នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ឬ AFD ថ្មីប្រចាំកម្ពុជា បានលើកឡើងថា អង្គការ AFD មានឆន្ទៈយ៉ាងមុតមាំក្នុងការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា។
នាយិកានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ឬ AFD ប្រចាំកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មីបានថ្លែងបែបនេះនៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនាពេលកន្លងមក ជាមួយឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយបានសម្ដែងការគាំទ្រក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មី ដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀងកាលពីពេលថ្មីៗនេះ។ ក្នុងឱកាសនោះ លោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារ
បាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជាបានលើកឡើងថា AFI នឹងជួយគាំទ្រទាំងថវិកា និងបច្ចេកទេស ដើម្បីពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មកម្ពុជា តាមរយៈការកសាងផែនការ និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មពាក់ព័ន្ធនឹងខ្សែចង្វាក់តម្លៃផលិតកម្ម និងតម្លៃបន្ថែមលើផលិតកម្មស្រូវ និងបន្លែ ការកែប្រែគុណភាពដី និងកៅស៊ូគ្រួសារកម្ពុជាឱ្យមាននិរន្តរភាព។ លោកស្រីអះអាងថា តាមរយៈកិច្ចគ្រាំទ្រនេះ នឹងជួយបង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រដល់កសិករនៅក្នុងប្រទេសកម្ពុជាផងដែរ។
នាយិកា AFD រូបនេះ ក៏បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់ក្រុមការងាររបស់អង្គការ AFD ដែលកិច្ចសហការនេះហើយ បានផ្តល់ជាជំនឿទុកចិត្តមកដល់អង្គការ AFD ដើម្បីបន្តការគាំទ្រ និងរៀបចំគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មីដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀង។
ពាក៉ព័ន្ធនឹងការលើកឡើងនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើកឡើងដែរថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការនាំចេញ លើកកម្ពស់ផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីដើរឱ្យទាន់បរិបទនៃកំណើនសេដ្ឋកិច្ច និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ2030 ការអភិវឌ្ឍវិស័យកសិកម្មត្រូវផ្ចង់ផ្តោតទៅលើការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព និងបរិយាប័ន្ន តាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យសមស្រប អនុវត្ត និងបំពេញខ្សែចង្វាក់ផលិតកម្ម និងតម្លៃបន្ថែម អនុវត្តផែនការផលិតកម្មច្បាស់លាស់ និងផលិតកម្មកសិកម្មតាមកិច្ចសន្យា ធានានិរន្តរភាពក្នុងការផ្គត់ផ្គង់ គុណភាព អនាម័យ ភូតគាមអនាម័យ និងការប្រកួតប្រជែង។
មិនតែប៉ុណ្ណោះ ឯកឧត្តមថា ដៃគូអភិវឌ្ឍន៍នានាក៏ត្រូវគិតគូរ និងពិនិត្យឡើងវិញនូវរាល់សកម្មភាពគម្រោងដែលបានអនុវត្តកន្លងមក ធ្វើយ៉ាងណាតម្រង់ទិសឱ្យចំគោលដៅរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល គឺកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។
ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់អង្គការ AFD និងក្រុមការងារពិនិត្យពិចារណាលទ្ធភាពជួយផ្តល់ការគាំទ្រលើការពិសោធ និងផលិតពូជ បច្ចេកទេសដាំដុះ និងប្រមូលផល ឃ្លាំងស្តុកឡសម្ងួតលើដំណាំមួយចំនួនទៀត ដូចជាដំណាំពោត ដំឡូងមី ស្វាយ និងស្វាយចន្ទីដែលកំពុងមានសក្តានុពលនៅលើទីផ្សារក្នុង និងក្រៅស្រុក ហើយបានផ្តល់ចំណូលយ៉ាងល្អជូនប្រជាកសិករ។ ទន្ទឹមនឹងនេះ ជំរុញការរៀបចំចងក្រងសហគមន៍ផលិតកម្ម ដើម្បីអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍ដល់ការធានាការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព និងស្ថិរភាពតម្លៃ និងជាពិសេសផែនការមេ និងប្រព័ន្ធធារាសាស្ត្រស្រោចស្រពដែលផ្តោតលើដំណាំទាំងនេះជាសំខាន់។
តបតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី លោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា និងក្រុមការងារ បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយនឹងយកសំណើទាំងនោះទៅពិចារណាបន្ថែម រួចដាក់បញ្ចូលក្នុងគម្រោងថ្មីដែលនឹងត្រូវរៀបចំដោយអង្គការ AFD នាពេលឆាប់ៗខាងមុខនេះ៕