាសាអង់គ្លេស។
កត្តានេះក៏ជំរុញឱ្យលោកស្រីតាំងចិត្តប្តេជ្ញាថា ត្រូវតែសរសេររឿងប្រលោមលោកខ្មែរ និងត្រូវសរសេរឱ្យដំណើររឿងមានភាពបត់បែន ក្នុងបំណងមិនឱ្យអ្នកអានអាចទាយសាច់រឿងត្រូវបានដោយងាយៗ និងបង្កប់ដោយគំនិតត្រិះរិះពិចារណាផង ក្រែងមានអ្នកអានជាបញ្ញវន្តខ្មែរខ្លះអាចអានបាន និងចូលរួមបង្កើតស្នាដៃតែងនិពន្ធជាភាសាខ្មែរ ដើម្បីរួមគ្នាលើកតម្កើងអក្សរសិល៍្ប និងអក្សរសាស្ត្រខ្មែរឱ្យកាន់តែប្រសើរឡើង។
លោកស្រី ប៊ុនចាន់ សុក្រសិរី បាននិយាយថា៖ «ទោះជាការងារតែងនិពន្ធមានតម្លៃសម្រាប់ស្ត្រីក៏ដោយ តែកន្លងមក ក៏មានឧបសគ្គមួយចំនួនផងដែរសម្រាប់ស្ត្រី។ ឧបសគ្គដែលពួកគាត់ត្រូវឆ្លងកាត់ គឺអ្នកនិពន្ធស្ត្រី អាចជួបការរើសអើងពីអ្នកអានខ្លះ ដែលគិតថា អ្នកនិពន្ធស្ត្រីច្រើនតែនិពន្ធតែរឿងរ៉ាវស្នេហា ខ្វះភាពស៊ីជម្រៅទៅលើអត្ថរសដទៃទៀតដែលគេចូលចិត្តអាន ដូចជានយោបាយ ទស្សនវិជ្ជា និងប្រវត្តិសាស្រ្តជាដើម»។
អ្នកនិពន្ធស្រ្តីខាងលើបានបន្ថែមទៀតថា ជាក់ស្តែងលោកស្រីផ្ទាល់ ក៏ធ្លាប់ទទួលបានមតិពីអ្នកអានម្នាក់ថា គេចូលចិត្តប្រលោមលោករបស់លោកស្រី តែគេច្រឡំថា លោកស្រីជាបុរស ហើយគេសម្តែងការហួសចិត្តពេលដឹងថា អ្នកនិពន្ធជាមនុស្សស្រី។ ពេលនេះ អ្នកអានម្នាក់នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគាត់មិនដែលបានអានប្រលោមលោកដែលនិពន្ធដោយស្ត្រីពីមុនមកសោះឡើយ។ ដើម្បីជាការជំរុញទឹកចិត្តដល់ស្ត្រីឱ្យក្លាយជាអ្នកនិពន្ធ លោកស្រីបានបញ្ជាក់ថា ស្ត្រីដែលធ្លាប់មានស្នាដៃតែងនិពន្ធ ឬមានគំនិតសរសេរល្អហើយ ដូច្នេះកុំបារម្ភពីការរិះគន់ ហើយគួរចាប់ផ្តើមផ្សព្វផ្សាយស្នាដៃរបស់ខ្លួន ដោយកុំរង់ចាំពេលវេលាល្អ ឬមិនចាំបាច់ខ្លាចអត់អ្នកគាំទ្រនោះទេ។ បើយើងមិនបានចាប់ផ្តើមផង តើធ្វើយ៉ាងណានឹងអាចឱ្យគេមើលឃើញពីសមត្ថភាពរបស់យើង ហើយធ្វើយ៉ាងណាឱ្យគេបានស្គាល់ពីស្នាដៃរបស់យើងបាន?។
បើសិនជាយើងចង់ក្លាយជាអ្នកនិពន្ធគួរតែចាប់ផ្តើមសរសេរឱ្យបានច្រើន ព្រោះដំបូងឡើយ គឺកុំខ្វល់ច្រើន ព្រោះវាជាសេចក្តីសុខផ្នែកអារម្មណ៍របស់យើង។ បន្តិចម្តងៗយើងនឹងអាចអភិវឌ្ឍទេពកោសល្យឱ្យកាន់តែខ្លាំង ហើយស្នាដៃរបស់យើងក៏ត្រូវបានគេទទួលស្គាល់កាន់តែច្រើនឡើងដែលទាំងអស់នេះ នឹងធ្វើឱ្យសំឡេងរបស់ស្ត្រីកាន់តែមានតម្លៃ និងមានថាមពលជាងមុន។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កញ្ញា ច័ន្ទ ស៊ីណេត អ្នកគ្រប់គ្រងទូទៅនៃគ្រឹះស្ថានបោះពុម្ពផ្សាយចត្វាផ្លឹស បានលើកឡើងថា កាលពីក្មេង កញ្ញាមិនមានក្ដីស្រមៃទេ ព្រោះកញ្ញាកើតក្នុងគ្រួសារក្រីក្រមួយថ្ងៃៗខំរកតែលុយដើម្បីបានទិញម្ហូបហូបប៉ុណ្ណោះ។
ក្រោយមកកញ្ញាក៏បានចូលធ្វើការងារនៅអង្គការ BBC ក្នុងកម្មវិធីវិទ្យុឡយ9 គឺពេលនោះហើយដែលកញ្ញាចាប់ផ្តើមមានក្តីស្រមៃ និងចាប់ផ្តើមសរសេរកាន់តែច្រើនឡើងៗ។ ម្យ៉ាងវិញទៀតដោយសារតែកញ្ញាចូលចិត្តអានកាលពីក្មេងផង ទើបយល់ថា ការងារសរសេរនេះជាចំណូលចិត្តយ៉ាងធំមួយដែលធ្វើឱ្យកញ្ញាអាចធ្វើការងារបានដោយមិននឿយហត់។
អ្នកនិពន្ធខាងលើបានបញ្ជាក់ផងដែរថា ស្ត្រីគួរតែចាប់ផ្តើមសរសេរនូវអ្វីដែលខ្លួនចង់សរសេរ ឬប្រសិនបើមានទេពកោសល្យគួរតែចាប់ផ្តើមតែងនិពន្ធឱ្យបានច្រើន ព្រោះគ្រប់ការងារទាំងអស់មិនអាចខ្វះសំឡេងរបស់ស្ត្រីបានទេ។ ជាក់ស្តែងកញ្ញាធ្វើការងារនៅក្នុងវិស័យភាពយន្ត ក៏នៅតែមើលឃើញថា ស្ត្រីដើរតួនាទីសំខាន់ផងដែរ ព្រោះទាំងគំនិត សាច់រឿង និងផ្នែកផ្សេងៗទៀត សុទ្ធតែជាអ្វីដែលស្ត្រីអាចធ្វើបាន ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមឱ្យរីកចម្រើនកាន់តែខ្លាំង។
កញ្ញា ច័ន្ទ ស៊ីណេត មើលឃើញថា ឧបសគ្គដែលតែងតែកើតមានសម្រាប់ស្ត្រីដែលចង់ក្លាយជាអ្នកនិពន្ធ គឺការមិនសូវបើកឱកាសឱ្យខ្លួនឯងសាកល្បងធ្វើកិច្ចការងារនេះ និងការគិតរបស់ស្ត្រីខ្លួនឯងដែលបំបាក់ទឹកចិត្តខ្លួនឯង ដោយសារការមិនទុកចិត្តលើសមត្ថភាពខ្លួនឯង ឬគិតថា ស្នាដៃរបស់ខ្លួនមិនល្អដូចបុរស។
សហស្ថាបនិកនៃគ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅជីវិត កញ្ញា សែត ហត្ថា បានលើកឡើងថា រវាងបុរស និងស្ត្រី គឺគួរតែមានការចូលរួមក្នុងកិច្ចការងារតែងនិពន្ធដូចគ្នា ដើម្បីធ្វើឱ្យមានសមភាពលើគ្រប់វិស័យទាំងអស់ ព្រោះមិនថា សង្គមគ្រួសារក្តី សហគមន៍ក្តី ឬសង្គមជាតិទាំងមូលក្តីអាចរីកចម្រើនទៅបាន លុះត្រាតែមានស្ត្រីមានសមត្ថភាពច្រើន។
ស្ត្រីដែលមានការអប់រំល្អ នឹងធ្វើឱ្យកូនៗរបស់ពួកគេទទួលបាននូវការចិញ្ចឹមបីបាច់ល្អ ដែលមានន័យថា គេនឹងក្លាយជាធនធានមនុស្សដ៏សំខាន់នាថ្ងៃអនាគតដោយសារតែពួកគេតែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់ម្តាយដែលអាចមានសមត្ថភាព។ ប្រសិនបើម្តាយជាអ្នកនិពន្ធទៀតផងនោះគាត់នឹងអាចបង្រៀនកូនឱ្យក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការអាន និងការក្រេបយកចំណេះដឹងថ្មីៗឱ្យកាន់តែទូលំទូលាយឡើងមិនខាន៕