ប្រព័ន្ធ WiFi ហុចផលប៉ះពាល់ដល់សក្តានុពលរបស់ទឹកមេជីវិតរបស់បុរសៗណា ដែលច្រើនតែដាក់ កុំព្យូទ័រ Labtop លេងនៅលើភ្លៅ ព្រោះអាចនឹងធ្វើឱ្យពិបាកក្នុងការមានកូន។
កាលពីចុងខែកន្លងទៅនេះ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិក និងអាហ្សង់ទីន បានបង្ហើបឱ្យដឹងថា មនុស្សប្រុសដែលចូលចិត្តដាក់កុំព្យូទ័រ Labtop នៅលើភ្លៅ ខណៈពេលភ្ជាប់ប្រព័ន្ធ WiFi នោះ អាចប្រថុយប្រថាននឹងសភាវពិបាកមានកូន ក្រោយពីស្រាវជ្រាវរកឃើញថា ប្រព័ន្ធ WiFi ហុចផលប៉ះពាល់ដល់សក្តានុពលរបស់ទឹកមេជីវិតរបស់មនុស្សប្រុស។
ដោយអ្នកវិទ្យាសាស្ត្រមកពីស្ថាប័នវេជ្ជសាស្ត្រការបន្តពូជ នេសសេនធីស ក្នុងប្រទេសអាហ្សង់ទីន រួមជាមួយស្ថាប័នវេជ្ជសាស្ត្រ វើជីនៀ សហរដ្ឋអាមេរិក បានរួមគ្នាធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងផលប៉ះពាល់របស់ WiFi ចំពោះសភាវការបន្តពូជរបស់មនុស្សប្រុស ដោយនាំយកទឹកមេជីវិតពីមនុស្សប្រុសដែលមានសុខភាពល្អក្នុងអំឡុងអាយុពី 26 – 45ឆ្នាំ ចំនួន 29នាក់ មកដាក់ជិត និងឆ្ងាយពីកុំព្យូទ័រ Labtop ដែលបានភ្ជាប់ប្រព័ន្ធ WiFi រយៈពេល 4ម៉ោង។
លទ្ធផលនៃការសាកល្បងបានបង្ហាញថា បន្ទាប់ពី 4ម៉ោងកន្លងផុតទៅ ទឹកមេជីវិតដែលដាក់នៅជិតកុំព្យូទ័រ Labtopនោះ បញ្ឈប់ការធ្វើចលនា ដល់ទៅ 25ភាគរយ ចំណែក 9ភាគរយទៀត រកឃើញថា DNA ត្រូវបានបំផ្លាញចំណែកទឹកមេជីវិតដែលដាក់នៅឆ្ងាយពីកុំព្យូទ័រ Labtop វិញ បញ្ឈប់ការធ្វើចលនាត្រឹមតែ 14ភាគរយ និងមានត្រឹមតែ 3ភាគរយប៉ុណ្ណោះ ដែលDNA ត្រូវបានបំផ្លាញ។
តាមរយៈការស្រាវជ្រាវនេះ បានបង្ហាញឱ្យឃើញថា បើសិនមនុស្សប្រុសប្រើការកុំព្យូទ័រ Labtop និងតភ្ជាប់ប្រព័ន្ធ WiFi អ៊ីនធើណេតហើយដាក់នៅលើភ្លៅនោះ នឹងហុចផលធ្វើឱ្យពិបាកក្នុងការមានកូន តែក៏គួរសង្កេតដែរថា ការងារស្រាវជ្រាវមួយនេះ មិនបាននិយាយពីកម្តៅដែលចេញពីកុំព្យូទ័រ Labtop នោះឡើយ ទាំងដែលកម្តៅ ក៏ជាបច្ច័យមួយដែលបំផ្លាញសក្តានុពលរបស់ទឹកមេជីវិតដែរនោះ។
យ៉ាងណាក៏ដោយ ខាងលោកវេជ្ជបណ្ឌិត រ៉ូប៊ើត អូអាតេស ដែលជាអ្នកឯកទេសខាងប្រព័ន្ធបន្តពូជ និងប្រព័ន្ធបញ្ចេញទឹកមូត្រ បានផ្តល់ទស្សនៈថា លទ្ធផលនៃការស្រាវជ្រាវនេះ គ្រាន់តែជាចំណាប់អារម្មណ៍មួយក្នុងន័យវិទ្យាសាស្ត្រប៉ុណ្ណោះ តែសម្រាប់រូបលោកវិញ វាគ្មានភាពពាក់ព័ន្ធអីខាងជីវវិទ្យារបស់មនុស្សឡើយ៕