អ្នកស្រី Dolores Aveiro ដែលជាម្តាយបង្កើតរបស់កីឡាករបាល់ទាត់ដ៏ល្បី Christiano Ronaldo ត្រូវបានគេរាយការណ៍ថា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Madeira ក្នុងប្រទេសព័រទុយហ្គាល់ ភ្លាមៗ បន្ទាប់ពីអ្នកស្រីមានអាការគាំងបេះដូងទាន់ហន់។
ក្រោយពីទៅដល់មន្ទីរពេទ្យ អ្នកស្រីត្រូវបានវេជ្ជបណ្ឌិតបន្ធូរស្ថានការណ៍មករកភាពប្រក្រតីវិញបានទាន់ពេលវេលា ដោយសារតែការប្រញាប់បញ្ជូនមកមន្ទីរពេទ្យបានលឿនហ្នឹងឯង។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Dolores Aveiro ត្រូវបានលោកវេជ្ជបណ្ឌិតប្រាប់ថា ត្រូវទទួលការមើលថែទាំឱ្យបានដិតដល់បន្តិច ព្រោះអីអ្នកស្រីមានសភាពទន់ខ្សោយខាងផ្នែកបេះដូង និងរាងកាយខ្លាំង ដោយសារតែអ្នកស្រីធ្លាប់ឆ្លងកាត់ការវះកាត់ជំងឺមហារីកសុដន់ ដែលធ្វើឱ្យអ្នកស្រីមិនមានសុខភាពដូចមនុស្សធម្មតា៕