ក្រោយពីទទួលបានការគាំទ្រខ្លាំង នៅលើហ្វេសប៊ុកផេកទូរទស្សន៍បាយ័ន និង Youtube ផ្លូវការរបស់សាស្ត្រាហ្វៀម (SATRA FILM ) រួចមកឥឡូវនេះរឿង “ពោះធំ” បានកំណត់ថ្ងៃដាក់បញ្ចាំងនៅរោងកុនហើយ។
បើតាមហ្វេសប៊ុកផេកផ្លូវការរបស់ Pous Thom The Movie បានប្រកាសថារឿង “ពោះធំ” Version រោងកុនត្រៀមនឹងសម្ពោធចាក់បញ្ចាំងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ។ រឿង “ពោះធំ” ជាប្រភេទភាពយន្តបែបកម្សត់បង្កប់ទៅដោយអត្ថន័យអប់រំជាច្រើនក្នុងរឿង ពិសេសគឺផ្ដោតសំខាន់ទៅលើមិត្តយុវវ័យតែម្ដង ដែលឆាប់ប្រឡូករឿងផ្លូវភេទទាំងខ្លួននៅវ័យក្មេង។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿងពោះធំ Version រោងកុន ដែលត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ គឺមានភាពខុសប្លែកពី version ភាពយន្តជីវិតរឿងពោះធំ Version អនឡាញ ដែលធ្លាប់ចាក់បញ្ចាំងតាមទំព័រ Facebook និង Youtube របស់ផលិតកម្ម Sastra ព្រោះមានការថតឈុតឆាកថតថ្មីទាំងអស់ ដែលបង្ហាញពីជីវិតរបស់តួឯកប្រុសស្រីក្រោយពេលចាកចេញពីផ្ទះ ទៅផ្សងជីវិតក្មេងខ្ចីគ្មានទីជម្រក តស៊ូលំបាកវេទនា ដោយគ្មានឪពុកម្តាយ ទាំងតួស្រីកំពុងមានផ្ទៃពោះវ័យក្មេង ។ ជាក់ស្ដែងក្នុងភាពយន្ត”ពោះធំ” នេះតួឯកប្រុសស្រីក្នុងរឿងគឺជាសិស្សសាលាកំពុងតែសិក្សានៅថ្នាក់វិទ្យាល័យ តែពួកគេទាំងពីរបានស្រឡាញ់ទាក់ទងគ្នាជ្រុលជ្រួសរហូតដល់មានកូនដោយមិនបានព្រៀងទុក។ ក្រោយមកគូស្នេហ៍វ័យក្មេងមួយគូនេះត្រូវបានចាកចេញពីផ្ទះទៅរស់នៅតែពីរនាក់បន្ទាប់ពីបែកធ្លាយរឿងដល់ឪពុកម្ដាយ។
ឈុតឆាកថ្មីនេះនឹងកាន់តែធ្វេីឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកនឹងឆាកជីវិតរបស់ពួកគេ និងស្រាយចម្ងល់អ្នកទស្សនាវគ្គមុនថាតេីវាសនារបស់ពួកគេនិងកូនក្នុងពោះចុងក្រោយនឹងទៅជាយ៉ាងណា?