មនុស្សយ៉ាងតិច4នាក់ បានបាត់បង់ជីវិត និង33នាក់ផ្សេងទៀតជាប់នៅក្រោមគំនរបាក់បែក ក្នុងករណីបាក់រលំសណ្ឋាគារមួយដែលគេប្រើសម្រាប់ដាក់អ្នកជំងឺដែលបានឆ្លងមេរោគកូរ៉ូណា Covid-19 នៅឯខេត្ត Fujian ប្រទេសចិន កាលពីម្សិលមិញ។
“ក្រុមអ្នកសង្គ្រោះ បានជួយយកមនុស្ស38នាក់ដែលនៅមានជីវិត ចេញពីគំនរបាក់បែក ក្នុងនោះមាន5នាក់ស្ថិតក្នុងស្ថានភាពអាសន្នបំផុត។ នៅក្នុងអំឡុងអគារនេះត្រូវបាក់រលំ គឺមានមនុស្សចំនួន71នាក់កំពុងស្ថិតនៅក្នុងនោះ” នេះបើតាមការប្រកាសពីក្រសួងគ្រប់គ្រងគ្រោះអាសន្ននៃប្រទេសចិន។
សណ្ឋាគារកម្ពស់5ជាន់ ឈ្មោះ Xinjia នៅក្នុងខណ្ឌ Licheng ក្រុង Jinan ខេត្ត Fujian បានបាក់រលំកាលពីវេលាម៉ោងប្រហែល19:30ម្សិលមិញ។ សណ្ឋាគារនេះ ត្រូវបានអាជ្ញាធរប្រើប្រាស់ជាមជ្ឈមណ្ឌលសម្រាប់ដាក់អ្នកដែលត្រូវបានសង្ស័យថាមានផ្ទុកមេរោគកូរ៉ូណា Covid-19។
ក្រោយការបាក់រលំនៃអគារនេះបន្តិច ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន 800នាក់ និងអ្នកស្ម័គ្រចិត្តចំនួន 200នាក់ បានទៅដល់កន្លែងកើតហេតុ។ ក្រៅពីនេះក៏មានអ្នកស្វែងរក និងអ្នកសង្គ្រោះចំនួន11ក្រុម រួមនឹងសុកជំនាញចំនួន7ក្បាល ក៏បានចូលរួមស្វែងរក និងជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍នេះផងដែរ។
អាជ្ញាធរខេត្ត Fujian បានឱ្យដឹងថា គិតមកដល់ថ្ងៃទី6មីនា ខេត្តនេះ មានអ្នកផ្ទុកមេរោគកូរ៉ូណាសរុបចំនួន 296នាក់ និងអ្នកដែលត្រូវបានតាមដានសុខភាពជាពិសេសចំនួន 10,819នាក់។ នៅថ្ងៃទី8មីនានេះ ប្រទេសចិនបានប្រកាសថា មានអ្នកឆ្លងមេរោគកូរ៉ូណាថ្មីចំនួន44នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន27ករណី ដែលទាំងអស់សុទ្ធតែនៅក្នុងខេត្ត Hubei។ ប្រទេសនេះ បច្ចុប្បន្ន មានអ្នកផ្ទុកមេរោគកូរ៉ូណាសរុប 80,695នាក់ និងអ្នកស្លាប់បានឡើងដល់ 3,097នាក់។ នេះបើតាមសារព័ត៌មាន AFP។
Covid-19 បានឆ្លងរាលដាលនៅទីក្រុង Wuhan កាលពីចុងឆ្នាំ2019 ហើយមកដល់ពេលនេះ វាបានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន202 នៅទូទាំងពិភពលោក បណ្ដាលឱ្យមានអ្នកឆ្លងជំងឺរាតត្បាតនេះ ចំនួន 106,165នាក់ ក្នុងនោះមានអ្នកស្លាប់ជិត 3,600នាក់ និងអ្នកបានជាសះស្បើយ មានចំនួន59,963នាក់៕
ប្រភព៖ សារព័ត៌មានបរទេស