ពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ2020 កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញដល់កសិករកម្ពុជា បង្កើនការផលិតបន្លែ គ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក កាត់បន្ថយការបន្លែគីមីនាំចូលពីបរទេស និងដើម្បីបម្រើដល់ភ្ញៀវទេសចរដែលមកស្នាក់នៅ និងកម្សាន្តនៅកម្ពុជា។
ការថ្លែងសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងដើម្បីក្រើនរំឭកដល់ក្រសួងកសិកម្មក្នុងការពង្រឹងសមត្ថភាពកសិករបង្កើនការដាំដុះដំណាំ និងចិញ្ចឹមបសុសត្វផ្សេងៗគ្នា ដើម្បី ឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល“យើងត្រូវតែលើកទឹកចិត្ត ប្រជាជនរបស់យើងឱ្យដាំដុះដំណាំ ដោយមិនប្រើសារធាតុគីមីនិងកាត់បន្ថយការនាំចូលពីក្រៅប្រទេស ដែលខ្លះមានផ្ទុកជាតិគីមី”។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ត្រូវបំផុសឱ្យប្រជាពលរដ្ឋរបស់យើង ដាំដុះនូវបន្លែបង្ការដែលគ្មានប្រើប្រាស់សារធាតុគីមី ហើយកាត់បន្ថយការនាំចូល ពីប្រទេសក្រៅដែលមានការប្រើប្រាស់ជាតិគីមី ជាវិធានការដែលយើងត្រូវប្រកាន់យក ជំរុញការដាំដុះក្នុងស្រុក ហើយជំរុញចូលទីផ្សារ ដែលទីផ្សាររបស់យើងមិនសំដៅតែនាំចេញទៅក្រៅទេ សព្វថ្ងៃនេះទេសចររបស់យើងប្រើប្រាស់ទំនិញមកពីខាងក្រៅ រាប់ទាំងបន្លែបង្ការ។ យើងត្រូវពង្រឹងសមត្ថភាពដាំដុះរបស់កសិករយើង ទាំងការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ ដែលនេះជាផ្នែកមួយនៃការនាំចេញនៅនឹងកន្លែង ដោយមិនចំណុះទៅលើទីផ្សារខាងក្រៅទេ”។
ពាក់ព័ន្ធវិស័យកសិកម្មបម្រើដល់វិស័យទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានតែសំបកទេសចរណ៍ ដោយសារតែផលិតផលដែលសម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវទេសចរ កម្ពុជាត្រូវនាំចូលពីបរទេស ដូច្នេះធ្វើឱ្យកម្ពុជាខាតបង់តម្លៃយ៉ាងច្រើន។
សូមជម្រាបថា អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃនេះ កម្ពុជាមានតម្រូវការបន្ថែមចំនួនប្រមាណ 573តោន ក្នុង1ថ្ងៃ ដែលចំនួននេះ កសិករកម្ពុជាអាចផលិតបានប្រមាណ 400តោន និងសល់ពីនេះនាំចូល 170តោន ពីប្រទេសវៀតណាម ថៃ និងចិន។
កាលពីឆ្នាំមុនប្រទេស កម្ពុជា បានប្រើប្រាស់បន្លែ 500តោន ក្នុង 1 ថ្ងៃ ដែលចំណាយប្រចាំថ្ងៃនៅចន្លោះពី 200 ,000ដុល្លារ ទៅ 300,000 ដុល្លារ។ កម្ពុជាក៏ត្រូវបានប៉ាន់ប្រមាណថា បាននាំចូលផ្លែឈើ និងបន្លែមានតម្លៃជាង 300 លានដុល្លារ ក្នុង1 ឆ្នាំផងដែរ ក្នុងអំឡុង2-3ឆ្នាំមុន។
ថ្មីៗនេះក្រសួងកសិកម្ម បានដាក់ឱ្យដំណើរការសាកល្បង “ផ្សារកសិកម្មកម្ពុជា” ជាកម្មវិធីចល័តមួយដែលតភ្ជាប់កសិករ ជាមួយអ្នកទិញដ៏មានសក្ដានុពល និងផ្ដល់ឱ្យពួកគេនូវលទ្ធភាពទទួលបានព័ត៌មានទីផ្សារកសិកម្មសំខាន់។
អ្នកស្រី តុងចាន់ធាង នាយិកាប្រតិបត្តិនៃអង្គការសេដាក បានមានប្រសាសន៍ថា“ក្នុងនាមអង្គការ ដែលធ្វើការនៅក្នុងវិស័យអភិវឌ្ឍន៍កសិកម្មនេះ គឺយើងសាទរវិធានការកាត់បន្ថយការនាំចូលអាហារ បន្លែដែលផ្ទុកសារធាតុគីមី។ ចំពោះវិធានការរបស់រាជរដ្ឋាភិបាលនេះ បើត្រូវបានអនុវត្តតាមអ្វីដូចសម្តេចលើកឡើងមែន ហើយខ្ញុំជឿជាក់ថា ប្រជាកសិករក្នុងស្រុកយើង ក៏ដូចជាអ្នកបរិភោគនៅក្នុងប្រទេសយើងក៏សាទរដូចគ្នា”។
បើតាមអ្នកស្រី តុង ចាន់ធាង បានឱ្យដឹងថាមកដល់បច្ចុប្បន្ននេះនិន្នការដាំដុះបន្លែ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋក្នុងស្រុក មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសបន្ទាប់ពីមានគម្រោងគាំទ្រពីក្រសួងកសិកម្ម, គម្រោងពីដៃគូអភិវឌ្ឍន៍ និងពីបណ្តាអង្គការសង្គមស៊ីវិលនានា។
ក៏ប៉ុន្តែបញ្ហាក្នុងវិស័យកសិកម្មនៅតែកើតមាន ជាក់ស្តែងលោក ស៊ឿន សាំងទី ព្រមលក់ប៉េងប៉ោះរបស់ខ្លួនក្នុងតម្លៃ 300រៀលក្នុង1គីឡូក្រាមប៉ុន្តែតម្លៃនេះនៅតែគ្មានអ្នកបញ្ជាទិញទៀត រហូតដល់ប៉េងប៉ោះទាំងនោះ ត្រូវបានទុំរលួយចោលពេញចម្ការអស់ប្រមាណ 2តោន។
ចម្ការប៉េងប៉ោះ របស់លោក សឿន សាំងទី ស្ថិតនៅក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នអាចផ្គត់ផ្គង់ប៉េងប៉ោះឱ្យទីផ្សារបានពី 300 ទៅ 400គីឡូក្រាម ក្នុង1ថ្ងៃ ជាមួយតម្លៃចន្លោះពី300-500រៀល។ ថ្វីបើតម្លៃប៉េងប៉ោះនេះ ថោកជាងសព្វដងដែលមានតម្លៃពី700ទៅ1000រៀលក្នុង1គីឡូក្រាមក្តី ប៉ុន្តែនៅតែគ្មានឈ្មួញចុះមកទិញ។
ស្រដៀងគ្នានេះដែរ កសិករនៅខេត្តបាត់ដំបង ក៏បានត្អូញត្អែរពីចម្ការស្ពៃក្ដោបប្រមាណ 50តោន ដែលទទួលបានទិន្នផលដល់ពេលល្មមលក់ចេញ ប៉ុន្តែបែរជាគ្មានទីផ្សារលក់ទៅវិញ។ សូម្បីលក់ក្នុងតម្លៃដើមតែ 300-500 រៀល ក្នុង1គីឡូក្រាម ប៉ុន្តែនៅតែគ្មានទីផ្សារចេញដដែល។
លោកវ៉ាន់ អៀនប្រធានសហគមន៍ត្រសក់ផ្អែម សៀមរាបមានជ័យបានប្រាប់ឡារ៉ែនថា៖“មិនដឹងជាគាត់ស្ថិតក្នុងសហគមន៍ណាមួយ ឬគាត់ដាំជាបុគ្គល ហើយដំណាំនោះជាដំណាំសុវត្ថិភាព ឬទេ? ព្រោះថាបើជាសហគមន៍មិនភ័យរឿងទីផ្សារទេ ហើយដំណាំគឺពិតជាដំណាំសុវត្ថិភាព។ ខ្ញុំនឹងទាក់ទងជួយ តែខ្ញុំគិតថាអាចមានសហគមន៍ជិតក្បែរគាត់ជួយហើយ”។
សម្រាប់កសិករនៅខេត្តបាត់ដំបងត្រូវបានក្រុមហ៊ុន Natural Agriculture Village ជួយរកទីផ្សារឱ្យហើយ ដោយបានបញ្ជាក់ពីស្តង់ដាបន្លែសុវត្ថិភាពអនុវត្តកសិកម្មល្អរបស់ព្រះរាជាណាចក្រកម្ពុជាយើង មានការបញ្ជាក់គុណភាព (Certified) និង QR Code អាចស្គាល់ដល់អ្នកដាំនិងទីកន្លែងបានភ្លាមៗ (Logo មួយមានសុពលភាពតែ៧ថ្ងៃទេ)។ នេះបើតាមការផ្សព្វផ្សាយលើហ្វេសប៊ុករបស់ក្រុមហ៊ុន។
តាមរយៈក្រុមហ៊ុនបន្លែធម្មជាតិ Natural Agriculture Village បានប្រើប្រាស់ QR កូដលើផលិតផលដែលធ្វើឱ្យអតិថិជនអាចដឹងពីប្រភពផលិតផល ដើម្បីធានាសុវត្ថិភាពស្របនឹងគោលការណ៍រាជរដ្ឋាភិបាលក្នុងការផ្ដល់សុវត្ថិភាពស្បៀងអាហារដល់អតិថិជន។
លោកស្រីមានប្រសាសន៍ថា៖ “អតិថិជនអាចកំណត់ប្រភពដើមនៃបន្លែ និងអ្នកដាំដុះ។ វានឹងបង្ហាញថា តើវាមានសុវត្ថិភាព ឬមិនមានសុវត្ថិភាព នៅពេលអតិថិជនស្កែន QR កូដអតិថិជនអាចទិញបន្លែសុវត្ថិភាពនៅតាមស្ដង់នៅក្នុងផ្សារ អុីអន ខណ្ឌសែនសុខ ដោយក្រុមហ៊ុនរបស់ខ្ញុំ បានផ្គត់ផ្គង់បន្លែជាមធ្យមចន្លោះពី 300 ទៅ400 តោនក្នុង1 ថ្ងៃលើទីផ្សារ”។
លោកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុន Natural Agriculture Village បានឱ្យដឹងថានៅពេលថ្មីៗនេះនាយកដ្ឋានកសិកម្ម បានចេញវិញ្ញាបនបត្រដល់កសិករ 42នាក់នៅក្នុងខេត្តមួយចំនួនដែលរួមមានខេត្តកណ្ដាល បាត់ដំបង សៀមរាប ត្បូងឃ្មុំ កំពង់ឆ្នាំង ព្រៃវែង និងបន្ទាយមានជ័យ។ លោកស្រីបញ្ជាក់ថា៖ “ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងជាមួយកសិករទាំងនោះដែលសន្យាថា នឹងទិញបន្លែពីពួកគេក្នុងតម្លៃប្រហែល2,000 រៀល ក្នុង 1គីឡូក្រាម”។
ក្រុមហ៊ុននេះបានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា មានកសិករជាង400 នាក់បានចុះកិច្ចព្រមព្រៀងជាមួយ Green Gold ជាក្រុមហ៊ុនចែកចាយក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ការអនុវត្តកសិកម្មល្អដល់ផ្សារឡាក់គី ផ្សារ Makro ផ្សារអុីអន និងទីផ្សារក្នុងស្រុកមួយចំនួនទៀតដែលរួមមានផ្សារធំថ្មី ផ្សារដើមគ ផ្សារដេប៉ូ និងផ្សារទួលទំពូង។
លោកស្រី ប៊ុន សៀង និងជាសមាជិករបស់ក្រុមហ៊ុន Green Gold បានបង្ហាញប្រាប់ដែរថា កសិករដែលផលិតបន្លែសុវត្ថិភាពតាមរយៈការអនុវត្តកសិកម្មល្អ នឹងមាន QR កូដនៅលើផលិតផលពួកគេ ដែលផ្ដល់ដោយក្រុមហ៊ុន របស់លោកស្រី និងនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម៕