ជប៉ុន៖ សណ្ឋាគារមួយនៅក្នុងខេត្ត Aichi បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅប្រទេសជប៉ុន ដែលបានដាក់ពាក្យសុំក្ស័យធន ដោយសារតែចំនួនភ្ញៀវមកស្នាក់នៅ បានថយចុះយ៉ាងគំហុក ខណៈអាសន្នរោគកំពុងរាតត្បាតប្រទេសនេះ។
សណ្ឋាគារ Fujimiso នៅក្នុងតំបន់ Gamagori នៃខេត្ត Aichi កាលពីសប្ដាហ៍មុនបានប្រកាសថានឹងដាក់ពាក្យសុំក្ស័យធនទៅកាន់តុលាការខណ្ឌ Nagoya ក្នុងទីក្រុង Toyohashi ខេត្ត Aichi ប្រទេសជប៉ុន។ នេះគឺជាក្រុមហ៊ុនដំបូងគេបង្អស់នៃប្រទេសជប៉ុន ដែលត្រូវក្ស័យធនទាក់ទិននឹងវិបត្តិអាសន្នរោគ Covid-19។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុនស្រាវជ្រាវ Tokyo Shoko Research។
សណ្ឋគារ Fujimiso បានចាប់ផ្ដើមផ្ដោតទៅលើការទាក់ទាញភ្ញៀវទេសចរពីប្រទេសចិនក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ចាប់ពីខែមករា ភ្ញៀវទេសចរពីប្រទេសចិន បានលុបចោលការកក់បន្ទប់ជាបន្តបន្ទាប់ ធ្វើឱ្យសណ្ឋាគារនេះជួបបញ្ហាហិរញ្ញវត្ថុ។ សណ្ឋាគារនេះ បានបង្កើតឡើងកាលពីឆ្នាំ1956 ហើយបច្ចុប្បន្ន មានទុន96លានយ៉េន។
មន្ត្រីផ្នែកទេសចរណ៍បានឱ្យដឹង ភ្ញៀវទេសចរចិនដែលលុបចោលការកក់សណ្ឋាគារនៅជប៉ុន នឹងកើនឡើងដល់ 400,000ក្រុមនៅចុងខែនេះ ដោយសារតែការរាតត្បាតខ្លាំងនៃអាសន្នរោគកូរ៉ូណា។ សមាគមក្រុមហ៊ុនទេសចរណ៍ជប៉ុនយល់ថា តួលេខពិតអាចនឹងខ្ពស់ជាងនេះច្រើន ព្រោះថាពួកគេមិនទាន់បានបូករួមទាំងក្រុមអ្នកទេសចរដែលមកក្នុងនាមបំពេញបេសកកម្មនៅឡើយ។
យោងតាមការស្ទង់មតិអនឡាញដែល Tokyo Shoko Research បានធ្វើឡើងទៅលើក្រុមហ៊ុនចំនួនជាង12,300ចាប់ពីថ្ងៃទី7កុម្ភៈ ដល់26កុម្ភៈ បានឱ្យដឹងថា 66% បានប្រាប់ថា ពួកគេទទួលរងផលប៉ះពាល់ពីអាសន្នរោគកូរ៉ូណា ដូចជាបញ្ហាអតិថិជនលុបចោលដំណើរទេសចរណ៍ សង្វាក់ផ្គត់ផ្គង់ត្រូវអាក់ខាន និងប្រាក់ចំណូលត្រូវថយចុះជាដើម។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Japan Times។
គិតមកដល់ពេលនេះ ប្រទេសជប៉ុន មានអ្នកស្លាប់ដោយសារជំងឺកូរ៉ូណាចំនួន 6នាក់ និងមានអ្នកជំងឺចំនួន 256នាក់ ដែលនេះមិនទាន់បានបូករួមទាំងអ្នកជំងឺនៅលើនាវា Diamond Princess នៅឡើយ។ នៅទូទាំងពិភពលោក អ្នកស្លាប់ដោយសារអាសន្នរោគ Covid-19 បានកើនដល់3,048នាក់ និងអ្នកបានឆ្លងមេរោគនេះ មានចំនួនជាង 89,198នាក់៕
ប្រភព៖ សារព័ត៌មានបរទេស