មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានផ្ញើលិខិតមួយច្បាប់ជូនកូរ៉េខាងត្បូង សម្ដែងការជឿជាក់ថា ប្រទេសនេះនឹងឆាប់ទទួលបានជោគជ័យលើរោគរាតត្បាត Covid-19 និងអាចការពារសុខភាពរបស់ប្រជាជន។
លេខាធិការសារព័ត៌មាននៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃនេះថា “ប្រធានរដ្ឋ Kim Jong-un មានបំណងលើកទឹកចិត្តប្រជាជន (កូរ៉េខាងត្បូង) ដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ គាត់ជឿជាក់ថា យើងនឹងទទួលបានជ័យជំនះ ហើយសង្ឃឹមថា សុខភាពរបស់ប្រជាជនកូរ៉េខាងត្បូងនឹងត្រូវបានការពារ”។
លិខិតមួយច្បាប់នោះ ត្រូវបានលោក Kim ផ្ញើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កាលពីថ្ងៃ ទី4មីនា ឆ្នាំ2020។ នៅក្នុងលិខិតនោះ លោក Kim Jong-un បានសម្ដែងការព្រួយបារម្ភចំពោះសុខភាពរបស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូង ព្រមទាំងបានបកស្រាយអំពី “គំនិតស្មោះត្រង់” របស់លោក Kim Joong-un អំពីស្ថានការណ៍នៅលើឧបទ្វីបកូរ៉េនាបច្ចុប្បន្ន។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ក៏បានផ្ញើលិខិតមួយច្បាប់ឆ្លើយតបទៅកាន់កូរ៉េខាងជើង ក្នុងនោះលោក Moon បានសម្ដែងការអរគុណចំពោះការយកចិត្តទុកដាក់របស់ប្រធានរដ្ឋកូរ៉េខាងជើងផងដែរ។
កូរ៉េខាងត្បូង ថ្ងៃនេះបានរកឃើញអ្នកផ្ទុកមេរោគ Covid-19 បន្ថែមចំនួនជាង332នាក់ នាំឱ្យចំនួនអ្នកបានឆ្លងមេរោគនេះ សរុបឡើងដល់ជាង 6,088នាក់ ក្នុងនោះមាន 35នាក់បានបាត់បង់ជីវិត និងជាង40នាក់បានជាសះស្បើយពីជំងឺ។ ប្រទេសនេះ បានក្លាយជាសម្បុកមេរោគ Covid-19 ធំជាងគេក្នុងពិភពលោកបន្ទាប់ពីប្រទេសចិន។
ចំណែកនៅទូទាំងពិភពលោកវិញ មនុស្សចំនួន 95,748នាក់ ត្រូវបានគេរាយការណ៍ថា បានឆ្លងមេរោគ Covid-19 ក្នុងនោះមាន 3,286នាក់ បានស្លាប់ និង 53,423នាក់ បានជាសះស្បើយពីជំងឺ៕
ប្រភព៖ សារព័ត៌មានបរទេស