ការបង្ហាត់កុមារឱ្យមានទស្សនគតិ និងឧបនិស្ស័យក្នុងការរស់នៅឱ្យបានល្អត្រឹមត្រូវ ទាំងរឿងការចូលក្នុងសង្គម និងចេះហាត់មើលថែទាំសុខភាពតាំងពីអាយុនៅតិចៗ នឹងធ្វើឱ្យរឿងល្អៗទាំងអស់នេះនៅដក់ជាប់នឹងខ្លួនគេរហូតមួយជីវិត ហើយខាងក្រោមនេះ គឺជារឿងសំខាន់ៗដែលអាណាព្យាបាលសម័យថ្មីគួរតែបង្រៀនឱ្យកូនៗប្រត្តិបត្តិឱ្យក្លាយជាទម្លាប់និស្ស័យ ៖
1. ញើសសំបោរឱ្យអស់
រឹតតែបង្ហាត់ឱ្យកុមារឆាប់ចេះញើសសំបោរលឿនប៉ុនណា បញ្ហាសុខភាពរបស់ពួកគេនឹងឆាប់បានថយចុះលឿនប៉ុននោះដែរ ព្រោះច្រមុះដែលពោរពេញដោយសំបោរ គឺជាផ្នែកមួយនៃបញ្ហាត្រចៀក និងរោគផ្សេងទៀតជាច្រើន។
2. បរិភោគអាហារពេលព្រឹករាល់ថ្ងៃ
អាហារពេលព្រឹក គឺជាពេលអាហារដ៏សំខាន់បំផុត ព្រោះនឹងជួយឱ្យក្មេងគិត និងរៀនបានកាន់តែល្អឡើង អាណាព្យាបាលគួររកនឹកអាហារពេលព្រឹកប្លែកៗថ្មីៗ ដើម្បីឱ្យកូនៗមានអារម្មណ៍ចង់ញ៉ាំ ដោយសាកល្បងប្តូរពីបាយសាច់ជ្រូក មកជានំសាំងវិច ឬនំប៊ើហ្គ៊ើជាដើម។
3. ការពារស្បែករបស់ខ្លួនឯង
អ្នកដែលកើតរោគមហារីកស្បែកភាគច្រើន ច្រើនតែកើតដោយសារការហាលកម្ដៅថ្ងៃដែលសន្សំបន្តិចម្តងៗតាំងពីវ័យកុមារមកម្ល៉េះ។ ចូរបង្រៀនឱ្យកុមារយល់ដឹងអំពីរឿងនេះ និងលាបឡេការពារកម្ដៅថ្ងៃ មុនពេលចេញក្រៅផ្ទះគ្រប់ពេល។
4. កម្រើករាងកាយ និងហាត់ប្រាណ
កុមារៗឥឡូវនេះច្រើនតែចូលចិត្តអង្គុយលេងហ្គេមកុំព្យូទ័រ ឬមើលទូរទស្សន៍យូរៗដោយមិនកម្រើកខ្លួនទៅណា ធ្វើឱ្យអាចកើតជំងឺផ្សេងៗជាញឹកញាប់ ដូច្នេះឪពុកម្ដាយគួរបង្ហាត់ឱ្យគេចេះធ្វើកិច្ចការឯទៀតខ្លះផង ដូចជាបង្ហាត់ឱ្យចេះហាត់ប្រាណតាមរយ:ការធាក់កង់ ឬលេងបាល់បោះជាដើម។
5. ថែទាំសុខភាពមាត់ធ្មេញរបស់ខ្លួនឯង
បង្រៀនកូនៗថា ការមិនដុសសម្អាតធ្មេញ ឬបណ្តោយឱ្យធ្មេញពុក នឹងមានជំងឺអាក្រក់ផ្សេងទៀតកើតឡើង។ បង្រៀនឱ្យគេចេះដុសធ្មេញឱ្យបានត្រឹមត្រូវ និងនាំទៅទិញច្រាសដុសធ្មេញម៉ូដណាដែលគេស្រឡាញ់ ដើម្បីជាការជំរុញឱ្យគេកាន់តែចង់ដុសធ្មេញឡើង។
6. ខ្ទប់មាត់ និងលាងដៃពេលកណ្តាស់រួច
មានមេរោគច្រើនប្រភេទណាស់នៅក្នុងទឹកមាត់ពេលយើងក្អក ឬកណ្តាស់ចេញមក ដូចជា មេរោគផ្តាសាយ មេរោគកញ្រ្ចឹលជាដើម។ល។ បង្ហាត់ឱ្យក្មេងៗចេះលើកដៃខ្ទប់មាត់ពេលក្អក ឬកណ្តាស់ រួចហើយលាងដៃនឹងសាប៊ូឱ្យបានស្អាតដើម្បីការពារការចម្លងរោគទៅគ្នាទៅវិញទៅមក។
7. ខំប្រឹង និងព្យាយាម ដើម្បីធ្វើឱ្យបានល្អបំផុត មិនមែនដើម្បីឱ្យក្លាយជាមនុស្សពូកែបំផុតនោះទេ
នៅក្នុងពិភពនៃការប្រកួតប្រជែង និងសម្ពាធដែលគ្មានហេតុផល គ្មាននរណាម្នាក់ទទួលបានគ្រប់យ៉ាងដែលខ្លួនចង់បាននោះឡើយ។ ចូរបង្រៀនឱ្យកូនបានដឹងថា គេបានប្រើប្រាស់ភាពជំនាញរបស់គេយ៉ាងអស់ពីសមត្ថភាពហើយ នោះគឺជាមោទនភាពរបស់ខ្លួនយើង មិនមែនស្ថិតនៅលើការសម្រេចរបស់អ្នកដទៃនោះទេ។ បង្រៀនឱ្យគេយល់ថា កុំរីករាយនឹងរង្វាន់ខ្លាំងជ្រុលពេក តែចូរផ្តល់ភាពសំខាន់ទៅលើការអភិវឌ្ឍ និងលទ្ធផលនៃការព្យាយាមរបស់ខ្លួនយើងវិញ ទើបប្រសើរជាង។
8. ចេះបរិភោគអាហារដែលមានគុណប្រយោជន៍
កុំឱ្យកុមារញៀនអាហារដែលមិនសូវមានប្រយោជន៍រហូតក្លាយជានិស្ស័យ ដែលនាំឱ្យកើតរោគធាត់ និងប្រថុយនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលធំឡើង។ ចូរបង្ហាត់កូនឱ្យចេះបរិភោគបន្លែ និងផ្លែឈើដែលមានគុណប្រយោជន៍ឱ្យបានញឹកញាប់។
9. ចូលបន្ទប់ទឹករៀងរាល់ពេលព្រឹក
កុមារគួរតែត្រូវបានបង្ហាត់ឱ្យយល់ដឹងពីការបន្ទោបង់ប្រចាំថ្ងៃ។ គ្រូពេទ្យបានបញ្ជាក់ថា អាការដាស់តឿនទាក់ទិននឹងប្រព័ន្ធបន្ទោបង់របស់រាងកាយតែងកើតឡើងច្រើនបំផុត គឺក្នុងអំឡុងពេលក្រោយអាហារពេលព្រឹក ហើយក្មេងៗគួរតែមានពេលចូលបន្ទប់ទឹកនៅពេលនោះ។
10. ចេះគ្រប់គ្រងកំហឹងមិនថាតែអាការក្រេវក្រោធ ឬការបញ្ចេញទឹកមុខបង្ហាញពីអារម្មណ៍ជំនួសឱ្យការទម្លាយវាចេញមកក៏ដោយ អាណាព្យាបាលគួរបង្ហាត់ឱ្យកូនៗចេះទប់ និងគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង និងចេះសម្របសម្រួលក្នុងគ្រប់ស្ថានការណ៍ ដោយប្រាប់កូនៗថា អារម្មណ៍ទាំងនោះមិនល្អទេ។ ត្រូវចេះពិចារណាក្នុងកម្រិតណាមួយសិន មុននឹងបង្ហាញវាចេញមក ឬក៏បោះបង់់វាចោល មិនបាច់នឹកដល់វាតែម្តង រឹតតែប្រសើរទៅទៀត។
រឿងការមើលថែទាំកុមារ ប្រៀបដូចជាការដាំដើមឈើដែរ បើសិនជាមនុស្សធំយកចិត្តទុកដាក់ ឧស្សាហ៍រៀបចំតុបតែង និងផ្តល់ឱ្យនូវអ្វីដែលស័ក្តិសមនោះ ដើមឈើជាទីស្រឡាញ់របស់យើងនឹងរីកលូតលាស់ធំធាត់យ៉ាងល្អស្អាត និងរឹងមាំមិនខាន៕