ភ្នំពេញៈ ការផ្តល់ឥណទានរបស់មីក្រូហិរញ្ញវត្ថុប្រាសាក់រក្សាបានកំណើនខ្ពស់នៅដំណាច់ឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំហំទឹកប្រាក់បានកើនពី 1030លានដុល្លារ ដល់ 1247លានដុល្លារ។
លោក សាយ សូនី នាយកប្រតិបត្តិផ្នែកទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី20 កក្កដានេះថា ឥណទានរបស់ប្រាសាក់សម្រេចបានកំណើន 21ភាគរយដោយទំហំទឹកប្រាក់បានកើនពី 1,030លានដុល្លារកាលពីដំណាច់ឆ្នាំមុនដល់ 1247លានដុល្លារនៅដំណាច់ឆមាសទី1ឆ្នាំនេះ។ លោកបន្តថា ចំណែកការដាក់ប្រាក់បញ្ញើក៏មានកំណើនខ្ពស់ផងដែរ ដោយទំហំទឹកប្រាក់បានកើនពី 619លានដុល្លារកាលពីដំណាច់ឆ្នាំមុនដល់ 784លានដុល្លារនៅដំណាច់ឆមាសទី1ឆ្នាំនេះ។
លោកបន្តថា “យើងមានការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាននៅត្រីមាសទី1 ដើមឆ្នាំនេះដែលធ្វើឲ្យលំហូរឥណទានមានកំណើនយឺត ប៉ុន្តែចូលដល់ត្រីមាសទី2 តម្រូវការឥណទានមានកំណើនខ្ពស់ ដោយសារតម្រូវការប្រើប្រាស់បានកើនឡើង”។ លោកបន្តថា “ជាមួយគ្នានេះ អតិថិជនក៏បានពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ ដែលធ្វើឲ្យប្រាសាក់សម្រេចពង្រីកទំហំឥណទានរហូតដល់20ម៉ឺនដុល្លារ និងរយៈពេលសងត្រឡប់វែងជាងមុន”។
ប្រាសាក់បច្ចុប្បន្នមានសាខារហូតដល់180សាខាទូទាំងប្រទេស និងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជាផងដែរ។
លោកឧកញ៉ា ហួត អៀងតុង នាយកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះ សុខភាពឥណទាននៅតែមានភាពល្អប្រសើរ ទោះបីជាធនាគារជាតិនៃកម្ពុជាបានដាក់របារការប្រាក់ពីជាង30ភាគរយមកនៅត្រឹម18ភាគរយយ៉ាងណាក៏ដោយ។ លោកបន្តថា ទោះជាយ៉ាងណា រហូតមកទល់ពេលនេះទិន្នន័យនៃការផ្តល់ឥណទានទូទាំងវិស័យនេះមិនទាន់ប្រមូលបាននៅឡើយ៕