ទិវារវប្បធម៌ជាតិ៣មីនា ជាទិវារដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចជាកាលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើង ដែលបានបន្សល់ទុកនូវកេរមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។
ការប្រារព្ធទិវារវប្បធម៌ជាតិ៣មីនា លើកទី ២២ ជាការជំរុញផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេ និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំឭក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ដែលមានកាត្វកិច្ចថែរក្សាការពារឱ្យស្ថិតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ ដែលសំដៅទៅលើការរក្សាបាននូវភាពនៃវប្បធម៌។
ក្នុងឱកាសនោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរំឭកដល់អាជ្ញាធររួមនឹងអ្នកពាក់ព័ន្ធឱ្យបន្តផ្តោតការយកចិត្តទុកដាក់ថែរក្សានិងអភិរក្សវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងរៀបចំអភិវឌ្ឍន៍ថែរក្សាទុក ដើម្បីឱ្យកូនចៅជំនាន់ក្រោយៗ និងភ្ញៀវទេសចរបានឃើញ និងទទួលស្គាល់ ក៏ដូចជាការផ្សព្វផ្សាយឱ្យដល់មហាជនសម្តៅអនុវត្តក្នុងន័យ “យុវជនដេីម្បីវប្បធម៌ជាតិ” ។
យ៉ាងណាមិញ ដើម្បីអបអរទិវារវប្បធម៌ជាតិ៣មីនា លើកទី ២២ សិល្បករ សិល្បការិនី និងតារាល្បីៗជាច្រើនដួងបានចូលរួម និងអបអរដល់សិល្បករសិល្បការិនីដែលស្នាដៃល្អក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សសិល្បៈវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យសិល្បករ សិល្បការរិនី ក្លាយជាសកម្មជនចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មិនពិតទាំងឡាយ និងចូលរួមធ្វើការអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់នៃការរីករាយដាលជំងឺឆ្លង COVID-19 (កូរ៉ូណា)ផងដែរ៕