ក្លិបយក្ស Paris Saint-Germain ក្នុងក្របខ័ណ្ឌលីកកំពូលរបស់បារាំងកំពុងតែរៀបចំធ្វើការពិភាក្សាជុំវិញការផ្ទេរមួយក្នុងតម្លៃខ្លួន222លានអឺរ៉ូ (ស្មើនឹង255.8លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែប្រយុទ្ធ Neymar ពីក្លិប Barcelona។ បើទោះបី Barca បានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះនឹងបន្តនៅជាមួយនឹងពួកគេក៏ដោយ ប៉ុន្តែក្លិប PSG កំពុងតែមានសុទិដ្ឋិនិយមថា ពួកគេអាចចុះហត្ថលេខាជាមួយនឹងកីឡាករដ៏ឆ្នើម Neymar បាន។
PSG មិនបោះបង់ការតាមប្រមាញ់ទិញរបស់ខ្លួនឡើយ ក្រោយពីបានគិតថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយរួចជាស្រេចហើយសម្រាប់ Neymar កាលពីរដូវក្តៅមុន នៅមុនពេលខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះបានសម្រេចចិត្តបន្តកុងត្រារបស់គេនៅឯកីឡដ្ឋាន Camp Nou។ ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកគេមានបំណងក្នុងការរៀបចំការពិភាក្សាផ្សេងទៀតជាមួយនឹងឪពុករបស់ Neymar និងជឿជាក់ថា ការព្រមព្រៀងគ្នាមួយអាចនឹងកើតឡើង។
ពួកគេអាចផ្តល់តម្លៃខ្លួនរំលាយកិច្ចសន្យាក្នុងទឹកប្រាក់222លានអឺរ៉ូដោយងាយ និងប្រាក់ខែដ៏ច្រើនសន្ធឹកសន្ធាប់ដែល Neymar នឹងទាមទារ។
លោក Nasser al-Khelaifi ប្រធានក្លិបរបស់ PSG បានបើកចំហទ្វារយល់ព្រមឲ្យមានការផ្ទេរនេះជាថ្មី ហើយលោក Antero Henrique ដែលជាប្រធានផ្នែកកីឡាកំពុងតែស្ថិតក្នុងការពិភាក្សាជាមួយនឹងឪពុករបស់ Neymar ដែលបានរក្សាទំនាក់ទំនងជាមួយនឹងក្លិប PSG ចាប់តាំងពីដូវកាលមុនមក៕
ប្រភពពី៖ The Guardian