ថ្មីៗនេះ តារាចម្រៀងសំឡេងស្អក ខេម បានធ្វើតាមពាក្យសន្យារបស់ខ្លួនពិតមែន ដោយលោកបានចុះជួបកសិករផ្ទាល់ ដើម្បីស្វែងយល់ក៏ដូចជា លើកទឹកចិត្តកសិករខ្មែរយើងក្នុងផលិតបន្លែផ្លែឈើក៏ដូចជាត្រីសាច់ដែល មិនមានប្រើជាតិគីមីនោះ។ តារាចម្រៀងលោក ខេម បានប្រកាសថា ខ្លួននឹងចូលរួមផ្សព្វផ្សាយផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដោយមិនគិតប្រាក់ឡើយ ដើម្បីឱ្យផលិតផលធម្មជាតិដែលដាំដោយកសិករខ្មែរមានទីផ្សារ។
លោក ខេម បាននិយាយថា សូមបងប្អូន ប្រជាកសិករព្រួយបារម្ភលើទីផ្សារ បន្លែផ្លែឈើដែលដាំដោយធម្មជាតិតទៅទៀត ព្រោះមាន ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រាចាំ ទទួលទិញហើយ នឹងសូមដាំដុះតាមលក្ខណៈស្តង់ដារបច្ចេកទេស។ ការចុះទៅជួបប្រជាកសិករនោះ ខេមនិយាយថា ខ្លួនចូលរួមនោះជាការស្ម័គ្រចិត្ត ដោយមិនគិតប្រាក់ឡើយ ដើម្បីរួមចំណែកដល់ទីផ្សារ កសិករខ្មែរឲ្យមានទីផ្សារ។ តារាចម្រៀងល្បីឈ្មោះរូបនេះបានសម្ដែងភាពសប្បាយចិត្តជាខ្លាំង នៅពេលដែលបានធ្វើសកម្មភាពជួយដល់ កសិករខ្មែរ ពិសេសជួយ ដល់អ្នកខេត្តខ្លួនបែបនេះ។ គួរបញ្ជាក់ដែរថា ទីតាំងដែលម្ចាស់បទ”ស្រលាញ់ស្រី១ម៉ែត្រ៧៣” រូបនេះចុះទៅនោះ គឺស្ថិតនៅ ដឹកដីខេត្ត កំពង់ឆ្នាំង ដែលជាស្រុកកំណើតរបស់លោកតែម្ដង។ ខេម បានសិក្សាស្វែងយល់ក៏ដូចជាលើកទឹកចិត្តកសិករដែលលោកបានចុះទៅជួបនោះ ហើយប្រជាពលរដ្ឋពិសេសកសិករខ្មែរបានសម្ដែងភាពសប្បាយចិត្តជាខ្លាំងនៅពេលដែលបានជួយ លោក ខេម។
មិនមែនមានតែ ខេម ម្នាក់ប៉ុណ្ណោះទេ តាមការប្រកាសជាសាធារណៈកន្លងទៅ គេឃើញមាន តារាចម្រៀងល្បីជាច្រើនទៀតដែល នឹងស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រា របស់ឧកញ៉ា វ័យក្មេងដែលកំពុងមានប្រជាប្រិយភាពនេះ ក្នុងនោះមានដូចជា តារាចម្រៀង លោក ខេមរៈ សិរីមន្ត ប៉ែន ចំរ៉ុង កញ្ញា តាន់ ច័ន្ទសីម៉ា ជាដើម។ តាមប្រភពច្បាស់ការមួយទៀតបានទម្លាយឱ្យដឹងថា កំពូលតារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ ក៏អាចនឹងស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រា ដោយឥតគិតថ្លៃថ្លៃផងដែរ៕