ក្រុមហ៊ុន Sharp គ្រោងនឹងចាប់ផ្ដើមផលិតម៉ាស់អនាម័យ នៅក្នុងរោងចក្រ 1កន្លែងរបស់ខ្លួនក្នុងប្រទេសជប៉ុន ជាការឆ្លើយតបនឹងតម្រូវការកើនឡើងខ្លាំងដោយសារការផ្ទុះវីរុសកូរ៉ូណា។
យោងតាមការចុះផ្សាយរបស់ Associated Press រោងចក្រដែល Sharp នឹងធ្វើការផលិតម៉ាស់អនាម័យនោះ គឺស្ថិតនៅក្នុងទីក្រុង Kameyama ដែលជាធម្មតា គឺប្រើសម្រាប់ផលិតផ្ទាំងអេក្រង់ LCD ទ្រង់ទ្រាយធំ និងជារោងចក្រដំឡើងទូរទស្សន៍។
Sharp នឹងប្រើរោងចក្រនេះ ផលិតម៉ាស់អនាម័យឱ្យបានចំនួន 150,000បន្ទះ ក្នុង 1ថ្ងៃត្រឹមដំណាច់ខែមីនានេះ ហើយនឹងបន្តពង្រីកឱ្យបានដល់ 500,000 បន្ទះ ក្នុង 1ថ្ងៃ។
Sharp មិនបានប្រាប់អំពីតម្លៃលក់ និងផែនការចែកចាយម៉ាស់អនាម័នេះនៅឡើយទេ។ គួរជម្រាបដែរថា រោងចក្រខាងលើនេះ គឺស័ក្ដិសមបំផុតសម្រាប់ខ្សែចង្វាក់ផលិតកម្មម៉ាស់អនាម័យ ព្រោះមានគុណភាពខ្ពស់ខាងផ្នែកអនាម័យ៕