ត្រៀមចំពាមទុកបាញ់ចាបយំល្វើយៗ ក្លាយជាប្រធានបទដ៏ពេញនិយម​ក្នុងបណ្តាញសង្គម

“ត្រៀមចំពាម ទុកបាញ់ចាបយំល្វើយៗនៅក្បែរផ្ទះ” ជាពាក្យដ៏ពេញនិយម​មួយដែល​ត្រូវបានគេបង្ហោះបន្តគ្នានៅក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ ពាក្យ 1ឃ្លានេះ ត្រូវបានគេមើលឃើញថា ​ជាពាក្យរិះគន់ ឬពាក្យដែលបង្ហាញពីអារម្មណ៍ធុញទ្រាន់​ក្នុងការរស់ដែលពោរពេញទៅដោយសំឡេងខារ៉ាអូខេ រំខានជារៀងរាល់ថ្ងៃ។

មានមនុស្សជាច្រើនបានរអ៊ូរទាំថា មួយរយៈពេលចុងក្រោយនេះ​ សំឡេងអ៊ូអរខ្លាំងពីការផឹកស៊ី ស្រែកច្រៀងពេលយប់នៅក្នុងសហគមន៍ ចាប់ផ្តើមមានការផុសផុលឡើងស្ទើរគ្រប់ទីកន្លែង។ បញ្ហានេះមានអ្នកខ្លះលើកឡើងថា មកពីប្រជាជនរកស៊ីមានបាន មានធនធាន ទើបមានពេលជុំគ្នាផឹកស៊ីច្រើន ខណៈអ្នកខ្លះទៀតលើកឡើងថា ​អ្នកផឹកស៊ីឡូឡាមួយចំនួននៅជិតផ្ទះរបស់គាត់បានលក់ផ្ទះបណ្តើរៗហើយដោយសារតែគ្មានលទ្ធភាពបង់រំលស់ផ្ទះបន្ត។

លោក ឡាយ ពិសិដ្ឋ ប្រជាពលរដ្ឋរស់នៅក្នុងបុរីមួយកន្លែង​នៅជាយក្រុងភ្នំពេញបានលើកឡើងថា​ លោកទិញផ្ទះក្នុងបុរីឆ្ងាយពីក្រុងក្នុងគោលបំណងរស់នៅឱ្យបានស្ងប់ស្ងាត់ តែជាក់ស្តែងអ្វីដែលលោកខកចិត្ត គឺអ្នកជិតខាង​ជាច្រើនបានបង្កសំឡេងរំខាន​ជារៀងរាល់សប្តាហ៍​តាមរយៈការច្រៀងខារ៉ាអូខេ និងស្រែកហ៊ោកញ្ច្រៀវពេលផឹកស៊ីជួបជុំមិត្តភក្តិ។ ដំបូងឡើយលោកគិតថាប្រហែលជាមនុស្សក្នុងបុរីទើបតែចូលមកនៅថ្មីៗ គឺប្រាកដជាជួបជុំគ្នាខ្លះ ឬឮសំឡេងតន្រ្តីឡើងផ្ទះញឺកញាប់ជារឿងធម្មតា តែក្រោយពេលសង្កេតបានយូរបន្តិចឃើញថា អ្នកបង្កសំឡេងរំខាននោះ គឺជាគ្រួសារដដែលៗ ដែលមិនសូវយកចិត្តទុកដាក់ពីការរំខានដល់អ្នកជិតខាង។ លោកថាបញ្ហានេះបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ការរស់នៅ ព្រោះបន្ទាប់ពីរវល់នៅកន្លែងធ្វើការងារពេញ 1ថ្ងៃ មនុស្សត្រូវការសម្រាកឱ្យបានស្រួល តែក្រោយពេលមកដល់ផ្ទះ ឮសំឡេងរំខាន ភាពមួម៉ៅ និងអារម្មណ៍មិនល្អ ក៏ចាប់ផ្តើមធ្វើឱ្យយើងកាន់តែមានអារម្មណ៍នឿយហត់។ បន្ថែមពីលើនេះ សម្រាប់អ្នករវល់ខ្លាំងដែលត្រូវយកការងារទៅបង្ហើយនៅផ្ទះ ទំនងជាមិនអាចធ្វើបាននោះទេ ព្រោះជាក់ស្តែងសម្រាប់លោក គឺត្រូវចំណាយលុយទៅហាងកាហ្វេដើម្បីស្វែងរកកន្លែងស្ងប់ស្ងាត់សម្រាប់បង្ហើយការងារ។

លោក ឡាយ ពិសិដ្ឋ និយាយថា៖ «​ការបង្កសំឡេងរំខាននេះ បានកើតឡើងក្នុងតំបន់ជាច្រើន​នៅក្នុងទីក្រុងនាពេលបច្ចុប្បន្ននេះ ព្រោះមិត្តភក្តិរបស់ខ្ញុំ និង​មនុស្សជាច្រើនផ្សេងទៀតសុទ្ធតែរអ៊ូរទាំដូចៗគ្នាថា ​គាត់រស់នៅមិនបានសុខ ដោយសារតែធុញទ្រាន់នឹងការរំខានពីអ្នកផឹកស៊ីជិតផ្ទះ។ រឿងដែលគួរឱ្យធុញទ្រាន់ខ្លាំងជាងគេបំផុតនោះ គឺថ្ងៃចុងសប្តាហ៍ ដែលគួរតែជាថ្ងៃសម្រាកយ៉ាងល្អជាមួយគ្រួសារ ឬគិតគូរការងារសំខាន់ តែបែរជាត្រូវរំខានកាន់តែខ្លាំងទៅវិញ»។

លោក ពិសិដ្ឋ បានបន្ថែមថា ពេលខ្លះនៅពេលគិតដល់រឿងរំខាននេះម្តងៗ ចេះតែមានអារម្មណ៍មិនល្អ ព្រោះអ្វីដែលគួរឱ្យ​សង្វេគសម្រាប់ខ្លួនឯង គឺមានផ្ទះហើយ បែរជានៅមិនសុខ។ ​ពេលមានការរវល់ម្តងៗ ត្រូវចេញពីផ្ទះ គេចពីសំឡេងរំខាននោះទៅវិញ។

លោក សុខ សុធា អ្នកធ្វើការងារក្រុមហ៊ុនឯកជនមួយបានលើកឡើងថា ដោយសារតែបច្ចុប្បន្ននេះ ឧបករណ៍បំពងសំឡេងកាន់តែទំនើប អាចភ្ជាប់ជាមួយទូរស័ព្ទដៃបាន និងមានតម្លៃធូរថ្លៃផងនោះ មនុស្សកាន់តែច្រើនឡើងមានលទ្ធភាពទិញប្រើប្រាស់។ ហេតុនេះហើយទើប ជានិច្ចកាល នៅពេលលោកបើកបរតាមដងផ្លូវ ឬទៅលេងផ្ទះមិត្តភក្តិរបស់លោកនៅថ្ងៃសម្រាក ភាគច្រើន គឺឃើញគេជួបជុំគ្នាផឹកគ្រឿងស្រវឹងដាក់ធុងបាស់មុខផ្ទះច្រៀងយ៉ាងកងរំពង។ មានតំបន់ខ្លះ មិនថាថ្ងៃសីល ថ្ងៃឈប់សម្រាក បុណ្យជាតិ ឬថ្ងៃធម្មតានោះទេ ពួកគេតែងតែជួបជុំគ្នារៀបចំកម្មវិធី​ដោយប្រើប្រាស់ធុងបាស់រំខាននៅមុខផ្ទះតែម្តង។ ប្រសិនបើយើងរស់នៅក្នុងតំបន់ដែលមានអ្នកជិតខាងមិនចេះក្រែងចិត្តបែបនេះ ច្បាស់ណាស់ថា យើងនឹងជួបការលំបាក ព្រោះមែនទែនទៅ កម្ពុជាមានច្បាប់ហាមឃាត់ ឬមានអាជ្ញាធរ​គ្រប់គ្រងដែរ តែយើងម្នាក់ៗមិនមែនចេះតែ​ប្តឹងនោះទេ ព្រោះបើមានការប្តឹងផ្តល់អាចនឹងមើលមុខគ្នាមិនត្រង់ ឬអាចមានបញ្ហាយូរអង្វែងជាមួយគ្នាទៀតផង។

លោក សុធា បាននិយាយថា៖ «​អាជ្ញាធរគួរចាត់វិធានការអប់រំ ឬរឹតបន្តឹងបញ្ហាបង្កការរំខានដោយធុងបាស់នេះឱ្យដូចជាជាការរឹតបន្តឹងច្បាប់ចរាចរណ៍ដែរ ដើម្បីព្យាបាលបញ្ហាសង្គមមួយនេះឱ្យបានទាន់ពេលវេលា»។

លោកបានបន្តថា ប្រសិនបើ​បញ្ហារំខានមួយនេះមិនត្រូវបានយកចិត្តទុកដាក់ទេនោះ យើងនឹងខាតបង់ច្រើនណាស់សម្រាប់ការរស់នៅ។ ភាពអនាធិបតេយ្យនេះ នឹងរីករាលដាលកាន់តែលឿន តាមរយៈគំរូអាក្រក់ដល់កុមារដែលរីកលូតលាស់យ៉ាងឆាប់រហ័ស។ បន្ថែមពីលើនេះទៀត សកម្មភាពហិង្សា ជម្លោះក្នុងការរស់នៅ មនុស្សក្នុងសហគមន៍មើលមុខគ្នាមិនចំ ខណៈពេលដែលសមត្ថកិច្ចត្រូវដោះស្រាយរឿងដដែលៗនេះមិនចេះចប់មិនចេះហើយ។ ហេតុនេះ​លោកស្នើសុំឱ្យអាជ្ញាធរព្យាយាម​ផ្សព្វផ្សាយ និងចាត់វិធានការឱ្យបាន​ឆាប់រហ័ស និងជាទូទៅសម្រាប់គ្រប់តំបន់ដែលខ្លួនគ្រប់គ្រង ដើម្បីរក្សាឱ្យបាននូវតម្លៃ និងភាពថ្លៃថ្នូររបស់ប្រជាជនយើង។

គួរបញ្ជាក់ផងដែរថា កន្លងមក ​តាមរយៈ​ Facebook page របស់អគ្គស្នងការនគរបាលជាតិក៏បាន​បញ្ជាក់ផងដែរថា អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលបង្កការរំខានដោយចាស់ធុងបាស់ឮៗ នៅក្នុងភូមិសាស្ត្រដែលខ្លួនរស់នៅ។ ក្នុងនោះក៏មានករណីជាក់ស្តែងដែលអាជ្ញាធរបានឆ្លើយតបយ៉ាងល្អជាមួយប្រជាជនដោយ​ការផ្តល់ទទួលយកសំណើរបស់ប្រជាជនដែលបានផ្ញើមកក្នុងប្រអប់សាររបស់ស្ថាប័ន​ដ៏សំខាន់នេះ បន្ទាប់មក​បញ្ជូនព័ត៌មាននេះទៅមន្ត្រីមូលដ្ឋានវិធីដើម្បីចាត់វិធានការភ្លាមៗ។ ហេតុនេះប្រសិនបើប្រជាពលរដ្ឋធុញទ្រាន់​ជាមួយនឹងសំឡេងរំខានគួរកុំប្រើចំពាមបាញ់ចាបទៅបាញ់អ្នកផឹកស៊ី ឬប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហាអី អ្វីដែលគួរធ្វើ គឺរាយការណ៍ជាសម្ងាត់ទៅកាន់សមត្ថកិច្ចដើម្បីឱ្យសមត្ថកិច្ចមូលដ្ឋាន​ចុះធ្វើការអប់រំ និងដោះស្រាយតាមផ្លូវច្បាប់។ ប្រសិនបើយើងចូលរួមទាំងអស់គ្នា នោះ បញ្ហាសង្គមមួយនេះអាចនឹងត្រូវដោះស្រាយបានយ៉ាងរលូន និងសន្តិវិធី៕

 

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា