អាណាព្យាបាល និងមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះតែងតែយល់ថា ចំណាត់ថ្នាក់ក្នុងសាលា ឬពិន្ទុដែលបានមកពីការប្រឡងនៅក្នុងសាលាជាចំណុចកំណត់សមត្ថភាពជាក់ស្តែងរបស់មនុស្សថា ពូកែ ឬខ្សោយ។ ជាធម្មតា គេតែងតែកំណត់ស្តង់ដាបែបនេះ ដើម្បីបញ្ជាក់ ឬប្រមើលមើលលើវាសនារបស់មនុស្ស ឬសិស្ស ដែលតាមពិតទៅវាមិនមែនជារឿងត្រឹមត្រូវទាំងស្រុងនោះទេ។
ពិតជាក់ស្តែងណាស់ថា សិស្សដែលពូកែនៅក្នុងសាលាភាគច្រើនជាមនុស្សដែលមានសមត្ថភាពសិក្សាខ្ពស់ តែស្ថានភាពជាក់ស្តែងសិស្សដែលមិនបានទទួលពិន្ទុ ឬលេខល្អក៏មិនប្រាកដថាអន់ដែរ ព្រោះមនុស្សម្នាក់ៗមានសមត្ថភាព និងភាពប៉ិនប្រសប់ខុសៗគ្នា។ ជាក់ស្តែងដូចយើងបានឃើញហើយថា មនុស្សដែលបានពិន្ទុល្អៗនៅក្នុងសាលាខ្លះ មិនទទួលបានជោគជ័យក្នុងការរស់នៅនោះទេ ខណៈអ្នកល្មមៗមួយចំនួន បែរជាអាចទទួលបានការអភិវឌ្ឍជីវិតយ៉ាងឆាប់រហ័ស។ បញ្ហានេះ បញ្ជាក់ឱ្យឃើញថា ភាពរីកចម្រើនក្នុងការធ្វើការងារ ឬការរស់នៅវាមិនអាស្រ័យលើការដណ្តើមយកពិន្ទុនោះទេ តែវាអាស្រ័យការអភិវឌ្ឍទេពកោសល្យ និងសក្តានុពលផ្ទាល់ខ្លួនសម្រាប់ខ្លួនឯងទៅវិញទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Haward Gardner ដែលមនុស្សជាច្រើនស្គាល់ថា ជាអ្នកចិត្តសាស្ត្រដែលបង្កើតទ្រឹស្តីពហុបញ្ញា បានលើកឡើងថា មនុស្សម្នាក់ៗមានសមត្ថភាពមិនដូចគ្នាទេ ហើយយើងក៏មិនអាចកំណត់ថា មនុស្សណាម្នាក់ដែលបានពិន្ទុខ្ពស់ផ្នែកគណិតវិទ្យា ឬអក្សរសាស្ត្រជាមនុស្សពូកែគ្រប់រឿងបានដែរ។ តាមពិតទៅ លើពិភពលោកយើងនេះមានអាជីពច្រើនណាស់ ដែលមិនមែនត្រូវការតែមុខវិជ្ជាប៉ុន្មានមុខក្នុងកម្មវិធីសិក្សាជារួមនោះទេ ហេតុនេះការរកឱ្យឃើញនូវទេពកោសល្យពិតប្រាកដ ហើយអភិវឌ្ឍវាទើបជាចំណុចសំខាន់ដែលអាចធ្វើឱ្យយើងអាចដុសខាត់សមត្ថ-ភាពបានយ៉ាងល្អប្រសើរ។
តាមទ្រឹស្តីពហុបញ្ញា (Multiple Intelligence) បានបញ្ជាក់ថា មនុស្សទាំងអស់លើពិភពលោកមានភាពខ្លាំង 8ប្រភេទ គឺទី1មនុស្សមានទេពកោសល្យផ្នែកភាសា ទី2 មនុស្សពូកែផ្នែកតក្កវិទ្យា និងគណិតវិទ្យា ទី3 មនុស្សពូកែផ្នែកតន្ត្រី ទី4 មនុស្សពូកែផ្នែកចលនារាងកាយ ទី5 មនុស្សពូកែប្រមើលមើលពីលម្ហ ឬស្មានពីទ្រង់ទ្រាយក្នុងលម្ហ ទី6 មនុស្សពូកែទំនាក់ទំនង និងស្គាល់ពីមនុស្សដទៃ ទី7 មនុស្សពូកែពិចារណាពីខ្លួនឯង និងទី8 គឺមនុស្សពូកែផ្នែកធម្មជាតិ។ ហេតុនេះបើយោងតាមទ្រឹស្តីពហុបញ្ញានេះ មនុស្សម្នាក់ៗអាចមានសមត្ថភាពផ្ទាល់ៗខ្លួន និងល្អដូចៗគ្នាទៅតាមអាជីព និងលក្ខខណ្ឌនៃការរស់នៅ។ ជាក់ស្តែងប្រសិនបើមនុស្សម្នាក់គាត់ពូកែផ្នែកគណិតវិទ្យា គាត់អាចនឹងក្លាយជាវិស្វករ គណនេយ្យករ ឬអ្នកធ្វើការងារដែលត្រូវការគិតលេខ តែប្រសិនបើឱ្យគាត់ទៅលេងតន្ត្រី គាត់មិនប្រាកដថាធ្វើបានល្អនោះទេ តែផ្ទុយមកវិញ មានមនុស្សម្នាក់មិនពូកែផ្នែកគណិតវិទ្យា ឬមិនពូកែផ្នែកប្រវត្តិសាស្រ្តនោះទេ តែគាត់អាចលេងតន្ត្រីបានយ៉ាងប៉ិនប្រសប់។ សម្រាប់អាជីពនៅថ្ងៃអនាគត គាត់អាចនឹងក្លាយជាតន្ត្រីករ ឬអ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញក៏អាចថាបានដែរ។ ហេតុនេះប្រសិនបើយោងលើពិន្ទុនៅក្នុងសាលាទាំងស្រុង នោះយើងនឹងមិនអាចវាយតម្លៃលើមនុស្សណាម្នាក់បានទេ។
ចំណុចនេះជាចំណុចដ៏សំខាន់មួយដែលអាណាព្យាបាលនានា ជាពិសេសនៅក្នុងសង្គមកម្ពុជាគួរតែយកចិត្តទុកដាក់ក្នុងការស្វែងយល់ ព្រោះប្រសិនបើគាត់មិនយល់ពីចំណុចនេះទេ គាត់អាចនឹងស្តាយក្រោយ។ កន្លងមកមានអាណាព្យាបាលជាច្រើនបានដាក់សម្ពាធឱ្យកូន ឬអស់សង្ឃឹមដោយយល់ថា កូនរបស់គាត់នឹងមិនមានអនាគតល្អទេ ព្រោះកូនរបស់គាត់រៀនមិនបានចំណាត់ថ្នាក់ល្អនៅក្នុងសាលា។
ការបារម្ភនេះ មិនប្រាកដថាខុសទេ តែជាដំណោះស្រាយ គាត់គួរស្វែងយល់ពីកូនៗឱ្យបានច្បាស់ជាមុនសិន ថាតើកូនរបស់គាត់ជាមនុស្សពូកែផ្នែកអ្វីខ្លះ ដើម្បីឱ្យគាត់ងាយតម្រង់ទិសដៅ និងជួយគាត់ឱ្យសម្រេចក្តីស្រមៃទៅតាមទេពកោសល្យពីធម្មជាតិ។
កាលណាមនុស្សអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដុសខាត់សមត្ថភាពពីធម្មជាតិ គាត់អាចនឹងក្លាយជាមនុស្សម្នាក់ដែលមានថាមពលនៃការផ្តោតខ្ពស់ ព្រោះគាត់អាចធ្វើការសិក្សា ធ្វើការងារ និងរស់នៅជាមួយអ្វីដែលគាត់ស្រឡាញ់។ ហេតុនេះរាល់ពេលជួបឧបសគ្គនានា គាត់តែងតែមានភាពឆ្លាតវៃក្នុងការដោះស្រាយ និងអភិវឌ្ឍជំនាញនោះរហូតក្លាយជាអ្នកជំនាញដែលមនុស្សទូទៅទទួលស្គាល់។ ហេតុនេះជាជាងការវាយតម្លៃជារួមលើពិន្ទុក្នុងសាលា មនុស្សគួរចាប់ផ្តើមងាកមកផ្តល់តម្លៃលើភាពល្អប្លែកគេ (Unique) របស់មនុស្សវិញ ទើបអាចទាញយកប្រយោជន៍ ឬជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សជាវិជ្ជមានបាន៕