ស្ថាប័នទាំងអស់នឹងត្រូវកាត់បន្ថយចំណាយរហូតដល់ 50% លើកលែងតែក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ ដែលត្រូវកាត់បន្ថយចំណាយចំនួន 25%។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតសុខាភិបាលកាលពីម្សិលមិញ។
សម្តេចបានលើកឡើងថា ដើម្បីទប់ស្កាត់បញ្ហាសេដ្ឋកិច្ច និងបញ្ហាដែលប៉ះពាល់ដោយមេរោគឆ្លង Covid-19 រាជរដ្ឋាភិបាលនឹងកាត់បន្ថយការចំណាយទាំងឡាយណាដែលមិនចាំបាច់។ សម្តេចបញ្ជាក់ថា ចាប់ពីពេលនេះទៅ សូមគ្រប់ក្រសួងស្ថាប័នទាំងអស់ កុំសុំការបង្កើនចំណាយអ្វីទាំងអស់ ព្រោះយើងមិនមែនត្រឹមតែមិនបង្កើនទេ តែយើងត្រូវកាត់បន្ថយតែម្តង។ ចំពោះខ្ទង់ចំណាយដែលយើងមិនកាត់ គឺមានតែបៀវត្សរ៍តែប៉ុណ្ណោះ ដែលមិនអាចបន្ថយបាន តែចំពោះចំណាយនានា ដូចជាការចេញទៅក្រៅប្រទេស និងការវិនិយោគផ្ទាល់របស់រដ្ឋ ជាដើមត្រូវតែកាត់បន្ថយ។
សម្តេចតេជោ ហ៊ុន សែន ណែនាំថា៖ «ការចេញទៅក្រៅប្រទេស បើមិនចាំបាច់ទេ កុំទៅ។ ហើយបើត្រូវទៅ 5នាក់ ឱ្យទៅតែ 2នាក់ គ្រប់គ្រាន់ហើយ»។
បន្ថែមពីលើនេះសម្តេចបានជំរុញឱ្យរដ្ឋមន្ត្រីនៃក្រសួងនីមួយៗ អាចសុំឱ្យឯកអគ្គរាជទូតនៅតាមបណ្តាប្រទេសចូលរួមប្រជុំជំនួសប្រសិន បើករណីមិនមានបទអន្តរាគមន៍របស់កម្ពុជានៅក្នុងកិច្ចប្រជុំនោះទេ។ ចំណាត់ការនេះ គឺដើម្បីសន្សំថវិកាសម្រាប់ដោះស្រាយបញ្ហានានាដែលនឹងអាចកើតឡើង។ ចំណែកឯ គម្រោងវិនិយោគផ្ទាល់របស់កម្ពុជាវិញ ចំពោះការដ្ឋានណាដែលមិនទាន់បានបើក គឺនឹងត្រូវផ្អាកសិន លើកលែងតែគម្រោងដែលជាហិរញ្ញប្បទានរបស់បរទេស ដែលមានបដិភាគជាមួយកម្ពុជាតែប៉ុណ្ណោះ។ គម្រោងនានាអាចលើកទៅឆ្នាំក្រោយ ក៏មិនទាន់ហួសពេលដែរ គឺយើងរង់ចាំឱ្យផុតពីបញ្ហា Covid-19 សិន៕