ក្លិប AC Milan បានចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិអ៊ីតាលី Leonardo Bonucci ពីក្លិប Juventus ក្នុងតម្លៃខ្លួន40លានអឺរ៉ូ (ស្មើនឹង46.5លានដុល្លារអាមេរិក)។
Bonucci វ័យ 30ឆ្នាំបានចុះហត្ថលេខាលើកុងត្រារយៈពេល 5ឆ្នាំជាមួយនឹងក្រុមម្ចាស់ជើងឯក18សម័យកាលមួយនេះ ដែលបានចំណាយប្រាក់អស់ប្រមាណជា178លានអឺរ៉ូហើយក្នុងរដូវកាលនេះទៅលើការទិញចូលកីឡាករថ្មីៗ។ លោក Vincenzo Montella គ្រូបង្វឹករបស់ក្លិប AC Milan បានឲ្យដឹងថា៖ «ជាបច្ចេកទេស ខ្ញុំគិតថា រូបគេ និង Sergio Ramos ជាខ្សែការពារដ៏រឹងមាំបំផុតក្នុងពិភពលោក»។ ស្របពេលជាមួយគ្នានេះដែរ Juventus បានបំពេញមកវិញនូវការចុះហត្ថលេខាជាមួយខ្សែការពារ Mattia de Sciglio វ័យ24ឆ្នាំមកពីក្លិប AC Milan វិញក្នុងតម្លៃខ្លួន12លានអឺរ៉ូ។
Juventus បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ក្លិប Juventus កំពុងតែបន្ថែមកីឡាករម្នាក់ដែលមានទេពកោសល្យដ៏អស្ចារ្យ និងពោរពេញដោយបទពិសោធអន្តរជាតិ»។ ការផ្ទេររបស់ Bonucci មានន័យថា រូបគេនឹងក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងវ័យ30ឆ្នាំ ឬច្រើនជាងនេះ ដោយច្រើនជាងតម្លៃខ្លួន25លានអឺរ៉ូ ដែលក្លិប Roma ធ្លាប់បានចំណាយទិញខ្សែប្រយុទ្ធ Gabriel Batistuta ពីក្លិប Fiorentina កាលពីឆ្នាំ2000ទៅទៀត។
Bonucci វ័យ30ឆ្នាំបានចំណាយពេល7ឆ្នាំនៅឯក្លិប Juventus ដោយបានធ្វើការបង្ហាញខ្លួន319លើក និងឈ្នះពានរបស់ក្របខ័ណ្ឌ Serie A ចំនួន6លើក។ ក្លិប AC Milan បានឲ្យដឹងថា៖ «ក្រោយពីការផ្ទេរចេញគូប្រជែងដ៏គួរឲ្យគោរព ទៅកាន់ក្លិប AC Milan យើងសូមស្វាគមន៍ចំពោះ Leonardo»៕
ប្រភពព័ត៌មាន៖ BBC