ខណៈកំពុងមានអារម្មណ៍រោលរាលជាមួយដៃគូស្នេហា តែភាគីបុរសហាក់បីដូចជាតឹងទ្រូងមិនព្រមចង់ប្រើប្រាស់ស្រោមអនាម័យ នោះភាគីនារីក៏ចង់ដឹងភ្លាមៗថា តើអាការប្រតិកម្មចាញ់ “ស្រោមអនាម័យ” មានពិតមែនឬទេ ឬគ្រាន់តែជាលេសដោះសាររបស់បុរសតែប៉ុណ្ណោះ? នៅក្នុងថ្ងៃនេះ ទស្សនាវដ្ដី ឡារ៉ែន សូមធ្វើការពន្យល់ និងបកស្រាយនូវបញ្ហាមួយចំនួនសម្រាប់គូស្នេហ៍ និងសុខភាពផ្លូវភេទដែរអ្នកគួរយល់ដឹង។ ដើម្បីកុំឱ្យខាតពេលយូរ តោះយើងទៅស្វែងរកចម្លើយទាំងអស់គ្នា។
មនុស្សប្រុសមានអាការប្រតិកម្មចាញ់ស្រោមអនាម័យ កើតឡើងពិត ឬមិនពិត?
មនុស្សជាច្រើនកើតមន្ទិលសង្ស័យថា រោគប្រតិកម្មចាញ់ស្រោមអនាម័យ វាពិតជាមានមែនទេណ៎? យើងសូមឆ្លើយថា មានពិតមែន ក៏ប៉ុន្ដែភាគច្រើនមូលហេតុដែលបណ្ដាលឱ្យចាញ់ ឬអាលែកហ្ស៊ីនោះ វាអាចកើតឡើងពីស្រោមអនាម័យ ដែលមានផ្សិតម្យ៉ាងហៅថា “latex allergy” នៅក្នុងស្រោម ហើយខ្លះទៀតគឺ ផុតអាយុកំណត់នៃការប្រើប្រាស់។ អាការប្រតិកម្មចាញ់ស្រោមអនាម័យនេះ នឹងធ្វើឱ្យមានអាការរោល រមាស់ ឡើងផ្សិតក្រហមនៅលើស្បែក។
ស្រោមអនាម័យដែលគួរឱ្យប្រុងប្រយ័ត្នបំផុតគឺប្រភេទដែលដាក់លក់នៅលើទីផ្សារ និងប្រភេទចែកប្រើហ្វ្រីនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ដែលគ្មានការពិតនិត្យមើលត្រឹមត្រូវនូវថ្ងៃបរិច្ឆេតកំណត់។ មនុស្សដែលកើតមានអាការប្រតិកម្មចាញ់ស្រោមអនាម័យ មានលក្ខណៈរមាស់ឡើងកន្ទួលក្រហមនៅបរិវេណប្រដាប់ភេទ ដោយអាការកើតឡើងបន្ទាប់ពីបានរួមភេទហើយក្នុងរយៈពេល 48ម៉ោង។ ក៏ប៉ុន្ដែអាការនេះអាចនឹងបាត់ទៅវិញដោយឯកឯងផងដែរ។ សម្រាប់មនុស្សដែលកើតប្រតិកម្ម គ្រូពេទ្យជំនាញក៏បានណែនាំថា គួរតែផ្លាស់ប្ដូរប្រភេទស្រោមអនាម័យ ដែលមានបញ្ជាក់ការប្រើប្រាស់សារធាតុគីមី ផូលីយូរ៉េថេន (polyuretane) ដែលត្រូវបានផលិតឡើងអំពីផ្លាស្ទីក និងប្រភេទស្រោមដែលមិនផ្សំដោយសារធាតុគីមីសម្លាប់ទឹកអង្គជាតិបុរស(Spermicide) ព្រោះវាអាចប៉ះពាល់ដល់ប្រដាប់ភេទ ដែលនឹងធ្វើឱ្យកើតមានអាការចាញ់តែម្ដង។
កត្តាដែលបណ្ដាលឱ្យអាលែកហ្ស៊ី
អាលែកហ្ស៊ីស្រោមអនាម័យអាចបណ្តាលមកពីកត្តាពីរដូចខាងក្រោម៖
1. អាលែកហ្ស៊ីស្រោមអនាម័យប្រភេទផ្លាស្ទីកកៅស៊ូនៅក្នុងស្រោម៖ អ្នកអាចផ្លាស់ប្តូរការប្រើប្រាស់ទៅជាស្រោមប៉ូលីយូធ្យូន ដែលមិនមែនជាសារធាតុគីមីជ័រកៅស៊ូ។
2. អាលែកហ្ស៊ីទៅនឹងប្រេងរំអិល៖ ប្រសិនបើមានអាការប្រតិកម្ម អ្នកគួរផ្លាស់ប្តូរម៉ាកស្រោមអនាម័យជារឿយៗ ជាពិសេសប្តូរស្រោមអនាម័យណាដែលបណ្តាលឱ្យមានប្រតិកម្មអាលែកហ្ស៊ីចេញ ហើយកុំបារម្ភខ្លាំង ព្រោះអាការមួយចំនួនអាចនឹងបាត់ទៅវិញដោយឯកឯងទេ។
អាការសម្រាប់អ្នកប្រតិម្មចាញ់ស្រោមអនាម័យ
មានអាការរមាស់ឈីបៗ និងមានអារម្មណ៍ក្រហាយ កើតផ្ទាំងកន្ទួលក្រហម ជាពិសេសគឺនៅម្ដុំបរិវេណស្បែកដែលបានប៉ះពាលជាមួយនឹងស្រោមអនាម័យ។ ប្រសិនបើអាការចាញ់ខ្លាំងក្នុងករណីអាក្រក់មួយចំនួនដែលគ្រូពេទ្យបានជួបប្រទះចំពោះអ្នកជំងឺ នោះនឹងមានអាការដូចជា ពិបាកដកដង្ហើម បណ្ដាលមកពីសារធាតុគីមីជម្រុញអារម្មណ៍ផ្លួវភេទខ្លាំង រហូតបណ្ដាលឱ្យអ្នកប្រើប្រាស់កើតខ្យល់ ឬវិលមុខ ឬកើតហឺតក៏មានដែរ។
វិធីការពារយ៉ាងណា ប្រសិនបើអ្នកមិនបានប្រើស្រោមអនាម័យក្នុងពេលរួមភេទ?
ការបាញ់ទឹកកាមនៅខាងក្រៅ
ការបាញ់ទឹកកាមនៅខាងក្រៅ គឺជាវិធីការពារមិនឱ្យមានផ្ទៃពោះដ៏ល្អដែរ តែក៏ហុចឱកាសខ្ពស់ក្នុងការបរាជ័យ ហើយបណ្តាលឱ្យមានផ្ទៃពោះផងដែរ។ ដូច្នេះអ្នកគួរតែជ្រាបដឹងពីវិធីបញ្ចេញទឹកកាមឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យមកពីការរួមភេទ។
ថ្នាំសម្លាប់មេជីវិតឈ្មោល
គឺជាប្រភេទថ្នាំពន្យារកំណើតបែបបណ្តោះអាសន្ន ដែលមានសណ្ឋានជាក្រែម ឬថ្នាំគ្រាប់។គេប្រើសម្រាប់បញ្ចូលទៅក្នុងទ្វារមាសរបស់ស្ត្រី។ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតបន្ទាប់ពីបញ្ចូលថ្នាំរយៈពេល 10នាទី និងមិនទុកលើសពី 1ម៉ោង។ តែបន្ទាប់ពីប្រើប្រាស់ថ្នាំដាក់ចូលទ្វារមាសហើយនោះ អ្នកមិនគួរក្រោកពីដំណេកឡើយ ព្រោះវាអាចបណ្តាលឱ្យថ្នាំហូរចេញមកក្រៅ ដែលនាំឱ្យថ្នាំបាត់បង់ប្រសិទ្ធភាព។ យ៉ាងណាមិញ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ មុនពេលប្រើប្រាស់ថ្នាំ៕