ក្រសួងសុខាភិបាលបានអះអាងថា កម្ពុជាមិនទាន់មានករណីឆ្លងជំងឺកូរ៉ូណាថ្មី ឬ COVID-19 នោះទេ ដើម្បីឆ្លើយតបទៅនឹងព័ត៌មាននៅលើបណ្ដាញសង្គមថាកម្ពុជាបានឆ្លងជំងឺកូរ៉ូណាថ្មី ឬ COVID-19។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូរ៉ូណាថ្មី ឬ COVID-19 នៅកម្ពុជា នារសៀល ថ្ងៃទី02 ខែមីនា ឆ្នាំ2020 ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ “មន្រ្ដីសុខាភិបាលបានតាមដាន និងពិនិត្យកំហាក រហូតមកទល់ពេលនេះ គឺមិនទាន់បានរកឃើញពលរដ្ឋកម្ពុជាណាម្នាក់ បានឆ្លងជំងឺកូរ៉ូណាថ្មី ឬ COVID-19 នៅឡើយនោះទេ មិនដូចការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមនោះឡើយ”។
ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ “ការពិនិត្យកំហាកនេះ ដើម្បីធានាឱ្យច្បាស់លាស់ជូនដល់ប្រជាពលរដ្ឋ កុំឱ្យមានការភាន់ច្រឡំ និងមានភាពភ័យខ្លាចដល់សាធារណជន”។
ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា៖ “ក្រសួងនឹងបន្ដតាមដានជំងឺកូរ៉ូណាថ្មី ឬ COVID-19 ជាប់ជាប្រចាំ ដើម្បីការពារ និងអាចព្យាបាលបានឱ្យទាន់ពេលវេលា ហើយចៀសវាងឆ្លងរីករាលដាលបន្ដទៀត”។
លោកស្រីតំណាងអង្គការសុខភាពពិភពលោក បានកោតសរសើរមន្រ្ដីសុខាភិបាលកម្ពុជា ដែលធ្វើការតាមដានការងារស្វែងរកជំងឺកូរ៉ូណាថ្មី ឬ COVID-19 បានយ៉ាងល្អ និងមានភាពច្បាស់លាស់។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញការឆ្លងមួយករណីនៅលើខ្លួនជនជាតិចិនម្នាក់ដែលធ្វើដំណើរពីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយជនជាតិចិនម្នាក់នោះត្រូវបានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឱ្យចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញដែរ។ ប៉ុន្ដែថ្មីៗនេះ មានការដួលសន្លប់ និងស្លាប់នោះ មិនមែនជាជំងឺកូរ៉ូណាថ្មី ឬ COVID-19 នោះទេ៕
ប្រភព៖ ក្រសួងព័ត៌មាន