ស្របទៅនឹងការទទូចចង់បានពីវិស័យឯកជន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីការគាំទ្រ និងជំរុញយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាឱ្យបណ្តាសហគ្រាសធុនតូច និងមធ្យម ឬ SME មានលទ្ធភាពរឹងមាំនៅក្នុងដំណើរការអាជីវកម្ម ដែលជាផ្នែកមួយយ៉ាងសំខាន់ នៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិកម្ពុជា ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងការថ្លែងសារ ពិសេសជូនប្រជាពលរដ្ឋកាលពីថ្ងៃទី24 កុម្ភៈថា វិស័យសហគ្រាសធុនតូច និងមធ្យម គឺនៅមានសក្ដានុពលសម្រាប់ភាពរីកចម្រើន ដែលត្រូវតែមានការលើកទឹកចិត្ត និងជំរុញគាំទ្រយ៉ាងចិត្តទុកដាក់។ រដ្ឋាភិបាលមានគោលបំណងបំប្លែង SME ធ្វើជាកម្លាំងជំរុញដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា និងផលិតទំនិញកាន់តែច្រើន ដើម្បីជំនួសតម្រូវការនាំចូលទំនិញសម្រេច។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖“រាជរដ្ឋាភិបាលមានបំណង ចង់ប្រែក្លាយសហគ្រាសធុនតូច និងមធ្យម ឱ្យទៅជាកម្លាំងចលករ ជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ការងារកាន់តែច្រើនដល់ពលករកម្ពុជា និងមានលទ្ធភាពផលិតនូវទំនិញកាន់តែច្រើនជំនួសឱ្យការនាំចូល”។
សម្ដេចបានមានប្រសាសន៍បន្តទៀតថា ក្នុងគោលដៅនេះ រដ្ឋាភិបាលដាក់ចេញនូវវិធានការ ដូចជា រៀបចំបង្កើតគណៈកម្មាធិការ សកម្មភាពគោលនយោបាយ ដើម្បីជំរុញ និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដែលមានសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធសំខាន់ៗ នៅក្រោមការដឹកនាំផ្ទាល់របស់ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយនឹងដាក់ចេញនូវវិធានការជាក់ស្ដែង ពាក់ព័ន្ធនឹងការជំរុញ និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម តាមដានអនុវត្ត និងស្នើចេញនូវវិធានការកែសម្រួលតាមការចាំបាច់។
ខណៈពេលការអំពាវនាវ ដើម្បីជំរុញផលិតកម្មសហគ្រាសធុនតូច និងមធ្យម SME របស់រដ្ឋគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំនេះ ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុតាមរយៈធនាគារ ដល់សហគ្រាសធុនតូច និង មធ្យម ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ដោយធនាគារនោះត្រូវបានរៀបចំឡើង ដើម្បីជួយសម្រួលដល់ប្រាក់កម្ចីដែលមានការប្រាក់ទាបសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងការកែច្នៃផលិតផលកសិកម្ម និងកែច្នៃម្ហូបអាហារ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ធនាគារអភិវឌ្ឍន៍ជនបទដែលគ្រប់គ្រងដោយរដ្ឋ ធនាគារពាណិជ្ជ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យផលិតកម្ម និងសិប្បកម្ម ព្រោះប្រទេសកម្ពុជា គឺជាប្រទេសមួយដែលសម្បូរទៅដោយវត្ថុធាតុដើមពីកសិកម្ម។ យើងត្រូវជំរុញផលិតកម្មសហគ្រាសធុនតូច និងមធ្យមរបស់យើងដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ។ យើងមិនត្រឹមតែផ្តោតលើការនាំចេញផលិតផលកាត់ដេរប៉ុណ្ណោះទេ។ យើងក៏ត្រូវបង្កើនការនាំចេញផលិតផលកែច្នៃពីកសិផលផងដែរ។
នៅក្នុងកិច្ចគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យដំណើរការនូវធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យម ឱ្យបានឆាប់ជាមួយនឹងការរៀបចំជាកម្មវិធីហិរញ្ញប្បទាន ពិសេសគឺមានទឹកប្រាក់រហូតដល់ 50លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យឧស្សាហកម្ម ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមទាំងនោះមានលទ្ធភាពពង្រីក និងធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រឹងភាព-ប្រកួតប្រជែង។
យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មបានចុះបញ្ជីជាផ្លូវការស្មើនឹង 41%។ ទន្ទឹមនឹងនេះក្រសួងក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើតបណ្ដុំសហគ្រាសធុនតូច និងមធ្យម(SME Cluster Zone)ចំនួន2 ដើម្បីប្រមូលផ្ដុំនូវបណ្ដុំមូលដ្ឋានផលិតកម្ម ពិសេសសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម សំដៅជំរុញការផ្ទេរបច្ចេកវិទ្យា ការធ្វើពិពិធកម្មមុខទំនិញ ការបង្កើតគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ការកាត់បន្ថយថ្លៃដើម ការផ្ដល់តម្លៃបន្ថែមខ្ពស់ ព្រមទាំងផ្ដល់ឱកាសដល់សហគ្រាសទាំងអស់នោះ ទទួលបានការលើកទឹកចិត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាពិសេសបណ្ដាផលិតកម្ម កែច្នៃកសិផល ផលិតកម្មម្ហូបអាហារ និងឧស្សាហកម្មផលិត ផលិតផលជំនួសការនាំចូលជាដើម។
ផ្អែកតាមទិន្នន័យស្ថិតិ បានបែងចែកសហគ្រាសកម្មន្តសាលទៅតាមទំហំ ដោយយកចំនួន កម្លាំងពលកម្មជាមូលដ្ឋាន បានបង្ហាញពីរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាមានលក្ខណៈចន្លោះប្រហោង ពុំមានភាពរឹងមាំ ដូចជាសហគ្រាសធុនតូច ដែលមានចំនួនច្រើនលើសលប់ និងសហគ្រាសធុនមធ្យមមានចំនួនតិចតួច ដែលបង្ហាញភាពទន់ខ្សោយក្នុងការគាំទ្រដល់សហគ្រាសធុនធំ និងមានលក្ខណៈផុយស្រួយ។
ការពឹងអាស្រ័យស្ទើរតែទាំងស្រុងលើសហគ្រាសខ្នាតធំ មិនមានស្ថិរភាព 100%ទេ ឧទាហរណ៍ក្នុងករណីមានការបាត់បង់រោងចក្រធុនធំចំនួន1 ឬ 2 នោះ គឺអាចនឹងប៉ះពាល់ដោយផ្ទាល់ដល់ស្ថានភាពទីផ្សារការងារ និងកំណើនសេដ្ឋកិច្ច ព្រមទាំងងាយនឹងបាត់បង់ភាពប្រកួតប្រជែងទៀតផង។
យោងតាមស្ថិតិបែងចែកទំហំសហគ្រាសកម្មន្តសាលតាមចំនួនកម្លាំងពលកម្ម បានបង្ហាញថា៖ សិប្បកម្មធុនតូច ឬសហគ្រាសធុនមីក្រូ(កម្លាំងពលកម្មពី 1-10នាក់)ស្មើនឹង 97.3 % សហគ្រាសធុនតូច(11-50នាក់) និងធុនមធ្យម(51-100នាក់)ស្មើនឹង 2.2% និងសហគ្រាសធុនធំដែលមានកម្លាំងពលកម្មចាប់ពី 101នាក់ឡើងទៅស្មើ 0.6%។ ក្នុងនោះសហគ្រាសកម្មន្តសាល មានដល់ទៅ 91.7%។
បើគិតជាកម្លាំងពលកម្មវិញ ឧស្សាហកម្មធុនធំបានស្រូបយកដល់ទៅ 63.3% ធុនមីក្រូ(តូចបំផុត)ស្រូបយក 29.3% និងសហគ្រាសធុនតូច និងមធ្យមសូមស្រូបយក 7.4%។ ប៉ុន្តែ បើគិតពីផលរបរវិញ សហគ្រាសធុនធំបង្កើតបានរហូតដល់ទៅ 76% ចំណែកសហគ្រាសធុនមីក្រូ បង្កើតបានតែ 12%ប៉ុណ្ណោះ គឺស្មើនឹងសហគ្រាសធុនតូច និងមធ្យម។ ចំពោះសហគ្រាសក្រៅផ្លូវការ សហគ្រាសធុនមីក្រូទាំងអស់មាន 98.64% សហគ្រាសធុនតូចមាន 62.83% សហគ្រាសធុនមធ្យមមាន 28.57% និងសហគ្រាសធុនធំមាន 7.04% មិនបានចុះបញ្ជីផ្លូវការ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្ដែងការសាទរទៅនឹងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល មកលើវិស័យឯកជនដែលកំពុងតែមានភាពប្រឈម។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា៖“ការជួយសម្របសម្រួលពីសំណាក់រដ្ឋាភិបាល ជាពិសេសការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាប គឺសុទ្ធតែជាចំណុចសំខាន់ ដែលវិស័យឯកជនចង់បាន”។
លោកឧកញ៉ាបន្តថា៖“គោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញខាងលើនេះ គឺជាក្ដីប្រាថ្នារបស់វិស័យឯកជនជាយូរណាស់មកហើយ ដែលនេះជាការលើកទឹកចិត្តយ៉ាងខ្លាំង ក្នុងការជំរុញឱ្យវិស័យសហគ្រាសធុនតូច និងមធ្យមមានឱកាស ក្នុងការបង្កើនផលិតភាពរបស់ខ្លួន ដើម្បី អាចប្រកួតប្រជែងនៅលើទីផ្សារ”។
បន្ថែមពីនេះទៀត មានបណ្តាសហគ្រិនជាច្រើនចង់បានច្បាប់សម្របសម្រួលបន្ថែម ទៅលើគោលនយោបាយ SME ប្រមូលផ្តុំ ដូចជាការលើកលែងពន្ធការកាត់បន្ថយតម្លៃអគ្គិសនី ក៏ដូចជាការជួយសម្រួលទៅលើកិច្ចដំណើរការឯកសារផ្សេងៗ ដូចគ្នាទៅនឹងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ ទាំងអស់នេះសុទ្ធតែជាចំណុចសំខាន់សម្រាប់វិស័យឯកជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ាលឹម ហេង។
នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងបាននិយាយថា អត្ថប្រយោជន៍នឹងត្រូវផ្តល់ដល់អ្នកដែលស្ថិតក្នុងវិស័យអាទិភាពចំនួន6 គឺកសិកម្ម និងផលិតកម្ម កសិកម្ម, ផលិតកម្ម និងការកែច្នៃអាហារ, ផលិតកម្ម នៃផលិតផលសម្រាប់ការប្រើប្រាស់ក្នុងស្រុក, កែច្នៃសំរាម និងផលិតផលសម្រាប់ទេសចរណ៍, ការស្រាវជ្រាវ និងការអភិវឌ្ឍព័ត៌មានបច្ចេកវិទ្យា។
អត្ថប្រយោជន៍ គឺការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់ 5ឆ្នាំ ការលើកលែងការកាត់ពន្ធរហូតដល់ 5ឆ្នាំ និងការលើកទឹកចិត្តលើការចំណាយកាត់ពន្ធ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីចំណូលពន្ធ សហគ្រាសធុនតូច និងមធ្យមថ្មី ត្រូវចុះឈ្មោះនៅរដ្ឋបាលសារពើពន្ធ ហើយសហគ្រាស ធុនតូច និងមធ្យមដែលបានចុះបញ្ជី ត្រូវបានស្នើសុំឱ្យធ្វើបច្ចុប្បន្នភាពព័ត៌មានអាជីវកម្មរបស់ពួកគេ។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាននិងកំពុងធ្វើការលើកទឹកចិត្ត ដល់អ្នកដែលដំណើរការសហគ្រាសធុនតូច និងមធ្យម ក្រៅផ្លូវការ ឱ្យមកចុះឈ្មោះ និងចូលជាផ្លូវការ។ ទាំងអស់នេះនឹងអនុញ្ញាតឱ្យអាជីវកម្មទាំងនោះទទួលបានអត្ថប្រយោជន៍ពីកម្មវិធីគាំទ្ររបស់រដ្ឋាភិបាល និងជួយសហគ្រាសធុនតូច និងមធ្យមតាមរយៈសេវាកម្មហិរញ្ញវត្ថុទៀតផង៕