ព័ត៌មានទើបតែចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា កុមារី Angelica Hale កាលពីអាយុ4ឆ្នាំ នាងធ្លាប់ទទួលការវះកាត់ផ្លាស់ប្តូរតម្រងនោម ដោយសារតែនាងទទួលរងគ្រោះដោយជំងឺជាច្រើននៅពេលនោះ និងគ្រប់គ្នាបានអរគុណដល់អ្នកស្រី Eva Hale ជាម្តាយរបស់កុមារីវ័យ9ឆ្នាំម្នាក់នេះដែលបានបរិច្ចាគក្រលៀន (តម្រងនោម) ដល់កូនស្រីកម្សត់របស់គាត់ ទើបនាងអាចបន្តជីវិតរស់នៅដូចសព្វថ្ងៃបាន។
មិនធម្មតាទេសម្រាប់អ្នកដែលហ៊ានយកបទពិបាកៗដូចជាបទ girl on fire ជាដើម ទៅឡើងច្រៀងសម្តែងសមត្ថភាពលើឆាកនោះ ប៉ុន្តែកុមារីមួយរូបដែលទើបតែមានវ័យ9ឆ្នាំ បែរជាអាចច្រៀងបទនេះបានយ៉ាងពិរោះ និងមានសំឡេងប្រកបដោយថាមពល ដែលតារាចម្រៀងមួយចំនួនសុំខ្មាស ហើយអ្វីដែលអស្ចារ្យទៀតនោះ គឺគណៈកម្មការប្រុសមួយរូបនៃកម្មវិធី Got Talent នៅអាមេរិកមិនអាចទប់នឹងអារម្មណ៍ស្ញប់ស្ញែងរបស់ខ្លួនចំពោះកុមារីនោះបាន ក៏ងើបឡើងទះប៊ូតុងមាសធ្វើឲ្យប្រិយមិត្តទស្សនិកជនហ៊ោកញ្ច្រៀវទះដៃអបអរសាទរស្ទើរតែផ្ទុះវេទិកាប្រកួត។
បទចម្រៀង girl on fire ជាបទដ៏ល្បីកក្រើកអន្តរជាតិរបស់តារាចម្រៀង Alicia Keys កាលពីឆ្នាំ2012 ហើយត្រូវបានគេទទួលស្គាល់ថា ជាបទដែលពិបាកច្រៀងតាមបំផុត ប៉ុន្តែខណៈដែលគ្រប់គ្នាខ្លាចមិនហ៊ានយកបទនេះមកប្រកួត កុមារី Angelica Hale បែរជាយកវាមកសម្តែងសមត្ថភាពបានយ៉ាងល្អអស្ចារ្យនៅលើឆាករបស់ America’s Got Talent ទៅវិញ ដែលធ្វើឲ្យគ្រប់គ្នារំភើបទាំងនៅក្នុងកន្លែងប្រកួត និងអ្នកទស្សនានៅគេហដ្ឋាន ហើយជាពិសេសទៀតនោះ គឺវីដេអូបកស្រាយចម្រៀងរបស់ Hale ត្រូវបានបង្ហោះ និងចែកចាយតាមបណ្តាញសង្គម ដោយបានទាក់ទាញអ្នកគាំទ្រ ព្រមទាំងកោតសរសើររាប់លាននាក់។
ទោះបីជាអាចច្រៀងបានយ៉ាងប្រសើរក្រៃលែងយ៉ាងណាក៏ដោយ ក៏ Angelica Hale មិនធ្លាប់ដែលជឿថា ខ្លួនឯងអាចធ្វើបានរហូតដល់ថ្នាក់ទទួលបានប៊ូតុងមាស Golden Buzzer ដូច្នេះដែរ។ កុមារី Hale បានបង្ហោះលើបណ្តាញ Twitter របស់នាងថា «ខ្ញុំកំពុងតែហាត់ច្រៀងនៅឡើយ!!! ខ្ញុំមិនដែលគិតថា វានឹងកើតឡើងបែបនោះឡើយ!»៕