Skip to content

ភ័យរន្ធត់.. សើចចុកពោះ ! ភាពយន្ដ «វិញ្ញាណតៃហោង» ប្រមូលផ្ដុំតារាសម្ដែងល្បីៗចាប់បញ្ចាំងហើយ

ភាពយន្តខ្នាតធំរឿង “វិញ្ញាណតៃហោង” របស់ផលិតកម្មបដិហារ្យភាពយន្ត បានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយនៅរាត្រីថ្ងៃទី2 ខែមីនា ឆ្នាំ២០២០នេះនៅរោងភាពយន្ត Legend ស៊ីធីម៉ល ក្រោមវត្តមានតារាល្បីៗចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីសម្ពោធភាពយន្តខាងលើលោក ស៊ុម ភារិន ចាងហ្វាងផលិតកម្ម “បដិហារ្យភាពយន្ត” បានឲ្យដឹងថា រឿង “វិញ្ញាណតៃហោង” គឺជាស្នាដៃទី៩របស់ផលិតកម្មលោក ដោយបានចំណាយវេលាថតអស់រយៈពេល៦ខែ មុនប្រកាសដាក់បញ្ចាំងនៅថ្ងៃនេះ។ ឯគុណភាព សាច់រឿង ព្រមទាំងប្លង់ថតគឺល្អជាងរឿងមុនៗ ដោយបានសម្រិតសម្រាំងឡើងជាពិសេសតែម្ដង។

មូលហេតុដែលលោក ហ៊ាននិយាយថារឿង “វិញ្ញាណតៃហោង” ល្អនិងពិសេសជាងរឿងមុនៗដោយសារតែសាច់រឿងប្រទាក់ក្រឡាគ្នា ជាមួយអត្ថន័យអប់រំជាច្រើនដល់សង្គមខ្មែរនាពេលបច្ចុប្បន្ន។ បន្ទាប់ពីរឿងនេះទៅលោក ត្រៀមនឹងផលិតភាពយន្តថ្មីដែលមានរសជាតិថ្មី “បុរសសាច់កម្ម” ជាប្រភេទបែបស្នេហាបែបកំប្លែង។

“វិញ្ញាណតៃហោង” ជារឿងខ្មោចបែបភ័យរន្ធត់ព្រឺព្រួចលាយលំជាមួយឈុតឆាកកំប្លែងជាច្រើន ធ្វើឲ្យទស្សនិកជនទស្សនាហើយទប់សំណើចមិនបាន ដែលគ្រោងនឹងដាក់បញ្ចាំងនៅរោងភាពយន្តគ្រប់រោងភាពយន្តទំនើបៗ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *