Skip to content

ក្លិប West Ham យល់ព្រមលើលក្ខខណ្ឌផ្សេងៗ ដើម្បីបំពេញការផ្ទេរ Hernandez

ក្លិប West Ham United បានយល់ព្រមលើលក្ខខណ្ឌផ្សេងៗជាមួយនឹងក្លិប Bayer Leverkusen ដើម្បីចុះហត្ថលេខាជាមួយនឹង Javier Hernandez ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United ក្នុងការផ្ទេរមួយដែលត្រូវបានគេជឿជាក់ថា មានតម្លៃខ្លួន16លានផោន (ស្មើនឹង20.75លានដុល្លារអាមេរិក)។

ក្លិបញញួរធំ West Ham បានប្រកាសថា ខ្សែប្រយុទ្ធអន្តរជាតិម៉ិកស៊ិកវ័យ29ឆ្នាំរូបនេះ នឹងធ្វើដំណើរទៅដល់ទីក្រុងឡុងដ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដើម្បីបំពេញលក្ខខណ្ឌផ្ទាល់ខ្លួន និងទទួលការត្រួតពិនិត្យសុខភាព។ Hernandez ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិម៉ិកស៊ិកនោះនឹងក្លាយជាកីឡាករចំណូលថ្មីទី3សម្រាប់ក្រុមរបស់លោក Slaven Bilic និងការនាំយកខ្សែការពារ Pablo Zabaleta និងអ្នកចាំទី Joe Hart។

លោក Bilic ពិតជាចង់ចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធថ្មីម្នាក់ ក្រោយពីការរងរបួសរបស់កីឡាករ Andy Carroll និង Diafra Sakho ដែលធ្វើឲ្យក្លិប West Ham បញ្ចប់រដូវកាលមុនដោយមានតែខ្សែប្រយុទ្ធកម្ចី Jonathan Calleriម្នាក់ប៉ុណ្ណោះដែលលេងក្នុងតំបន់ប្រយុទ្ធ និងបានស៊ុតបាល់បញ្ចូលទីបាន1គ្រាប់ក្នុងការបង្ហាញខ្លួន19លើក ។

Hernandez គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ក្នុងក្របខ័ណ្ឌ Premier League ក្រោយពីបានស៊ុតបាល់បញ្ចូលទីសរុប59គ្រាប់ ក្នុងអំឡុងការចំណាយពេល4ឆ្នាំនៅឯកីឡដ្ឋាន Old Trafford។ កីឡាកររូបនេះដែលត្រូវបានគេស្គាល់ថាជា Chicharito នោះបានផ្ទេរទៅកាន់ក្លិប Real Madrid ក្នុងនាមជាកីឡាករកម្ចីកាលពីឆ្នាំ2014 ហើយរយៈពេល1ឆ្នាំក្រោយមក រូបគេបានចុះហត្ថលេខាទៅកាន់ក្លិប Leverkusen ជាដែលកន្លែងរូបគេបានស៊ុតបាល់បញ្ចូលទី28គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga 54លើក៕
ប្រភពពី៖ The Guardian

Leave a Reply

Your email address will not be published. Required fields are marked *